សមត្ថកិច្ចខណ្ឌព្រែកព្នៅ ចុះកាយ ទីតាំងចាក់ដី និងដាក់លូ ខុសបច្ចេកទេសនៅស្រះលួងចំនួន៤កន្លែង 

0
484

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៥ ខែមករានេះ លោក ជា ខេម៉ា អភិបាលរងខណ្ឌព្រែកព្នៅបាន ដឹកនាំកម្លាំងចំរុះរបស់ខណ្ឌ ដាក់គ្រឿងចក្រចុះកាយដីដែលបានចាក់ លើប្រឡាយស្រះលួង ដែលជាស្រះបុរាណ និងប្រឡាយកងទ័ព ចំនួន៤កន្លែង និង ដាក់លូខុសលក្ខណៈបច្ចេកទេសបិទច្រកផ្លូវលំហូរទឹក នៅភូមិស្រែដូនតូច​សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

លោក  ខុន វាសនា ប្រធានការិយាល័យអន្ដរវិស័យខណ្ឌព្រែកព្នៅ ដែលបានចូលរួមក្នុងប្រតិបត្តិការ នេះបានឲ្យដឹងថាដោយសារការចាក់ដីទប់ និងដាក់លូកាត់ប្រឡាយស្រះលួងខុសបច្ចេកទេស កន្លងមក មានការលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅប៉ែកខាងលើ ហើយប្រជាពលរដ្ឋបានប្ដឹងទៅរដ្ឋបាលរាជធានីភ្នំពេញ ពេលនោះសមត្ថកិច្ចខណ្ឌបានចុះទាំងយប់មកពិនិត្យទីតាំងលិចទឹកនោះ។ឥឡូវនេះប្រឡាយស្រះលួងមានច្រកផ្លូវ៣ ដែលគេបានចាក់ដីកាត់ប្រឡាយដើម្បីធ្វើផ្លូវ ដោយដាក់លូខុសបច្ចេកទេស ក្នុងទំហំមុខកាត់៦តឹក ដែលមិនអាចឲ្យទឹកនៅតំបន់នេះហូរទាន់ ព្រោះប្រឡាយលួងនោះជាប្រឡា​យពីបុរាណ មានវិសាលភាពធំទូលាយ ជាផ្លូវលំហូររំដោះទឹក មានកម្លាំងខ្លាំងដែលធ្លាក់ពីភ្នំបាសិត និងពីស្រុកអង្គស្នួលខេត្តកណ្ដាល ទៅកាន់តំបន់ទំនាបក្នុងស្រុកពញាឮ។

លោកបានបញ្ជាក់ថា ម្ចាស់ដែលបានចាក់ដីកាត់ ប្រឡាយស្រះលួងនេះទាំង៣ទីតាំង និងប្រឡាយកងទព័១ទីតាំងផង ត្រូវបានអាជ្ញាធរខណ្ឌចុះធ្វើកំណត់ហេតុ និងណែនាំពួកគាត់ម្ដងរួចមកហើយ បន្ទាប់មក លោក សុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានចុះណែនាំដោយផ្ទាល់ទៀត ឲ្យគាត់ដាក់ពាក្យស្នើសុំទៅរដ្ឋបាលខណ្ឌ ដើម្បីខណ្ឌដាក់មន្ដ្រីជំនាញចុះមកពិនិត្យស្ថានក្នុងការដាក់ប្រព័ន្ធលូឬធ្វើស្ពានឲ្យបានសមស្រប ដើម្បីឲ្យទឹកហូរបានលឿន មិនរាំងស្ទះបង្កភាពលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅប៉ែកខាងលើ។

ប៉ុន្ដែនៅចុងក្រោយនេះ រដ្ឋបាលខណ្ឌបានជូនដំណឹងដល់ម្ចាស់ទីតាំងទាំង៤ ដែលមានម្ចាស់ឈ្មោះឡា យូ ឈ្មោះ ប៊ុត ថុល ឈ្មោះ អែម សុរាស្យា ឲ្យមកសុំច្បាប់ទម្លាប់ ដោយទុករយៈពេល៧ថ្ងៃ ប៉ុន្ដែពួកគាត់មិនព្រមអនុវត្តតាម ទើបគណៈបញ្ជាការឯកភាពខណ្ឌ ដាក់កម្លាំងនិងគ្រឿងចក្រចុះកាយតែម្ដង។

លោក ខុនវាសនា បានឲ្យដឹងដែរថា ក្នុងប្រតិបត្តិការនេះ អាជ្ញាធរចង់ឲ្យម្ចាស់ ទីតាំងចាក់ដីនិងដាក់លូខាងលើចេញមុខ ដើម្បីសមត្ថកិច្ចធ្វើការណែនាំឲ្យគាត់អនុវត្តការសាងសង់ឲ្យត្រូវ ទៅតាមវិធានបច្ចេកទេស តែគេពុំឃើញមានសាម៉ីទីតាំងទាំងនោះចេញមុខឡើយ ទីបំផុតអាជ្ញាធរ អនុវត្តវិធានការរបស់ខ្លួនទៅដោយរលូន ដោយបានកាយបើកទុកច្រកទឹកយ៉ាងជ្រៅ ក្នុងទំហំ១០ម៉ែត្រ៕

Facebook Comments
Loading...