ជើងឯកថ្នាក់ជាតិការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ”ទូកនាគ”ទូកកានូ-កាយ៉ា​ក់ ឆ្នាំនេះធ្វើឡើងនៅបឹងតាមោគ ក្នុងខណ្ឌព្រែកព្នៅ

0
1629

ភ្នំពេញ ៖ សហព័ន្ធកីឡាទូកកានូ​ និង រ៉ូអ៊ីង​កម្ពុជា​ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ​ នឹងរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ “ទូកនាគ​”​ ទូកកានូ​-កាយ៉ាក់​ជ្រើសរើសជើងឯកថ្នាក់ជាតិ​ ពានរង្វាន់សម្តេចក្រឡាហោម​ ស​ ខេង​ លើកទី​៦​ ឆ្នាំ២០១៩​ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី​ ១៤-១៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅបឹងតាមោក​ ក្នុងខណ្ឌ​ព្រែកព្នៅ​ រាជធានីភ្នំពេញ​។

នេះជាលើកដំបូងហើយ ដែលការប្រណាំងទូកប្រភេទនេះ ត្រូវធ្វើឡើងនៅបឹងតាមោគ ព្រោះថាកាលពីឆ្នាំមុនៗ ការប្រណាំងបែបនេះតែងធ្វើឡើង នៅដងទន្លេបាសាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពទីតាំង សម្រាប់ព្រឹត្តិការប្រណាំងទូកខាងលើ នាព្រឹកថ្ងៃទី១១ ខែធ្នូនេះ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះគណៈកម្មាការរៀបចំ ពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី  ដែលបានកំណត់យកទីតាំងបឹងតាមោគនេះ ធ្វើជាកន្លែងប្រកួត ប្រណាំងទូកដ៏ធំដែលជាការទាក់ភ្ញៀវទេសចរ មកកំសាន្ដ និងបង្កលក្ខណៈសប្បាយរីក​រាយដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅផងដែរ។

លោក អភិបាលខណ្ឌបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរដែនដីលោកនឹងខិតខំប្រឹងប្រែងក្នុងការការពារសន្ដិសុខសុវត្ថិភាពដល់ប្រតិភូកីឡា ដើម្បីបង្កល្ខណៈឲ្យការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៦ នេះប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ។

ក្នុងឱកាសនោះដែរ លោក មាស សារិន អគ្គលេខាធិការសហព័ន្ធ កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថាកន្លងមក យើងបានរៀបចំការប្រណាំងនេះនៅក្រុងតាខ្មៅខេត្តកណ្ដាល ប៉ុន្ដែនៅទីនោះមានចរន្ដទឹកហូរវាពុំត្រូវទៅតាមលក្ខណៈបច្ចេកទេសឡើយ។ចំណែកទីតាំងបឹងតាមោគនេះ មានលក្ខណៈស្ដង់ដារ សម្រាប់ការប្រណាំង ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ ដូច្នេះហើយបានជាគណៈកម្មការរៀបចំជ្រើសយកកន្លែងបឹងតាមោគនេះ ធ្វើជាទីតាំងប្រកួតតែម្ដង ឲ្យត្រូវទៅតាមស្ដង់ដារ ដើម្បី ឈានឆ្ពោះទៅកាន់ព្រឹត្តិការស៊ីហ្គេម ឆ្នាំ២០២៣ ដែលធញវើឡើងនៅកម្ពុជា ។

លោកបាន បញ្ជាក់ដែរថាប្រសិនបើការប្រកួតជ្រើសរើសជើងឯកនៅទីនេះទទួលបានលទ្ធផលល្អ នៅឆ្នាំក្រោយ លោកនឹងរៀបចំ ប្រណាំង ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ជាលក្ខណៈអន្ដរជាតិទៀត ក្នុងក្របខណ្ឌប្រទេសជាប់ដងទន្លេមេគង្គ ដែលមាន៥ប្រទេសចូលរួម៕

Facebook Comments
Loading...