កម្មវិធីទេសចរណ៍ម្ហូបអាហារនៅមុខប្រាសាទអង្គរ និងកើតឡើងកំឡុងខែមេសា ឆ្នាំ២០២០ ខាងមុខ

0
736

ភ្នំពេញ ៖ លោកមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលបំណង និងសំណើសុំរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារ ដែលសមាគមចុងភៅពិភពលោក និងសមាគមចុងភៅកម្ពុជា រៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារដ៏ធំមួយនៅមុខប្រាសាទអង្គរវត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើននាក់ ឱ្យមកចូលមកទស្សនាក្នុងប្រទេសកម្ពុជា បន្ថែមទៀត។

ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា លោកមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារនេះ ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា ការរៀចំព្រឹត្តិការណ៍នេះទៅបាន គឺត្រូវបានមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសុំការឯកភាពពីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបជាមុនសិន។

លោករដ្ឋមន្ត្រី បានបង្ហាញទំនុកចិត្តទៅវិញថា ក្រសួងទេសចរណ៍ នឹងដាក់សំណើជូនទៅរាជរដ្ឋាភិបាល ដើម្បីសុំការអនុញ្ញាតរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង ព្រមទាំងនឹងពិភាក្សាការងារជាមួយអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងសមាគមទាំងពីរជាបន្តបន្ទាប់ទៀត។

ក្នុងជំនួបពិភាក្សានេះ សមាគមចុងភៅកម្ពុជា និងសមាគមចុងភៅពិភពលោក បានបង្ហាញបំណងចង់រៀចំព្រឹត្តិការណ៍នេះ នៅមុខប្រាសាទអង្គរវត្ត នៅកំឡុងខែមេសា ឆ្នាំ២០២០ ខាងមុខ។ ព្រឹត្តិការណ៍ខាងលើនេះ មានរៀបចំជាសកម្មភាពសប្បុរសធម៌ភ្ជាប់ជាមួយសកម្មភាពទេសចរណ៍ ពោលគឺដើម្បីរៃអង្គាសថវិកាយកទៅជួយកុមារកំព្រា ជនរងគ្រោះ និងការងារមនុស្សធម៌នានា ដែលបានពីការចូលរួមរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើននាក់។

ដើម្បីជំរុញការងារនេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានចាត់ឱ្យមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ ត្រូវធ្វើការងារពាក់ព័ន្ធជាមួយសមាគមទាំងពីរខាងលើឱ្យបានជិតស្និទ្ធ ដើម្បីរួមគ្នាបង្កើតផលិតផលទេសចរណ៍ដ៏ពិសេសមួយជូនភ្ញៀវទេសចរ និងដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទេសចរអន្តរជាតិឱ្យកាន់តែទូលំទូលាយ តាមរយៈព្រឹត្តិការណ៍នេះ។

សមាគមចុងភៅពិភពលោក បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ខាងលើនេះ គឺត្រូវបានរៀបចំប្រកបដោយជោគជ័យជាច្រើនដងមកហើយនៅប្រទេសមីយ៉ាន់ម៉ា និងវៀតណាម ហើយឆ្នាំក្រោយនេះ សមាគម និងភ្ញៀវទេសចរអន្តរជាតិ ពិតជាពេញចិត្តចំពោះគោលដៅទេសចរអង្គរ-សៀមរាបជាខ្លាំង។

ព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារខាងលើនេះ គឺជាផលិតផលទេសចរណ៍ដ៏សំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរពីទូទាំងពិភពលោក ហើយតាមរយៈការចូលរួមជាមួយព្រឹត្តិ​ការណ៍នេះ ពួកគេក៏នឹងចេញទៅទស្សនានៅតាមគោលដៅទេសចរណ៍នានារបស់កម្ពុជាផងដែរ ពិសេសរមណីយដ្ឋានអង្គរ ក្រុងសៀមរាប ក៏ដូចជាតំបន់ជុំវិញ៕

Facebook Comments
Loading...