ឃាតក វាយសម្លាប់ប្រពន្ឋនៅវាលស្រែត្រូវបានបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបានហើយ

0
717

ខេត្តកណ្តាល ៖ ករណីស្ត្រីម្នាក់បានស្លាប់ដោយសារប្តីល្បួងយកទៅវាយសម្លាប់នៅវាលស្រែខាងក្រោយភូមិមួយនៅស្រុកពញាឮ ខេត្តកណ្តាល កាលពីរំលងអាធ្រាត្រថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក៥ថ្ងៃនេះឥឡូវត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានហើយនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ នៅឯក្នុងព្រៃលិចទឹកមួយ(ដីកោះ)ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីឯក ដួង តេង អធិការនៃអធិរដ្ឋាននគរបាលស្រុកពញាឮ ខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ក្រោយពីមានស្រ្តីម្នាក់ឈ្មោះយ៉ាត ស្រីពៅ អាយុ៤៥ មានទីលំនៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល  ត្រូវបានគេវាយសម្លាប់នៅវាលស្រែខាងក្រោយភូមិរបស់ជនរងគ្រោះរស់នៅ កាលពីវេលាម៉ោង២ រំលងអាធ្រាត្រថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ រួចមកនោះលោកក៏បានបញ្ជាអោយកម្លាំងជំនាញស្រវាជ្រាវ បានរកឃើញសាក្សីបំភ្លឺថា គឺឈ្មោះ ឃុត សុផល ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរសន្តិសុខយាមរោងចក្រ ត្រូវជាប្តីរបស់ជនរងគ្រោះជាសព ជាអ្នកសម្លាប់នាង ដោយថែមទាំងបានប្រាប់ប្អូនស្រីរបស់ជនរងគ្រោះអោយទៅយកសាកសពមកផ្ទះរួចហើយបានរត់គេចខ្លួនភ្លាមៗតែម្តង។

លោក អធិការបានបន្តថា ក្រោយពីត្រួតពិនិត្យសាកសពរួចរាល់និងប្រមូលឯកសារបានគ្រប់គ្រាន់ក៏បានបញ្ជូនកម្លាំងតាមស្វែងរកចាប់ខ្លួនជាច្រីនថ្ងៃនិងជាច្រើនកន្លែងប្រើម៉ូតូផងប្រើទូកផង ដោយសុំសហការជាមួយសមត្ថកិច្ចខេត្តកំពង់ឆ្នាំង រហូតតាមចាប់ខ្លួនបាននៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកា នេះនៅក្នុងព្រៃលិចទឹកដែលមានកូនកោះតូចមួយនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ចំណែកស្រ្តីឈ្មោះ សន សុខឃីម ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះ(សព)រស់នៅក្នុងភូមិជាមួយគ្នាចំណុចកើតហេតុ បានបំភ្លឺប្រាប់សមត្ថកិច្ចថា៖ នៅមុនពេលកើតហេតុ ឈ្មោះ ឃុត សុផល បាននាំប្រពន្ឋទៅរកចាប់ក្តាមលក់នៅតាមវាលស្រែក្រោយភូមិតាំងពីក្បាលព្រលប់មកម្លេះ លុះដល់ម៉ោងប្រហែល២រំលងអាធ្រាត្រ ឈ្មោះ ឃុត សុផល ត្រូវជាបងថ្លៃបានមកដាស់នាងដែលកំពុងដេកលក់ ដោយប្រាប់ថា ទៅយកបងស្រីឯងផង អាញវាយវាបាក់ដៃនៅឯវាលស្រែខាងក្រោយភូមិរួចគាត់ក៏គេចខ្លួនបាត់ទៅ។  ស្ត្រីរូបនេះបន្តថា នៅពេលនោះដោយសារស្ថានភាពយប់ស្ងាត់ពេកនាងមិនហ៊ានទៅក៏រង់ចាំរហូតដល់ភ្លឺក៏ស្រាប់តែមានគេមកប្រាប់ថា បងស្រីរបស់នាង ដេកស្លាប់នៅវាលស្រែ ទើបប្តឹងសមត្ថកិច្ចមូលដ្ឋានអោយមកត្រួតពិនិត្យនិងរកយុត្តិធម៌តែម្តង។

រីឯឈ្មោះឌុច ពេជ្រ ភេទប្រុសអាយុ៥៦ឆ្នាំរស់នៅភូមិ ឃុំកើតហេតុ មានផ្ទះនៅក្បែរជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា កាលពីល្ងាចប្តីឈ្មោះ ឃុត សុផល បានឈ្លោះជាមួយប្រពន្ឋវាយតប់គ្នានៅពេលនោះគាត់ក៏បានចូលទៅជួយឃាត់កុំអោយវាយប្រពន្ឋក៏ត្រូវ ឈ្មោះ ឃុត សុផល និយាយគំរាមអោយថយចេញកុំចេះដឹងរឿងប្តីប្រពន្ឋគេ លោកក៏ដើរចេញទៅ។លុះពេលព្រឹកឡើងក៏ស្រាប់តែនាង ត្រូវបានប្តីវាយសម្លាប់ដូច្នេះតែម្តង។

ដោយឡែកជនជាប់ចោទឈ្មោះ ឃុត សុផល បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានវាយសម្លាប់មកលើនាងជាប្រពន្ឋពិតមែនដោយសារតែការប្រច័ណ្ឌ ហើយក៏បានសារភាពថា ខ្លួនធ្លាប់ជាប់ពន្ឋនាគារម្តង នៅខេត្តកណ្តាលពីបទ ប្រើអំពើហឹង្សា ជាសហព័ន្ឋ៕

Facebook Comments
Loading...