ស្ត្រីម្នាក់ស្លាប់ពេលទៅឈឺពោះឆ្លងទន្លេរក្នុងមជ្ឈមណ្ឌលគាំពារមាតា និងទារក(ពេទ្យជប៉ុន)

0
779

ភ្នំពេញ ៖ សម័យជឿនលឿនបែបនេះទៅហើយ!រឿងសម្រាលកូនបណ្តាលអោយស្លាប់ម្តាយរឺស្លាប់ទាំងកូនក្នុងផ្ទៃមិនគួរណាអោយមានទៀតទេ។ តែរឿងនេះបានកើតឡើងទៅលើក្រុមគ្រួសារបងប្រុសម្នាក់ ដែលគាត់បាននាំប្រពន្ធទៅសម្រាលកូនដំបូងនៅមន្ទីរពេទ្យជប៉ុន ហើយបានធ្វើអោយប្រពន្ធនិងកូនស្រីរបស់គាត់ស្លាប់ទាំង២នាក់ទៅវិញ កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ។

រៀបរាប់ទាំងទឹកភ្នែករលីងរលោង បងប្រុសឈ្មោះ សុភា វីរៈ ដែលជាប្តីបានបញ្ជា​ក់ថា រូបគាត់បានរៀបការជាមួយប្រពន្ធបានរយៈពេល២ឆ្នាំហើយ ប្រពន្ធគាត់ទើបតែទម្ងន់កូនដំបូងទេ។ ជារៀងរាល់ខែ គាត់តែងតែនាំប្រពន្ធគាត់មកតាមដានផ្ទៃពោះ(ឆ្លុះអេកូ) មិនដែលខានឡើយ ព្រោះជាកូនដំបូងត្រូវតែប្រុងប្រយត្ន័។ ពេលដែលប្រពន្ធគាត់ទម្ងន់បាន៧ខែ ស្រាប់តែមានធ្លាក់ឈាមតិចៗ ទើបគាត់ជាប្តីបាននាំប្រពន្ធទៅក្លីនិចឯកជនមួយដើម្បីពនិត្យ លទ្ធផលចេញមកថាខ្វះគ្រាប់ឈាម ហើយពេទ្យជំនាញបានណែនាំអោយរូបគាត់នាំភរិយាទៅមន្ទីរពេទ្យរដ្ឋណាមួយទៅព្រោះថានៅទីនោះគេមានឧបករណ៍ និងសម្ភារៈគ្រាប់គ្រាន់។ បន្ទាប់ពីបានការណែនាំពីគ្រូពេទ្យជំនាញហើយ ទើបរូបគាត់នាំប្រពន្ធមកមជ្ឈមណ្ឌលគាំពារមាតា និងទារក(ពេទ្យជប៉ុន)ខាងលើនេះទៅ។

ប្រភពដដែលបានបន្តទៀតថា ពេលនាំមកដល់ដំបូងក្រុមគ្រូពេទ្យបាននាំអ្នកជម្ងឺ(ជនរងគ្រោះ) ទៅពិនិត្យផ្ទៃពោះដូចធម្មតា ហើយលទ្ធផលក៏បង្ហាញថា គ្មានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ថែមទាំងបានអោយស្ត្រីរងគ្រោះខាងលើ សំរាកនៅបន្ទប់សម្រាលថែមទៀតផង ។ អស់រយៈពេល២ថ្ងៃមកហើយអ្នកជំងឺនៅមានអាការៈជាធម្មតាទេ លុះចូលដល់ថ្ងៃទី៣ ទើបអ្នកជំងឺមានការឈឺចុកក្នុងពោះតិចៗ ទើបក្រុមគ្រួសារបានទៅរកពេទ្យអោយមកពិនិត្យ តែពេទ្យនៅតែថាមិនអីទេ គ្រាន់តែដាក់សេរ៉ូមនិងតាមដានចង្វាក់បេះដូងធម្មតា។ ដោយមិនអស់ចិត្តក្រុមគ្រួសារក៏បានសួរបញ្ជាក់ពេទ្យថា តើអ្នកជំងឺអាចសម្រាលកូនបានទេ? ពេទ្យឆ្លើយមួយម៉ាត់យ៉ាងខ្លីថា បើកើតមិនបានគេវៈហើយ មិនបាច់ភ័យទេ។

ដោយឡែកបើតាមសម្តីបងស្រីបង្កើតជនរងគ្រោះឈ្មោះឈិន ហេង អាយុ៣៥ឆ្នាំគឺជាអ្នកដេកកំដរក្បែរជនរងគ្រោះរហូតដល់ដង្ហើមចុងក្រោយបានបញ្ជាក់បន្ថែមទៀតថា នៅអំឡុងពេលម៉ោងប្រហែល១ រំលងអាធ្រាត គឺជាពេលវេលាដែលអ្នកជំងឺធ្វើទុក្ខខ្លាំងបំផុត ពេលនោះរូបគាត់រូមទាំងបងប្អូន២នាក់ទៀត បានទៅរកគ្រូពេទ្យប្រចាំការតែរកមិនឃើញ គឺឃើញតែបុរសម្នាក់ស្លៀកសំលៀកបំពាក់ស ហើយដេកលើគ្រែអ្នកជំងឺ ដាក់កាសស្តាប់ចម្រៀងយ៉ាងរំភើយ ចំណែកគ្រូពេទ្យគឺមិននៅកន្លែងទេ។ រូបគាត់រត់ចុះឡើងរកមិនឃើញ ទាល់តំរិះគាត់បានទៅដាស់បុរសដែលដេកស្តាប់កាសចម្រៀងនោះដើម្បីសួរនាំរកគ្រូពេទ្យ តែពេលដែលបុរសនោះងើបទើបគាត់ដឹងថា បុរសដែលដេកស្តាប់ចម្រៀងនោះគឺជាពេទ្យប្រចាំការ។ បន្ទាប់ពីបានប្រាប់គ្រូពេទ្យដែលដេកស្តាប់ចម្រៀងនោះ អំពីអាការៈអ្នកជំងឺហើយ គាត់(គ្រូពេទ្យ)បានដើរទៅមើលអ្នកជំងឺ ព្រមទាំងនិយាយថាមិនអីទេ រួចក៏ដើរមកដេកវិញ។ ប្រហែលជា៣០នាទីក្រោយមក អ្នកជំងឺមានអាការៈកាន់តែធ្ងន់ធ្ងរទៅៗ គាត់ក៏ទៅដាស់គ្រូពេទ្យនោះម្តងទៀត គាត់(គ្រូពេទ្យ)ក៏បានទៅហៅពេទ្យស្រីម្នាក់ទៀតមកមើល ហើយពេទ្យស្រីដែលមកក្រោយនោះបានបូមថ្នាំ(មិនដឹងថ្នាំអ្វីទេ)ចំនួន៤ ម្ជុលមកចាក់អ្នកជំងឺធ្វើអោយអ្នកជំងឺត្រដរខ្យល់ប្រកាច់ចាប់មិនចង់ឈ្នះ។ ពេលដែលពេទ្យស្រីនោះឃើញអ្នកជំងឺប្រកាច់ខ្លាំងយ៉ាងដូច្នេះបានបោះពាក្យសម្តីថា ឈឺប៉ុណ្ណឹងហើយនៅរើបំរាស់ខ្លាំងទៀត សង្ស័យតែធ្លាប់ប្រើប្រាស់គ្រឿងញៀនហើយមើលទៅ។ គ្រាន់តែលឺសម្តីពេទ្យនិយាយដូច្នេះសាច់ញាត្តិទាំងអស់ខឹងទ្រាំស្ទើរតែមិនចង់បានតែនៅទប់អារម្មណ៍មិនចង់មានរឿងជាមួយគ្រូពេទ្យ សុំតែម្យ៉ាងទេ ធ្វើយ៉ាងណាអោយតែអ្នកជំងឺបានធូរ។ ប្រហែលជា​មួយម៉ោងក្រោយមក កម្លាំងអ្នកជំងឺកាន់តែថយចុះខ្លាំងៗ ក្រុមគ្រួសារសួរពេទ្យស្រីប្រចាំការនោះទៀត គ្រូពេទ្យនៅតែឆ្លើយថា ពេលអ្នកជំងឺដេកលក់ហើយ ភ្ញាក់មកវិញគឺអស់អីហើយ កុំបារម្ភ។ តែអ្វីៗមិនបានដូចពេទ្យនិយាយទេ គឺអ្នកជំងឺបានបាត់ដង្ហើម ធ្វើអោយក្រុមគ្រួសារស្រែកសួរពេទ្យស្រីនោះម្តងទៀត ពេទ្យស្រីនោះក៏ដើរមកមើលធ្វើចលនាបេះដូងនៅតែមិនដឹងខ្លួន ទើបឆោឡោរុញអ្នកជំងឺចូលបន្ទប់សង្គ្រោះបន្ទាន់។ រយៈពេលមួយម៉ោងក្រោយមក ស្រាប់តែក្រុមគ្រូពេទ្យចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយនិយាយថា សុំទោសយើងប្រឹងអស់លទ្ធភាពហើយ គាត់ផុតហើយ។ លឺសម្តីពេទ្យនិយាយដូច្នេះក្រុមគ្រួសារនាំគ្នាយំគ្រប់គ្នាហើយនិយាយទៅកាន់ក្រុមគ្រូពេទ្យថា ហេតុអ្វីបានជាមន្ទីរពេទ្យនេះខ្វះវិជ្ជាជីវៈបែបនេះ ទុកអ្នកជំងឺរហូតដល់ស្លាប់។ ព្រោះថារយៈពេលដែលអ្នកជំងឺធ្វើទុកខ្លាំងរហូតដល់ពេលដាច់ខ្យល់ស្លាប់គឺប្រហែល៤ម៉ោង។ បើថាមិនអាចមានលទ្ធភាពសង្គ្រោះគេទេ ម្តេចក៏មិនប្រាប់ដើម្បីអោយគេនាំសាច់ញាត្តិទៅពេទ្យផ្សេង ហេតុអ្វីបានចេះតែនិយាយថា មិនអីមិនអីអញ្ចឺង។

ជាចុងក្រោយនេះក្រុមគ្រួសារសព សូមសុំណូមពរដល់ក្រសួងដែលពាក់ពន្ធ័ ជាពិសេសក្រសួងសុខាភិបាល ដែលមានលោក ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រី មេត្តាជួយពិនិត្យមើលករណីនេះផង កុំបណ្តោយអោយកើតមានឡើងចំពោះប្រជាពលរដ្ឋខ្មែរបន្តទៀត។ ហើយបើថាពេទ្យខ្វះជំនាញហេតុអ្វីបានជាបើកទទួលអ្នកជំងឺបែបនេះ ធ្វើបែបនេះហាក់ដូចជាយកជីវិតគេមកលេងសើចអញ្ចឹង៕

Facebook Comments
Loading...