ប្រជាពលរដ្ឋ១៣០គ្រួសារដែលមានដីក្នុងផ្លូវល្បឿនលឿន កំពុងព្រួយបារម្មណ៍ព្រោះសំណងមិនទាន់ត្រូវបានដោះស្រាយ

0
400

ភ្នំពេញ ៖ ប្រជាពលរដ្ឋរហូតដល់ទៅ ១៣០គ្រួសារ ដែលមានដីនៅទីតាំងស្ថិតក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយបច្ចប្បន្នពួកកំពុងព្រួយបារម្មណ៍ ដោយសារតែមិនទាន់ត្រូវបានដោះស្រាយសំណងចប់សព្វគ្រប់នៅឡើយទេ ខណៈការស្ថាបនាផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដំណើរការសាងសង់បាន៧% ហើយនោះ។

ដីធ្លីដែលរងផលប៉ះពាល់ក្នុងចំណោមប្រជាពលរដ្ឋជាង ១០០គ្រួសារ គឺជាប្រភេទដីឡូតិ៍ ដែលពួកគាត់បានទិញពីក្រុមហ៊ុនឯកមួយ ក្នុងតម្លៃចាប់ពី៤.០០០ដុល្លារអាមេរិក រហូ​ត​ដល់ ២០.០០០ដុល្លារអាមេរិក មានប្លង់រឹងត្រឹមត្រូវ ដែលចេញដោយអាជ្ញាធរផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ មានគ្រួសារខ្លះបានដាក់ប្លង់ដីនៅឯស្រុកកំណើត ទៅខ្ចីលុយធនាគារ ដើម្បីទិញដីឡូតិ៍នោះដោយសង្ឃឹមថា ខ្លួននឹងបានសាងសង់ផ្ទះនៅក្បែររាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។

បន្ទាប់ពីទិញដីធ្លីរួចរាល់ហើយ ដោយសារដីទាំងនោះស្ថិតក្នុងគម្រោងផ្លូវល្បឿនលឿន អាជ្ញាធរមូលដ្ឋានបានប្រាប់ពួកគាត់ កុំឲ្យសាងសង់ផ្ទះសម្បែង គឺត្រូវរង់ចាំអាជ្ញាធរដោះស្រាយ និងសងសំណងជូនជាមុនសិន ដើម្បីបានទៅទិញដីកន្លែងផ្សេងទៀត។ ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋរងគ្រោះ បានអះអាងថា ពួកគាត់នៅមិនទាន់បានសំណងនៅឡើយទេ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ, ក្រុមប្រជាពល​រដ្ឋ ដែលមិនទាន់បានសំណង បានសំណូមពរយ៉ាងទទួចដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «សូមមេត្តាជួយអន្តរាគមន៍ដោះស្រាយផង ត្បិតពួកគាត់សព្វថ្ងៃមានអ្នកខ្លះ កំពុងជួលផ្ទះគេស្នាក់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ»។ ពួកគាត់ ថែមទាំងសំណូមពរឲ្យរាជរដ្ឋាភិបាល «មេត្តាសងសំណងតាមតម្លៃដីលើទីផ្សារ ដើម្បីឲ្យពួកគាត់អាចយកសំណងនោះ ទៅទិញដីកន្លែងផ្សេងទៀត»។

ប្រជាពលរដ្ឋរងគ្រោះឈ្មោះ តាំង ឡេងឆាយ បានថ្លែងថា «ធ្វើបង្កាន់ដី និងវាស់វែងអស់ហើយ ប៉ុន្តែការសងសំណងយូរ អញ្ចឹងខ្ញុំចង់ឲ្យខាងរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគន៍ពន្លឿនការសង ដោយសារដីកាន់តែឡើងថ្លៃ ហើយប្រជាជនទិញដីហ្នឹង អ្នកខ្លះយកលុយធនាគារ។ ជួលផ្ទះផល និងបង់ថ្លៃដីឡូតិ៍ផង គ្នាពិបាករត់ណាស់ អញ្ចឹងការរស់នៅពិបាកណាស់ ដោយសារគ្នាសង់ផ្ទះនៅក៏មិនបាន»។

ចំណែកពលរដ្ឋម្នាក់ទៀត ឈ្មោះ រ៉ា ណូ បានបង្ហាញការអស់សង្ឃឹមយ៉ាងខ្លាំងចំពោះសំណង ដែលធ្លាប់អះអាងពីអាជ្ញាធរមូលដ្ឋានថា នឹងត្រូវដោះស្រាយជូននោះ។លោកបញ្ជាក់ថា៖ «បងប្អូន ដែលប៉ះពាល់ជាង ១០០គ្រួសារនេះ ចង់ដឹងពេលវេលាច្បា​ស់លាស់ ឲ្យពួកយើងបានដឹងផង ដោយសារពួកយើងអត់ទាន់មានសង្ឃឹម វាយូរពេក។ ម្ខាងបង់លុយធនាគារ ម្ខាងជួលផ្ទះគេ ដល់ចឹងវារត់អត់រួច យើងមានកង្វល់ណាស់»។

រៀបរាប់បណ្តើរ លើកដៃសំពះបណ្តើរ លោកស្រី ចន្ថន បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ដែលធ្លាប់សង្ឃឹមថា ក្រោយពីទិញដីហើយ បានធ្វើផ្ទះនៅ ប៉ុន្តែអ្វីៗត្រូវបានជាប់គាំង ដោយសារដីនេះស្ថិតក្នុងគម្រោងផ្លូវល្បឿនលឿន។

លោកស្រីបញ្ជាក់ថា៖ «ពេលយើងទិញដី យើងសង្ឃឹមថាបានធ្វើផ្ទះនៅលើហ្នឹង ដល់ពេលឥឡូវធ្វើផ្លូវល្បឿនលឿនយើងគាំង យើងមិនអាចធ្វើផ្ទះបានទេ។ ទីមួយ ខ្ញុំសុំឲ្យសងសំណងបានលឿន និងទីពីរ សូមសងក្នុងតម្លៃទីផ្សារបច្ចុប្បន្ន»។

រីឯលោក ឡេង ធឿន គឺជាប្រជាពលរដ្ឋម្នាក់ ដែលបានដាក់ប្លង់ដីនៅឯស្រុកកំណើត យកទៅខ្ចីលុយធនាគារ ក្នុងគោលបំណងទិញដី និងសង់ផ្ទះរស់នៅ។ ប្រជាពលរដ្ឋ ដែលបានទិញដី និងសាងសង់ផ្ទះទៅហើយនោះ បានសម្តែងការបារម្ភយ៉ាងខ្លាំង ដោយសារដឹងថាផ្ទះខ្លួននឹងត្រូវវាយចោលវិញ។ ក្នុងដៃមានឯកសារខ្ចីលុយធនាគារផងនោះ លោក ឡេង ធឿន បានបញ្ជាក់ថា៖ «បើសិនជាផ្ទះត្រូវឈូស មានតែយើងទៅនៅផ្ទះជួលបណ្តោះអាសន្ន។ កាលខ្ញុំទិញដី ខ្ញុំបានដាក់ប្លង់ផ្ទះនៅស្រុកបង»។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕

Facebook Comments
Loading...