អេលិត ភក្តី និងឡុង បេនលឿន ប្រកួតជម្រុះជាមួយកីឡាករថៃ រីឯម៉ឺន មេឃា សាកកណ្តាប់ដៃជាមួយកីឡាករអ៊ីរ៉ង់

0
393

ភ្នំពេញ ៖ កីឡាករអេលិត ភក្តី អ្នកប្រដាល់របស់ក្លិបប៉ែនកាក់គុនខ្មែរ និងកីឡាករឡុង បេនលឿន អ្នកប្រដាល់នៃក្លិបឡុងសាលវ័ន្តកីឡា ជួបកីឡាករថៃនុមស្នឹក និងកីឡាករស៊ីងថង ក្នុងការប្រកួតជម្រុះឆ្ពោះទៅដណ្តើមខ្សែក្រវាត់ ខណៈម៉ឺន មេឃា អ្នកប្រដាល់មកពីក្លិបក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ជួបសាកកណ្តាប់ដៃជាមួយកីឡាករកីឡាករអ៊ីរ៉ង់Tabtoukhzadeh Mostafa នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៩ ខែតុលា ឆ្នាំ២០១៩នេះ។

កីឡាករអេលីត ភក្តី ត្រូវជួបជាមួយកីឡាករថៃនុមស្នឹក ក្នុង​ប្រ​ភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករទាំងពីរនាក់ជាអ្នកប្រដាល់មកប្រកួតនៅសង្វៀននេះថ្មីដូចគ្នា បើទោះជាមិនទាន់ដឹងពីប្រវត្តិកីឡាករថៃម្នាក់នេះពិតមែន តែតាមការសង្កេតកន្លងមកកីឡាករថៃភាគច្រើនខ្លាំងខាងស្នៀតជើងទាត់ និង​ជង្គង់ ចំណែកកណ្តាប់ដៃ និងកែងមិនខ្លាំងប៉ុន្មានទេតែគេអាចប្រើការបាន។

ចំណែកកីឡាករស្រករក្រោយអេលីត ភក្តី គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​វាយ​ខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេ​សស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយអេលីត ភក្តី បើ​ហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។ កីឡាករអេលីត ភក្តី មិនត្រឹមតែមាន​ស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ​ សម្រាប់​ការជួបគ្នារវាង ​អេលីត ភក្តី និងថៃនុមស្នឹក នេះមិនមាន​នរ​ណា​ហ៊ានទស្សទាយមុនថា​នរណាជាអ្នកទ​ទួល​បាន​ជ័យជម្នះនោះឡើយ គឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលរវាងកីឡាករទាំងពីរនរណាជាអ្នកឈ្នះបាន៣ពិន្ទុ?។

ចំណែកកីឡាករឡុង បេនលឿន ត្រូវជួបជាមួយកីឡាករថៃស៊ីងថង ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាដែរនាពេលកន្លងមក ស្នៀតខ្លាំងរបស់កីឡាករថៃភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលអោយគូប្រកួតដួលទាំងជំហរ។ រីឯកីឡាករឡុង បេនលឿន វិញគេពូកែខាងកណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។ ចាំមើលរវាឡុង បេនលឿន និងកីឡាករថៃស៊ីងថង នេះនរណាជាអ្នកឈ្នះទទួលបាន៣ពិន្ទុ?។

ដោយឡែកកីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករអ៊ីរ៉ង់Tabtoukhzadeh Mostafa ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករអ៊ីរ៉ង់ម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុន្មាននោះដែរ។ ចំណែកកីឡាករម៉ឺន មេឃា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​ និង​ទទួល​បាន​ជ័យជម្នះ​រហូត​ផង​ដែរ។ ចាំមើលរវាងម៉ឺន មេឃា និងកីឡាករកីឡាករអ៊ីរ៉ង់Tabtoukhzadeh Mostafa នរណាជាអ្នកឈ្នះ?​៕

Facebook Comments
Loading...