ព្រំ សំណាង និងប៉ឺត សង្ឃឹម ជួបកីឡាករថៃ ខណៈផាន រះ ជួបកីឡាករអ៊ីរ៉ង់

0
925

ភ្នំពេញ ៖ កីឡាករព្រំ សំណាង អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ដឹកដៃកីឡាករប៉ឺត សង្ឃឹម អ្នកប្រដាល់របស់ក្លិបរហាប់ស្វាយប៉ាក និងកីឡាកេផាន រះ អ្នកប្រដាល់មកពីក្លិបតាព្រហ្មមានជ័យ ឡើងជួបកីឡាករថៃកង ក.គេមថាក្រៃ និងកីឡាករឈោគភិឈិត ស.ធានឆ័យ ព្រមទាំងកីឡាករអ៊ីរ៉ង់V.Khajoueinejad Mahdi នៅលើសង្វៀនCNC នាថ្ងៃសៅរ៍ទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ។

កីឡាករព្រំ សំណាង ដែលមិនសូវមានដៃគូប្រកួតជាមួយនោះ ត្រូវគេផ្គូផ្គងឲ្យជួបជាមួយកីឡាករថៃកង ក.គេមថាក្រៃ ក្នុងប្រភេទទម្ងន់ធ្ងន់គឺ​៧៥​គី​ឡូ​ក្រាម រវាងអ្នកទាំងពីរមិនទាន់មានប្រភពណាបញ្ជាក់ថាពួកគេធ្លាប់ជួបគ្នាទេកន្លងមកនៅសង្វៀននេះ កីឡាករថៃភាគច្រើនពួក​គេខ្លាំង​ខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកព្រំ សំណាង គេជាកីឡាករដែលមាន​ស្នៀត​ប្រយុត្តិល្អ គឺពេលវាយសំណាងគ្រាន់តែលើកជើងធាក់ ក៏គូប្រកួតពិបាកទប់ដែរពិសេសស្នៀត​ដាល់ត្រង់ៗ និងស្នៀតកែងវាយទៅលើ គូប្រកួតដែលប្រកបដោយគ្រោះថ្នាក់បំផុត។ ការ​ប្រ​កួតកន្លងមកបើទោះបីព្រំ សំណាង ការដាល់​របស់គេមិន​អស្ចារ្យ​ក៏ពិតមែន ប៉ុន្តែ សំ​ណាង​មាន​កាយសម្បទាល្អ ខ្ពស់ ដៃជើងវែង ដែល​ជា​ការអំ​ណោ​យ​ផលដល់ការប្រកួតណាស់។ ចាំមើលកីឡាករព្រំ សំណាង ជាអ្នកឈ្នះឬកីឡាករថៃកង ក.គេមថាក្រៃ?។

រីឯកីឡាករប៊ឺត សង្ឃឹម ជួបជាមួយកីឡាករថៃឈោគភិឈិត ស.ធានឆ័យ ក្នុងប្រភេទ​ទម្ងន់​៦០គីឡូក្រាម អ្នកទាំងពីរមិនដែលជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជា ជាច្រើនអ្នកមកហើយស្នៀតខ្លាំង​របស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ ចំណែកប៊ឺត សង្ឃឹម ជាកីឡាករវ័យ​ក្មេង​កំពុង​តែឡើងកូដ ដែលចេះប្រើក្បាចខ្មែរបុរាណគ្រប់ស្នៀត ចិត្តប្រដាល់ធំ ហើយព្រម​ទាំង​មានកម្លាំងស៊ុហ្វខ្លាំងថែមទៀតផង។

អ្វីដែលធ្វើ​ឲ្យគេ​ស្ងើចសរសើរ​ចំពោះ​ប៊ឺត សង្ឃឹម នាបច្ចុប្បន្ននេះ​ គឺ​របៀប​វាយរបស់គេ​ល្អ ប្រក​បដោយ​ប្រសិទ្ធភាព ដូចកីឡាកររៀមច្បងរបស់គេប៊ឺត ខាំ អញ្ចឹងដែរ។ រីឯ​​ស្នៀត​ជង្គង់​របស់​​គេ​មុត​ស្រួច គូប្រកួតល្មមៗពិបាក​នឹងតតាំង​ជាមួយគេបានណាស់ ដៃគូ​ប្រកួត​ជាច្រើននាក់​ហើ​យទាំង​ស្រករ​មុន​ទាំង​ស្រករ​ក្រោយ​ជាច្រើន​នាក់បានសុំចុះចាញ់និងសន្លប់​ ក្រោម​ស្នៀត​ជង្គង​របស់គេនោះ។ ចាំមើលកីឡាករប៊ឺត សង្ឃឹម ជួបជាមួយកីឡាករថៃឈោគភិឈិត ស.ធានឆ័យ នេះនណាទទួបានជ័យជំនះ?។

ដោយឡែក កីឡាករផាន រះ ត្រូវជួបជាមួយកីឡាករអ៊ីរ៉ង់V.Khajoueinejad Ma​hdi ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ការជួបគ្នារវាងអ្នកទាំងពីរក៍ត្រូវបានអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ភាគរយនៃការឈ្នះគឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ ពញរោះកីឡាករកម្ពុជាផាន រះ វាយពេលខ្លះឃើញល្អតែពេលខ្លះវាយអន់ ព្រោះចិត្តប្រដាល់របស់គេតូច ហើយអន់ខាងកម្លាំងសុហ្វទៀតផង។ ចាំមើលផាន រះ ជាអ្នកឈ្នះឬកីឡាករអ៊ីរ៉ង់V.Khajoueinejad Mahdi?៕

Facebook Comments
Loading...