លោកសុខ សម្បត្តិ ផ្តល់សម្ភារៈកីឡា និងថវិកាលើកទឹកចិត្តដល់ក្រុមបាល់ទាត់ខណ្ឌព្រែកព្នៅ

0
1309

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានផ្តល់សម្ភារៈកីឡា និងប្រាក់ឧបត្ថម្ភមួយចំនួន ដល់ក្រុម បាល់ទាត់យុវជន ខណ្ឌព្រែកព្នៅ សម្រាប់ការចូលរួមប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ Soccer League លើកទី៥ឆ្នាំ២០១៩ ដែលនិងប្រព្រឹត្តិទៅក្នុងពេលឆាប់ខាងមុខនេះ។

សម្ភារៈកីឡា ដែលលោកអភិបាលខណ្ឌ ប្រគល់ជូននាពេលនោះ រួមមានខោអាវ ស្បែកជើង ស្រោមជើង ទ្រនាប់ស្មងសម្រាប់ ការប្រកួតសរុបចំនួន១៣០០ដុល្លារអាមេរិក  ព្រមទាំងថវិកាចំនួន១លានរៀល ដើម្បីផ្គត់ផ្គង់បម្រើដល់ការប្រកួតនៅក្នុងក្រុម។

ក្នុងនោះផងដែរលោកសុខ សម្បត្តិ បានមានប្រសាសន៍ ក្រើនរំលឹកដល់ក្រុមយុវជនខណ្ឌព្រែកព្នៅ ទាំងអស់ត្រូវរក្សានូវចំណងសាមគ្គីភាពមិត្ត ភាព និងយោគយល់គ្នា នៅក្នុងក្រុម ដើម្បីប្រកួតដណ្តើមយកជ័យជម្នះ និងលើកមុខមាត់ជូនក្រសួងពត៌មាន។

លោកបញ្ជាក់ទៀតថា ក្រុមកីឡាករ ដែលត្រូវចូលរួមការប្រកួតនេះ ត្រូវប្រកួត ដោយគោរពនូវក្រមសីលធម៌ ច្បាប់វិន័យ លក្ខន្តិកៈ បទបញ្ជាការប្រកួត និងត្រូវខិតខំប្រកួតឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ចៀងវាងបង្កជម្លោះ នៅលើទីលានប្រកួត ដែលប្រាកចាកពី គោលបំណងក្នុងការរៀបចំ គឺដើម្បីបង្កើននូវ មិត្តភាព សាមគ្គីភាព ទំនាក់ទំនងល្អរវាងយុវជន តាមបណ្តាខណ្ឌ ក្នុងរាជធានី ព្រមទាំង ក្រសួង ស្ថាប័ន ផងដែរ ។

លោក ឈាន ណារ៉ា តំណាង ក្រុមកីឡាបាល់ទាត់យុវជនខណ្ឌព្រែកព្នៅ បានបញ្ចាក់ថា កន្លងមក ក្រុមរបស់លោកធ្លាប់បានចូលរួមប្រកួតពានរង្វាន់៧មករា ជាមួយនោះលោកអភិបាលខណ្ឌ តែងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាមិនដែល អាក់ខានឡើយ ដែលជាការលើកទឹកចិត្តឲ្យ កីឡាករក្នុងក្រុម មានឆន្ទៈខ្ពស់ក្នុងការប្រកួត និងលើកកម្ពស់ កម្រិតបច្ចេកទេសបានកាន់តែប្រសើរ ។

សូមបញ្ជាក់ថា ការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League លើកទី៥ឆ្នាំ២០១៩ នឹង ដំណើរការប្រកួត នៅថ្ងៃទី០២ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ។ ដោយឡែក រង្វាន់ជ័យលាភី សម្រាប់ពានរង្វាន់ Soccer League លើកទី៥នេះ លេខ១ទទួលបាន ២០លានរៀល អមដោយមេដាយមាស និងពាន១។ លេខ២ ទទួលបាន១០លានរៀល និងលេខ៣ ទទួលបាន៥លានរៀល។ មួយវិញទៀត ក៏មានពានជាក្រុម និងពានលក្ខណៈបុគ្គលជាច្រើនផងដែរ៕

Facebook Comments
Loading...