មន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តប្រកាស និងសេចក្តីណែនាំដែលបានធ្វើប្រតិភូកម្ម ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ដល់មន្ត្រីក្រោមឱវាទក្រសួង

0
60

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានបើកសិក្ខាសាលាពង្រឹងសមត្ថភាព ក្នុងការអនុវត្តប្រកាស និងសេចក្តីណែនាំ ដែលបានធ្វើប្រតិភូកម្ម ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ដល់មន្ត្រីក្រោមឱវាទក្រសួង ក៏ដូចជាមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ក្រោមអធិបតីភាពលោក នួន សុមេធ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា នាឱកាសនោះលោក នួន សុមេធ បានឱ្យដឹងថា ឆ្នាំ២០១៨ គឺជាឆ្នាំទី២ នៃផែនការអនុវត្ត៣ឆ្នាំ ដំណាក់កាលទី៣ (ផ.អ.៣-៣) ដែលជាដំណាក់កាលចុងក្រោយ នៃការអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (២០១១-២០២០)។

លោកបានបន្តថា អនុវត្តតាមកម្មវិធីថ្នាក់ជាតិនេះ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរហូតមកដល់បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍ ដែលមានគណៈកម្មាធិការមួយ និងមានលេខាធិការដ្ឋាន គ.ជ.អ.បក្រសួង ជាយន្តការដឹកនាំអនុវត្តផ្ទាល់លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យទេសចរណ៍ ទទួលបានលទ្ធផលជាបន្តបន្ទាប់ដូចខាងក្រោម៖១៖ បានរៀបចំបញ្ជីមុខងារចម្បង និងមុខងាររង ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។២៖ បានធ្វើការពិនិត្យឡើងវិញនូវមុខងារ ដែលនឹងត្រូវផ្ទេរទៅឱ្យថ្នាក់ក្រោមជាតិ ព្រមជាមួយការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីធានាអនុវត្តនូវមុខងារដែលនឹងត្រូវផ្ទេរទៅឱ្យថ្នាក់ក្រោមជាតិ។៣៖ បានដំណើរការផ្ទេរនូវមុខងារដូចតទៅ៖*បានធ្វើប្រតិភូកម្មការគ្រប់គ្រង មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ឱ្យទៅរដ្ឋបាលរាជធានី-ខេត្ត។* បានធ្វើប្រតិភូកម្មការគ្រប់គ្រងអាជីវកម្មទេសចរណ៍ ឱ្យទៅរដ្ឋបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។* បានធ្វើប្រតិភូកម្មការគ្រប់គ្រងអាជីវកម្មទេសចរណ៍ ឱ្យទៅរដ្ឋបាលខេត្តកែប។* បានធ្វើប្រកាស និងសេចក្តីណែនាំរបស់ក្រសួង ស្តីពីការធ្វើប្រតិភូកម្មមុខងារផ្តល់សេវាទេសចរណ៍ ឱ្យទៅរដ្ឋបាលរាជធានី-ខេត្ត។

លោកអនុរដ្ខលេខាធិការបានបន្តឱ្យដឹងថា ទន្ទឹមការអនុវត្តអនុក្រឹត្យលេខ ១៨ ក្រសួងនឹងពិនិត្យលើការផ្ទេរមុខងារផ្តល់សេវាទេសចរណ៍ជាដំណាក់កាលៗ ជូនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាបន្តទៀតស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីបានរួមចំណែកក្នុងការផ្តល់សេវានេះបានទាន់ពេលវេលា តម្លាភាព គណនេយ្យភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកបានបន្ថែមថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ក្រសួងទេសចរណ៍បានធ្វើសិក្ខាសាលាផ្សព្វផ្សាយប្រកាស និងសេចក្តីណែនាំស្តីពីការធ្វើប្រតិភូកម្មមុខងារផ្តល់សេវាទេសចរណ៍ឱ្យទៅរដ្ឋបាលរាជធានី-ខេត្ត ដែលមានសមាសភាពពាក់ព័ន្ធបានចូលរួម គឺអភិបាលរងរាជធានី-ខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ នាយករដ្ឋបាលរាជធានី-ខេត្ត ប្រធាន-អនុប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត៕

Facebook Comments
Loading...