ប៉េអឹមស្រុកមោងឫស្សីម្នាក់ បានប្រើហឹង្សាលើជនរងគ្រោះជាអនីតិជនដោយចោទថាពាក់ព័ន្ធការរក្សាទុកគ្រឿងញៀនទាំងដែលគ្មានភស្តុតាង

0
719

ភ្នំពេញ ៖ មន្ត្រីប៉េអឹមម្នាក់ឈ្មោះ ស្រ៊ាង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រើប្រាស់អំណាចរបស់ខ្លួនវាយទៅលើជនរងគ្រោះម្នាក់ជាអនីតិជន បណ្ដាលឲ្យរងការឈឺចុកចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយមន្ត្រីអាវុធហត្ថម្នាក់នេះ ចោទជនរងគ្រោះថាពាក់ព័ន្ធនឹងការរក្សាទុកគ្រឿងញៀនខុសច្បាប់ ប៉ុន្តែគ្មានភស្តុតាងច្បាស់លាស់ ដើម្បីដាក់បន្ទុកជនរងគ្រោះ។

ករណីប្រើហិង្សាដោយទទឹងទិសនេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកមោងឫស្សីផ្ទាល់ ដោយករណីនេះមិនដឹងថាលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង មានបានដឹងពីទង្វើរបស់កូនចៅខ្លួនដែរឬទេ ។

បើតាមជនរងគ្រោះឈ្មោះ នឿត ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ រស់ភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី បានឲ្យដឹងថា មុនឈានដល់មន្ត្រីអាវុធហត្ថឈ្មោះស្រ៊ាង បានប្រើហិង្សាលើខ្លួន គឺនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា មានករណីក្មេងទំនើងរៀនថ្នាក់ទី១២ នៅវិទ្យាល័យមោងឫស្សី បានវាយតបគ្នាផ្អើលពេញសាលា បន្ទាប់មានករណីវាយតបគ្នានេះកើតឡើង មន្ត្រីអាវុធហត្ថស្រុកមោងឫស្សីបានមកដេញចាប់ពួកជនបង្ករត់ប្រសាចពេញសាលា ធ្វើឲ្យសិស្សមានការភ័យខ្លាចគ្រប់ៗគ្នា ។

ជនរងគ្រោះបន្ថែមថា ដោយឃើញសភាពមិនស្រួល ខ្លាចមានករណីរត់ជាន់គ្នាក្នុងថ្នាក់រៀន ជនរងគ្រោះក៏បានរត់ចេញពីក្នុងថ្នាក់មកក្រៅ មន្ត្រីអាវុធហត្ថស្មានតែរូបគេជាប់ពាក់ព័ន្ធនឹងករណីនេះក៏ចាប់ខ្លួនរូបគេ បើទោះបីជាខ្លួនប្រាប់ថាមិនពាក់ព័ន្ធនឹងករណីនេះក៏ដោយ ក៏ពួកមន្ត្រីអាវុធហត្ថទាំងនោះ នៅតែនាំគេយកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថទៀត ។

ជនរងគ្រោះដដែល បន្តថា នៅពេលនាំមកដល់បញ្ជាការដ្ឋានអាវុធហត្ថ រួមនឹងក្រុមក្មេងទំនើងបង្កហេតុសរុបទាំងរូបគេមានគ្នា៨នាក់ ពេលនោះក្រុមមន្ត្រីបានសួរនាំម្នាក់ម្ដងៗ តែនៅក្នុងបន្ទប់ដោយឡែកពីគ្នា ពេលបានចម្លើយពីក្រុមអ្នកបង្កហេតុ ថាជនរងគ្រោះមិនពាក់ព័ន្ធនឹងករណីវាយតបគ្នា ក៏បានបង្វែរសំណុំសាច់រឿង មកធ្វើជាពិនិត្យរកគ្រឿងញៀន ក្នុងកាបូបរបស់ជនរងគ្រោះតែរកមិនឃើញ ។

មួយសន្ទុះក្រោយមក មន្ត្រីប៉េអឹមបានហៅខ្លនមកក្នុងបន្ទប់វិញ ក៏ឃើញមានគ្រឿងញៀន១កញ្ចប់នៅក្រោមតុខណៈកាបូបរបស់ជនរងគ្រោះនៅលើតុនោះ ស្រាប់តែមិនទាន់បានសួរហេតុផលអ្វីផង ប៉េអឹមឈ្មោះ ស្រ៊ាង បានហក់វាយទាត់រូបគេឡើងទ្រោមខ្លួន និងឃាំងខ្លួនចាប់ពីម៉ោង៩ព្រឹក រហូតដល់៦ល្ងាច ទើបឲ្យត្រឡប់មកផ្ទះវិញ ព្រោះយល់ឃើញថាមិនជាប់ពាក់ព័ន្ធនឹងករណីវាយតប់គ្នា និងបទល្មើសរក្សាទុកគ្រឿងញៀន ។

ពាក់ព័ន្ធនឹងករណីនេះ លោក នួន នឿត ត្រូវជាឪពុកក្មេងរងគ្រោះ បានឲ្យដឹងថា ទោះ​ជាកូនរបស់គាត់ត្រូវបានឲ្យត្រឡប់មកផ្ទះវិញក៏ដោយ ក៏គាត់មិនសុខចិត្តនោះដែរ ព្រោះកូនគាត់មិនមានកំហុសអ្វីផង បែរជាមន្ត្រីប៉េអឹមឈ្មោះ ស្រ៊ាង វាយដំរូបគេដោយគ្មានត្រាប្រណីត ។ ដោយឪពុកជនរងគ្រោះបានចោទសួរទៅឈ្មោះ ស្រ៊ាង វិញថាបើមានករណីបែបនេះ កើតឡើងលើគ្រួសាររបស់ខ្លួន តើមានការឈឺចាប់ ឬទេ ?

ជាមួយគ្នានេះ លោក នួន នឿត បានស្នើទៅលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាហត្ថលើផ្ទៃប្រទេស ជួយពិនិត្យមើលករណីនេះ និងរកយុត្តិធម៌ជូនគ្រួសារគាត់ផង ។

ករណីប្រើអំពើហិង្សាពីសំណាក់មន្ត្រីអាវុធហត្ថស្រុកមោងឫស្សី ដោយមិនមានហេតុផលបែបនេះ មិនមែនកើតឡើងទើប១ករណីនេះទេ គឺច្រើនករណីមកហើយ តែពលរដ្ឋខ្លះដោយមានការភ័យខ្លាច មិនហ៊ានប្តឹងពួកមន្ត្រីទាំងនោះ ឬប្រាប់ក្រុមអ្នកសារព័ត៌មានផ្សាយពីទង្វើអាក្រក់ មិនស្រឡាញ់ពលរដ្ឋរបស់ពួកមន្ត្រីទាំងនោះទេ ។គួរបញ្ជាក់ថា នៅក្នុងមូលដ្ឋានស្រុកមោងឫស្សីនេះ ករណីគ្រឿងញៀនកំពុងកើតឡើងយ៉ាងពេញបន្ទុក ទាំងនៅទីប្រជុំជន រហូតដល់ទីជនបទដាច់ស្រយ៉ាល ប៉ុន្តែមន្ត្រីអាជ្ញាធរស្រុកមួយនេះ ហាក់ដូចជាគ្មានចំណាត់ការអ្វីឲ្យច្បាស់លាស់នោះទេ ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន ហើយវាបានកើតឡើងកាន់តែផុសផុល ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំង៕

Facebook Comments
Loading...