រឿង «កុំងាកក្រោយ» របស់ផលិតកម្ម « Galaxy Navatra »មានឈុតឆាកភ័យរន្ធត់តាំងពីដើមរហូតដល់ចប់

0
146

ភ្នំពេញ ៖ រឿង «កុំងាកក្រោយ» ដែលជាស្នាដៃទី២ របស់ផលិតកម្ម « Galaxy Navatra » បានដាក់សម្ផោធជាផ្លូវការ នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅរោងភាពយន្ត អេឌីន បឹងកក់ ដោយមានតារាសិល្បៈជាច្រើនដួង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈក្រោយពីបញ្ចេញរឿងទី១ “កំពូលល្ងង់នៅអាស៊ី” នៅ ពេលនេះផលិតកម្ម Galaxy របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញស្នាដៃទី២ ទៀតហើយ គឺរឿង “កុំងាកក្រោយ ” ដែលជាស្នាដៃដឹកនាំរឿងរបស់ រ៉ូណាន ចាន់ណា។ នេះជារសជាតិថ្មីរបស់ផលិតកម្ម ដែលរឿងទី១ជាប្រភេទរឿង កំប្លែង សើច សប្បាយ ប៉ុន្តែរឿងទី២ នេះវិញគឺប្រភេទរឿងភ័យរន្ធត់ ព្រឺព្រួច បើនៅម្នាក់ឯង ស្ទើរមិន ចង់ហ៊ានមើល។

បើយោង តាមការបញ្ជាក់របស់លោក ចាន់ណា រ៉ូណាន់ អ្នកនិពន្ធ និងដឹកនាំរឿងបានលើកឡើងថា នេះជាស្នាដៃដែលលោកបានដាក់ចិត្តដាក់បេះដូង កម្លាំងកាយចិត្តរួមគ្នាជាមួយសិល្បករ និងក្រុមការងារ ដើម្បីបង្កើតឲ្យបានភាពយន្តដែលមានគុណភាព និងបំពេញចិត្តទស្សនិកជន។ ទោះឆ្លងកាត់ការលំបាក ពិសេសការថតរហូតដល់យប់ជ្រៅ ទីតាំងនៅខេត្តបាត់ដំបង ប៉ុន្តែក្រុមការងារ សិល្បករពិតជាសប្បាយចិត្តដែលស្នាដៃមួយនេះត្រៀមចាក់បញ្ចាំង។

ចំណែកលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ដែលជាម្ចាស់ផលិតកម្មបានថ្លែងថា ភាពយន្តរឿង «កុំងាកក្រោយ» ត្រូវបានផលិតជិតរយៈពេលកន្លះឆ្នាំ ទម្រាំបានបញ្ចាំង ដោយលោកឧកញ៉ា រំពឹង យ៉ាង ខ្លាំងថា ភាពយន្តនេះ នឹងទទួលបានភាពជោគជ័យ និងមានការគាំទ្រច្រើន ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ពីព្រោះសម្អាងថា ជារឿងដែលមានរូបភាពភ្លឺច្បាស់ល្អ សម្លេងស្ដង់ដា និងមានគុណភាព ពេញលក្ខណៈជាភាពយន្ត និងមានឈុតឆាកភ័យរន្ធត់តាំងពីដើមរហូតដល់ចប់ គឺទាក់ចិត្តតែម្តង។

លោកឧកញ៉ាវ័យក្មេងរូបនេះ បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ផលិតកម្មរបស់លោក និងត្រៀមរៀបចំដើម្បីផលិតនូវរឿងថ្មីៗទៀតជាច្រើន ដើម្បីបំពេញតាមសេចក្ដីត្រូវការ របស់ប្រិយមិត្ត។

លោកបានបន្ថែមថា រឿងទាំងពីររបស់ផលិតកម្ម លោកផលិតកន្លងមកនេះ គ្រាន់តែជាការ ឆាប់ផ្ដើមដំបូងប៉ុណ្ណោះ។ លោកឧកញ៉ាបន្ដថា លោកមានមហិច្ឆតាធំ ដោយចង់ផលិតរឿងជាច្រើន ទៀតដើម្បីបង្ហាញពី គុណភាព និងស្នាដៃរបស់កូនខ្មែរ ដើម្បីយកទៅប្រកួត ប្រជែងនៅលើទីផ្សារ អន្ដរជាតិទៀតផង។ រឿង «កុំងាកក្រោយ» នេះបានចំណាយថវិការអស់ប្រមាណជា ៦ម៉ឺនទៅ ៨ម៉ឺនដុល្លារផងដែរ។

រឿង «កុំងាកក្រោយ» ចូលរួមសម្តែងដោយ តារាសម្តែងជាច្រើនរូបរួមគ្នាមានដូចជាលោកទ្រី តារាវុធ កញ្ញាឆាយ នីតា លោកជា លាងឈែ លោកភីម៉ៃ លោកស្រីអ៊ុ សក្ខណា និងតារាសម្តែងជាច្រើនរូបទៀត។ ការដាក់លក់សំបុត្រជាផ្លូវការ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅគ្រប់រោងភាពយន្តទាំងអស់ក្នុង រាជធានីភ្នំពេញ។ តាមកាលវិភាគក្រៅ ពី នៅ ភ្នំពេញ បងប្អូនប្រិយមិត្ត នៅតាមបណ្ដាខេត្ត ដូចជាបាត់ដំបង – សៀមរាប – ព្រះសីហនុ – បន្ទាយមានជ័យ-ប៉ោយប៉ែត-តំបន់ អ្នកលឿង – ស្វាយរៀង និងខេត្ត កំពង់ចាម ក៏អាច ទស្សនាព្រមៗគ្នាផងដែរ៕

Facebook Comments
Loading...