ចាន់ រតនា គឺជាអ្នកតំណាងសម្រាប់យុទ្ធនាការអ្នកប្រយុទ្ធដែលមានគុណធម៌

0
785

ភ្នំពេញ ៖ កីឡាករប្រដាល់លំដាប់អន្តរជាតិនិងជាអ្នកប្រយុទ្ធក្បាច់គុនខ្មែរ ចាន់ រតនា គឺជាអ្នកតំណាងសម្រាប់យុទ្ធនាការថ្មីមួយដែលរៀបចំឡើងដើម្បីផ្លាស់ប្តូរឥរិយាបថបុរសពីការប្រើអំពើហិង្សាក្នុងគ្រួសារ ហើយអ្នកប្រយុទ្ធដែលមានគុណធម៌ពិតប្រាកដជាអ្នកដែលប្ដេជ្ញាការពារស្ត្រីនិងកុមារ មិនមែនធ្វើបាបពួកគេឡើយ។

យុទ្ធនាការ “អ្នកប្រយុទ្ធគុណធម៌” ថ្មីនេះត្រូវបានបង្កើតឡើងដោយអង្គការជីវិតនៅកម្ពុជា ដែលជាអង្គការមួយក្នុងខេត្តសៀមរាប ដែលបានឈ្នះពានរង្វាន់អន្តរជាតិចំនួន៥ រួចមកហើយសម្រាប់យុទ្ធនាការប្រឆាំងនឹងអំពើហិង្សាពីមុន។ យុទ្ធនាការអ្នកប្រយុទ្ធគុណធម៌ទទួលបានប្រជាប្រិយភាពដោយវីដេអូដែលបានផលិតឡើងមានការចែករំលែកចំនួន១០,០០០ ដង និងការទស្សនាជាង១លានដងជាមួយសារគាំទ្រវិជ្ជមានចំនួនរាប់រយថែមទៀតពីសំណាក់អ្នកប្រើបណ្តាញសង្គមហ្វេកប៊ុក។

លោកចាន់ រតនា បានបង្ហាញថា“ខ្ញុំពិតជាមានមោទនភាពដែលបានចូលរួមក្នុងយុទ្ធនាការដ៏សំខាន់មួយនេះ។ ខ្ញុំបានរៀនហាត់ក្បាច់គុណខ្មែរតាំងពីនៅក្មេង ហើយវាបានបង្រៀនអ្នកកុំឲ្យប្រើអំពើហិង្សានៅក្រៅសង្វៀន និងបង្ហាញការគោរពដល់អ្នកដទៃ ជាពិសេសស្ត្រី។ វាគួរឲ្យភ្ញាក់ផ្អើលណាស់ដែល បុរសកម្ពុជាម្នាក់ក្នុងចំណោម ៣នាក់បានសារភាពថាបានប្រើអំពើហិង្សាទៅលើស្ត្រី ហើយវាដល់ពេលដែលរឿងនេះត្រូវបញ្ឈប់ហើយ។ តាំងខ្លួនជាអ្នកប្រយុទ្ធដែលមានគុណធម៌ ហើយសន្យាថានឹងមិនប្រើអំពើហិង្សាលើស្ត្រីទេ។”

យុទ្ធនាការ អ្នកប្រយុទ្ធគុណធម៌គឺជាផ្នែកមួយនៃ ”យុទ្ធនាការ ១៦ ថ្ងៃប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើយេនឌ័រ” ដែលបានបំផុសគំនិតដោយសុភាសិតចាស់ខ្មែរមួយថា “កូនខ្មែរមានឈាមជ័រជាអ្នកប្រយុទ្ធ” ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលដ៏មហិមានាសម័យកាលអង្គរ។ តែជាអកុសល បុរសកម្ពុជាម្នាក់ក្នុងចំណោម ៣នាក់បានប្រើប្រាស់កម្លាំងរបស់ខ្លួនដោយខុសឆ្គងហើយគេសារភាពថាបានប្រើអំពើហិង្សាលើរាងកាយ ឬផ្លូវភេទទៅលើដៃគូយ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់ពួកគេ។ យុទ្ធនាការនេះចង់រំលឹកនូវគុណធម៌របស់អ្នកប្រយុទ្ធសម័យអង្គរឡើងវិញ។ អ្នកប្រយុទ្ធដែលមានគុណធម៌ពិតប្រាកដជាអ្នកដែលប្ដេជ្ញាការពារស្ត្រីនិងកុមារ មិនមែនធ្វើបាបពួកគេឡើយ។

ក្នុងនោះផងដែរ យុទ្ធនាការនេះមានការគាំទ្រចូលរួមពីសំណាក់តារាល្បីៗជាច្រើននាក់ដូចជា កីឡាករបាល់ទាត់ លោកធារី ចន្ថាប៊ីន អ្នកចម្រៀងល្បី លោកវុទ្ធា អ្នកចម្រៀងបែបរ៉េបលោក Reezy, លោក វិទូ, និង លោក Ruthko ព្រមជាមួយ កីឡាការនីល្បុក្ក​តោនិងតារាភាពយន្តសំ ថារត្ន័, អ្នកចម្រៀងបែបរ៉េប សាំង សុខសេរី និងសកម្មជន Catherine Harry ។

លោក ឈិន សែ នាយករងអង្គការជីវិតនៅកម្ពុជាបានមានប្រសាសន៍ថា“យើងពិតជារីករាយណាស់ដែលបុរសកម្ពុជាបានគាំទ្រយុទ្ធនាការនេះយ៉ាងក្លៀវក្លា ជាពិសេសមានបុរសរាប់ពាន់នាក់បានចូលរួមចែករំលែកនិងផ្សព្វផ្សាយយុទ្ធនាការរបស់យើងបន្ដ។ អំពើហិង្សាក្នុងគ្រួសារគឺជាបញ្ហាដ៏ធំមួយដែលប៉ះពាល់ដល់គ្រួសារនិងសហគមន៍ទាំងមូល។ ដល់ពេលដែលយើងត្រូវបញ្ឈប់អំពើហិង្សានេះនៅគ្រប់ទីកន្លែងក្នុងពិភពលោកហើយ។ ហើយការផ្លាស់ប្ដូរនេះអាស្រ័យលើការចូលរួមពីបុរសគ្រប់រូប។ ខ្ញុំសង្ឃឹមថាតាមរយៈការគាំទ្រយុទ្ធនាការនេះ និងការតាំងខ្លួនជាអ្នកប្រយុទ្ធគុណធម៌មួយរូប បុរសកម្ពុជានឹងដឹកនាំក្នុងការលុបបំបាត់អំពើហិង្សាប្រឆាំងនឹងស្ត្រី។”

យុទ្ធនាការនេះមិនមែនសកម្មតែក្នុងបណ្ដាញសង្គមនោះទេ តែក៏មានធ្វើឡើងក្នុងសហគមន៍ផ្ទាល់ផងដែរ។ អង្គការជីវិតនៅកម្ពុជាបានរៀបចំកម្មវិធីដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួ​សារជារៀងរាល់ថ្ងៃ ដោយធ្វើការជាមួយស្ត្រីងាយរងគ្រោះ សិស្សសាលានិងអាជ្ញាធរមូលដ្ឋានរាប់ពាន់នាក់ក្នុងការដោះស្រាយបញ្ហាអំពើហិង្សាក្នុងភូមិឃុំរបស់ពួកគេ។ ក្នុងកំឡុងពេលយុទ្ធនាការ១៦ថ្ងៃនេះ អង្គការជីវិតនៅកម្ពុជាក៏កំពុងរៀបចំការប្រមូលផ្តុំសហគមន៍ដើម្បីធ្វើក្បួនដង្ហែរតាមដងផ្លូវតាម និងស្រែកប្រឆាំងនឹងអំពើហិង្សាលើស្រ្តី និងក្មេងស្រី។

ទោះយ៉ាងណាក្ដី យុទ្ធនាការនេះមិនមែនសង្កត់ធ្ងន់លើការយល់ដឹងតែមួយមុខនោះទេ។ សាធារណជនកម្ពុជាក៏ត្រូវបានស្នើសុំឱ្យចាត់វិធានការតាមវិធីជាច្រើនដើម្បីគាំទ្រយុទ្ធនាការនេះផងដែរ។ យើងបានស្នើសុំឱ្យប្រជាជនកម្ពុជាប្ដេជ្ញាចូលរួមធ្វើជាអ្នកប្រយុទ្ធគុណធម៌ដោយធ្វើការសន្យាចំនួន៣ គឺៈ ១) មិនដែលប្រើអំពើហិង្សាលើជនដែលងាយរងគ្រោះ ២) គោរពបុគ្គលគ្រប់រូបជាពិសេសស្ត្រី ៣) ប្រៀនប្រដៅក្មេងៗជំនាក់ក្រោយឲ្យប្រកាន់យកតម្លៃដូចគ្នា។ មនុស្សជាង២២.៥០០ នាក់បានគាំទ្រការសន្យានេះ។ លើសពីនេះទៀតយើងបានស្នើសុំឱ្យអ្នកដែលចង់ធ្វើសកម្មភាពប្រឆាំងនឹងអំពើហិង្សាចូលរួមជាមួយក្រុមហ្វេសប៊ុកឯកជនមួយដែលមានឈ្មោះថាអ្នកប្រយុទ្ធគុណធម៌ (Honourable Warriosrs)៕

Facebook Comments
Loading...