លោកថោង ខុន ចូលរួមបង្ហូតទង់ជាតិ បង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីស៊ីហ្គេម នៅហ្វីលីពីន

0
69

ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងកីឡាករ-កីឡាការិនីកម្ពុជា បានចូលរួមពិធីបង្ហូតទង់ជាតិ និងគោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកកម្ពុជា ជាមួយបណ្ដាប្រទេសអាស៊ាន១០ទៀត ដើម្បីបង្ហាញពីការទៅដល់ និងការត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា ការចូលរួមពិធីបង្ហូតទង់ជាតិ និងគោរពភ្លេងជាតិនេះ បានធ្វើឡើងនៅភូមិកីឡា នាទីក្រុង New Clark បន្ទាប់ពីឯកឧត្ដមរដ្ឋមន្ដ្រី បានដឹកនាំប្រតិភូ និងអត្តពលិក ៩ប្រភេទកីឡា ធ្វើដំណើរទៅដល់ហ្វីលីពីន ដោយសុវត្ថិភាព កាលពីម៉ោង ៤ទាបភ្លឺ កាលពីព្រឹកមិញ។ កម្មវិធីនេះ ត្រូវបានកំណត់រៀបចំជារៀងរាល់ឆ្នាំ រាល់មុនពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ១ថ្ងៃ ជាក់ស្ដែងបន្ទាប់ពីរៀបចំពិធីខាងលើ នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកានេះ ហ្វីលីពីននឹងប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ជាផ្លូវការតែម្ដង។

តាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេស​កកម្ម បានឲ្យដឹងថា បន្ទាប់ពីចូលរួមកម្មវិធីខាងលើ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា លោកបណ្ឌិត ថោង ខុន និងលោក ស សុខា នឹងធ្វើការជួបសំណេះសំណាល ក៏ដូចជាផ្ដល់អនុសាសន៍លើកទឹកចិត្តលើកដល់កីឡាករ-កីឡាការិនីកម្ពុជា ដែលបានទៅដល់ប្រទេសហ្វីលីពីន មុនថ្នាក់ដឹកនាំ ប្រតិភូ និងកីឡាករ-កីឡាការិនីកម្ពុជាទាំងអស់ ត្រូវចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ផ្លូវការ នៅល្ងាចថ្ងៃដដែល ។

សូមរំឭកថា បេសកកម្មស៊ីហ្គេមឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជានឹងបញ្ជូនកីឡាសរុប ៣១ប្រភេទទៅចូលរួម ខណៈបច្ចុប្បន្នមានកីឡា ១២ប្រភេទហើយ ដែលបានទៅដល់ហ្វីលីពីន ហើយប្រភេទកីឡានៅសល់ នឹងបន្ដចេញដំណើរជាបន្ដបន្ទាប់ ស្របពេលការប្រកួតនឹងចាប់ផ្ដើមផ្លូវការពីថ្ងៃទី៣០-វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ។ ប៉ុន្ដែគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា កម្ពុជាមានកីឡា ២ប្រភេទហើយ ដែលបានធ្វើការប្រកួត រួមមានក្រុមបាល់ទាត់ជម្រើ​សជាតិ U22 កម្ពុជា និងក្រុមបាល់ទះឆ្នេរខ្សាច់ ដែលត្រូវធ្វើការប្រកួតល្ងាចនេះ៕

Facebook Comments
Loading...