ចៅអធិការវត្តអង្គសិរី រួមជាមួយពុទ្ធបរិស័ទរៀបចំពិធីដាល់អំបុក និងទទួលទានអំបុកសន្តិភាព

0
1158

កណ្តាល ៖ ព្រះគ្រូសិរីពោធិញាណ នឿន កុសល ប្រធានមូលនិធិមនុស្សធ៌មវត្តអង្គសិរី និងជាព្រះចៅអធិការវត្តអង្គសិរី រួមជាមួយពុទ្ធបរិស័ទ រស់នៅ ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីដាល់អំបុក និងទទួលទានអំបុកសន្តិភាព “អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ”។

ព្រឹត្តិការណ៍នៃទិវាហូបអំបុក នាព្រឹកនេះ ក៏មានការចូលរួម ពីលោកជំទាវ អោម រចនី គណៈពង្រឹងស្រុកកណ្តាលស្ទឹង លោកអភិបាលរងស្រុកកណ្តាលស្ទឹង ក្នុងនោះក៏មានក្រុមប្រឹក្សាឃុំ-ស្រុក សមាគមន៍នារីស្រុក ដោយមានការឧបត្ថមទាំងស្រុង ពីលោក វីរៈ វ៉ធើរ មាននំបញ្ចុក ១តោន ទឹកសុទ្ធ៥០០យួរ ត្រី សាច់មាន់ សាច់ជ្រូក បន្លែ និងអកកាដង់ផងដែរ។សូមជម្រាបផងដែរថា ថ្ងៃទី៩ ខែវិច្ឆិកា នេះ គឺជាទិវាហូបអំបុកជុំមហាគ្រួសារខ្មែរ ដើម្បីថែជាតិ សាសនា ព្រះមហាក្សត្រ បងប្អូនប្រជាពលរដ្ឋនិង អ្នកសិល្បៈ ទាំងអស់ បានចូលរួម ទទួលទានអំបុក។

ព្រះគ្រូសិរីពោធិញាណ នឿន កុសល ប្រធានមូលនិធិមនុស្សធ៌មវត្តអង្គសិរី និងជាព្រះចៅអធិការវត្តអង្គសិរី មានសង្ឃដីកាថា អំបុកជាឈ្មោះចំណីធ្វើដោយយកគ្រាប់ ស្រូវទុំ នៅស្រស់មកលីងឲ្យល្មម ដល់ការហើយដាក់ក្នុងត្បាល់ធំបុកផង ឆ្កៀសឆ្កៀលផង(ហៅ ថា ដាល់អំបុក) ឲ្យត្រាតែពៀចសំប៉ែតខ្ចាត់សំបកស្រូវ ចេញ អំបុក ដំណើប, អំបុក ខ្សាយ (តាមធម្មតាប្រើតែស្រូវដំណើបជាងស្រូវខ្សាយ)។

ព្រះគ្រូសិរីពោធិញាណ នឿន កុសល មានសង្ឃដីកាបន្ថា កាលពីដើមខ្មែរយើងធ្វើអំបុកដោយប្រើត្បាល់ និងអង្រែបុកដោយដៃផ្ទាល់ ទម្រាំតែបានអំបុកមួយកំប៉ុងៗត្រូវចំណាយពេលវេលាយូរ និងត្រូវការកម្លាំងពលកម្មមនុស្សជាច្រើននាក់។ ប៉ុន្តែតមកសម័យក្រោយៗ យើងក៏បែកគំនិតច្នៃធ្វើជាត្បាល់ជាន់វិញ ដោយមានប្រដាប់ទៅដោយឧបករណ៍ធ្វើពីឈើខ្លឹមៗតំឡើងប្រើការបានយ៉ាងល្អតាមតម្រូវការ ដើម្បីជួយសម្រាលការងារនេះឱ្យកាន់តែប្រសើរឡើង៕

Facebook Comments
Loading...