ប្រកួតជម្រុះខ្សែក្រវាត់កូយ ឡាយ និងសេក គឹមរួន ជួបកីឡាករថៃ ខណៈបាង កាយាក សាកកណ្តាប់ដៃនិងកីឡាករអ៊ីរ៉ង់

0
103

ភ្នំពេញ ៖ កីឡាករកូយ ឡាយ អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១និង​កីឡាករសេក គឹមរួន អ្នកប្រដាល់របស់អង្គរមានជ័យសៀមរាប ប្រកួតជម្រុះខ្សែក្រវ៉ាត់ជាមួយកីឡា​ករ​ថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ និងកីឡាករផេតខេមរ៉ាជ អ៊ីមីនិនអេ ខណៈកីឡាករបាង កាយាក អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ជួបសាកកណ្តាប់ដៃជាមួយកីឡាករអ៊ីរ៉ង់MOSTAFA នៅលើសង្វៀនCNC នាថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

កីឡាករកូយ ឡាយ ត្រូវជួបជាមួយកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ ក្នុង​ប្រ​ភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ស្នៀតខ្លាំងរបស់កីឡាករថៃភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល​ ចំណែកកណ្តាប់ដៃ និងកែងមិនខ្លាំងប៉ុន្មានទេតែគេអាចប្រើការបាន។

រីឯកីឡាករស្រករក្រោយកូយ ឡាយ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេ​សស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយកូយ ឡាយ បើ​ហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។ កូយ ឡាយ មិនត្រឹមតែមាន​ស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ​ សម្រាប់​ការជួបគ្នារវាង ​កូយ ឡាយ និងកីឡាករថៃរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ នេះមិនមាន​នរណា​ហ៊ានទស្សទាយមុនថា​នរណាជាអ្នកទ​ទួល​បាន​ជ័យជំនះនោះឡើយ ព្រោះកីឡាករថៃជាកីឡាករដែលទើបមកវាយនៅសង្វៀនស្រុកខ្មែរ។ ចាំមើលរវាងកូយ ឡាយ និងរិទ្ធអៃយ៉ារ៉ា ក.សិលាឆ័យ នរណាជាអ្នកឈ្នះទទួលបាន៣ពិន្ទុ?។

ចំណែកកីឡាករ​សេក គឹមរួន ត្រូវជួបជាមួយកីឡាករថៃផេតខេមរ៉ាជ អ៊ីមីនិនអេ ក្នុងវគ្គជម្រុះឆ្ពោះទៅដណ្តើមខ្សែក្រវ៉ាត់ អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ បើទោះ​បីជាសេក គឹមរួនជាអ្នកប្រដាល់ជើងថ្មីក៍ពិតមែនតែគេបានឡើងបាន​ឡើងប្រកួតទាំង​លក្ខណៈមិត្តភាពជាតិ និងអន្តរជាតិញ​ញឹកញាប់ដូចកីឡាករដទៃទៀតដែរ ដោយកីឡាកររូប​នេះ​ ការប្រកួតរបស់គេ​កន្លងមក បើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួតខ្សោយគេក៍​ខ្សោ​យទៅតាម​នោះដែរ តែគេប្រកួតឈ្នះច្រើនជាងចាញ់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់​អារម្ម​ណ៍​ពីមួយប្រកួតទៅមួយប្រកួតចង់ទស្សនានៃការឡើងរេញរបស់គេ។

ស្នៀតខ្លាំងរបស់កីឡាករសេក គឹមរួន គឺកណ្តាប់ដៃនិងស្នៀតជើងទាត់ ហើយគេជា​កី​ឡា​ករ​មានចិត្ត​ប្រដាល់​ធំ ព្រមទាំងកម្លាំង​ស៊ុ​ហ្វ​ខ្លាំងថែមទៀត។ បើ​តាម​ក្រុម​អ្នកវិភាគ​ប្រដាល់​អះ​អាង​​​ថា សម្រា​ប់​ការប្រកួត​នេះកីឡាករ​សេក គឹមរួន គឺសង្ឃឹម​ឈ្នះលើគូប្រកួតហា​សិប​ភាគ​រយប៉ុណ្ណោះ​បើទោះជាពួកគេមិនដែលជួបគ្នា​ក៍ដោយ។ ចាំមើលរវាងកីឡាករ​សេក គឹមរួន និង​កីឡា​ករថៃផេតខេមរ៉ាជ អ៊ីមីនិនអេ នណាជាអ្នកឈ្នះបាន៣ពិន្ទុ?។

កីឡាករបាង កាយាក ត្រូវជួបជាមួយកីឡាករអ៊ីរ៉ង់MOSTAFA នេះក្នុងប្រភេទទម្ងន់៦០គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ហើយមិនទាន់ដឹងថាកីឡាករអ៊ីរ៉ង់MOSTAFA មានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករដែលហ្វឹកហាត់នៅប្រទេសថៃភាគច្រើនពួកគេពូកែស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល​។

ចំណែកកីឡាករកម្ពុជាបាង កាយាក គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រ​ទេសថៃហើយល្បីល្បាញមកដល់សព្វថ្ងៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលបាង កាយាក ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើទោះជាគេមិនធ្លាប់ជួបគ្នាក៍ដោយ។ ចាំមើលរវាងកីឡាករបឹង កាយាក និងកីឡាករអ៊ីរ៉ង់MOSTAFA នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...