អេលីត សាន់ កៀកស្មារនិងអេ ណារ័ត្ន ឡើងជួបកីឡាករថៃដណ្តើមប្រាក់លាន

0
917

ភ្នំពេញ ៖ កីឡាករទើបឡើងកូដអេលីត សាន់ អ្នកប្រដាល់របស់ក្លិបប៉ែនកាក់គុនខ្មែរ កៀកស្មារនិងកីឡាករជើងខ្លាំងស្រករក្រោយអេ ណារ័ត្ន អ្នកប្រដាល់​នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ឡើងដណ្តើមប្រាក់លានជាមួយកីឡាករថៃដាំងកាន់វ៉ាន ពៀកខាឃែរ៍ និងកីឡាករវីហ្គោ ស.ដានឆ័យ នៅ​លើ​សង្វៀន​ស៊ីអិនស៊ី នាថ្ងៃសៅរ៍​ទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ។

កីឡាករអេលីត សាន់ ត្រូវជួបជាមួយកីឡាករថៃដាំងកាន់វ៉ាន ពៀកខាឃែរ៍ ក្នុង​ប្រ​ភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមកនៅលើសង្វៀននេះ ស្នៀតខ្លាំងរបស់កីឡាករថៃភាគច្រើនគឺជើងទាត់ និង​ជង្គង់ ចំណែកកណ្តាប់ដៃ និងកែងមិនខ្លាំងប៉ុន្មានទេតែគេអាចប្រើការបាន។

រីឯកីឡាករស្រករក្រោយអេលីត សាន់ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេ​សស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយអេលីត សាន់ បើ​ហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។ កីឡាករអេលីត សាន់ មិនត្រឹមតែមាន​ស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ​ សម្រាប់​ការជួបគ្នារវាង ​អេលីត សាន់ និងថៃដាំងកាន់វ៉ាន ពៀកខាឃែរ៍ នេះមិនមាន​នរណា​ហ៊ានទស្សទាយមុនថា​នរណាជាអ្នកទ​ទួល​បាន​ជ័យជម្នះនោះឡើយ គឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលរវាងអេលីត សាន់ និងដាំងកាន់វ៉ាន ពៀកខាឃែរ៍នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករអេ ណារ័ត្ន ត្រូវជួបជាមួយកីឡាករថៃវីហ្គោ ស.ដានឆ័យ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ​អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករជួមុខរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកអ្នកប្រដាល់គុនខ្មែរវ័យក្មេងអេ ណារ័ត្ន ដែលកំពុងមានឈ្មោះបោះសំឡេង មួយរូប នាបច្ចប្បន្ននេះ រូបគេខ្លាំងខាងកណ្តាប់ដៃ និងជង្គង់ ហើយការវាយរាល់លើរូបគេមិនត្រូវការ ស្ទាបស្ទង់ដៃគូច្រើននោះទេ ដ្បិតទម្លាប់របស់គេឡើងរេញគឺ ចូលបុកវាយមិនរាថយ ទោះបីលទ្ធផល ឈ្នះឬ ចាញ់ បែបណាក្ដី។ ប្រាប់អ្នកយកពត៍មានកន្លងមក ពេលឡើងប្រកួតរាល់លើកអេ ណារ័ត្ន បង្ហាញទំនុកចិត្តយ៉ាងមុតមាំថាទោះ ពុំបានស្គាល់ច្បាស់ពីសមត្ថភាពកីឡាករបរទេសបែបណាក្ដី ប៉ុន្តែរូបគេ នឹងខិតខំប្រកួតឲ្យអស់ពីសមត្ថភាព និង ធ្វើឲ្យអ្នកគាំទ្រជក់ចិត្ត បំផុតដើម្បីដណ្ដើមយកជ័យជម្នះ។ ចាំមើលរវាងអេ ណារ័ត្ន និងកីឡាករថៃវីហ្គោ ស.ដានឆ័យ នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...