សមាគមកីឡាតេក្វាន់ដូ WT រាជធានីភ្នំពេញ រៀបចំការប្រកួត ជើងឯក លើកទី៥អបអរខួបលើកទី៤១ ទិវាជ័យជម្នះ៧មករា

0
824

ភ្នំពេញ ៖ សមាគមកីឡាតេក្វាន់ដូ រាជធានីភ្នំពេញ បានរៀបចំ ការប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូ WT លើកទី៥ ឆ្នាំ២០២០ ដើម្បីអបអរសាទរខួបលើកទី៤១នៃ ទិវាជ័យជម្នះ៧មករា ដោយបានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃអាទិត្យម្ស៉ិលម៉ិញ នៅក្លឹបតេក្វាន់ដូ វិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ។

លោក ជ័យ ចាប ទីប្រឹក្សាក្រសួងព្រះបរមរាជរាំង និង ជាប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញ មានប្រសាសន៍ថា វិស័យតេក្វាន់ដូ បច្ចុប្បន្ននេះ ជាកីឡារបស់ពិភពលោកមានអត្តពលិក ជាង២០០ប្រទេស ដែលកំពុង ធ្វើការហ្វឹកហាត់ ដោយយកចិត្តទុកដាក់បំផុតដូច្នេះនៅកម្ពុជាយើង ក៏បានបង្កើតក្លិបកីឡាតេក្វាន់ដូជាច្រើន នៅ តាមរាជធានី-ខេត្ត រួមបញ្ចូលទៅជាសមាគមតេក្វាន់ដូ ដែលមានខេមរសហព័ន្ធតេក្វាន់ដូជាអ្នក ទទួលខុសត្រូវ ចំពោះ មុខស្ថាប័នកីឡា ពិសេសក្រសួងអប់រំ យុវជននិងកីឡា តាមរយៈសកម្មភាពនេះ។

លោកបន្តថា ការលេងកីឡានាំឲ្យយើងមានសុខភាពល្អ រឹងមាំ កម្លាំងខ្លាំងក្លា បញ្ញាវាងវៃ គឺជាមនុស្ស ដែលមានក្តីសង្ឃឹមខ្ពស់សម្រាប់អនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិទំាងមូល ក៏ជាជំហានមួយ ដើម្បីក្លាយ ជាកីឡាករ-កីឡាការិនិថ្នាល និងជាកីឡាករ-កីឡាការិនិកម្រិតខ្ពស់ពិតប្រាកដនាថ្ងៃអនាគត ជាពិសេសគឺគោលដៅក្នុងក្តីសង្ឃឹម ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

ចំណែកលោក សំ សុខយី អគ្គលេខាធិការសមាគមតេក្វាន់ដូរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការ បច្ចេកទេសរៀបចំការប្រកួតគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះទាក់ទាញបានការចូលរួមពីកីឡាករ កីឡាការិនីសរុបចំនួន ៨១នាក់ មកពីខេត្តកំពង់ចាម និងបណ្តាក្លឹបនានានៅរាជធានីភ្នំពេញសរុប៩ ក្លឹប ហើយគណៈ កម្មការបច្ចេកទេសបានសម្រិ​តសម្រាំងបានម្ចាស់ជ័យលាភីពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ និងលេខ៣ស្ទួន លើ១២ វិញ្ញាសា ក្នុងនោះមានលោតទាត់៤វិញ្ញាសា និងសំដែងមេគុនចំនួឮ៨វិញ្ញាសា។

គួរបញ្ជាក់ថា ការប្រកួតនេះផ្ដោតសំខាន់ ទៅលើកីឡាករវ័យក្មេងដើម្បីលើកកម្ពស់សមត្ថភាពរបស់ពួកគេឲ្យកាន់តែប្រសើរសម្រាប់ប្រកួតប្រជែង ក្នុងការប្រកួតថ្នាក់ជាតិ និង អន្ដរជាតិពិសេការប្រកួតក្នុង ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា៕

Facebook Comments
Loading...