ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នអំពីភ្លើងទាន ធូប មុនចេញដំណើរក្និងរដូវបិណ្ឌភ្ជុំនេះ

0
405

ភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នមុនចេញដំណើរកំសាន្ត និងទៅវត្តអារាមនានាក្នុងរដូវកាន់បិណ្ឌ និងភ្ជុំខាងមុខ ចំពោះបញ្ហាគ្រោះអគ្គីភ័យ ដែលអាចកើតឡើងគ្រប់ពេល ហើយដើម្បីបង្ការនិងទប់ស្កាត់ កុំឲ្យកើតឡើង សូមប្រជាពលរដ្ឋទាំងអស់ត្រូវពន្លត់ភ្លើងទាន ធូប មុនចេញដំណើរឲ្យបានគ្រប់គ្នា។

លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នេះថាការរៀប ចំសណ្តាប់ធ្នាប់ និងកិច្ចការពារសន្តិសុខសុវត្ថិ ពោលគឺការ ទប់ស្កាត់អោយបាននូវបទល្មើស ផ្សេងក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌខាងមុខនេះ គឺជាការចាំបាច់បំផុតរបស់អាជ្ញាធរខណ្ឌ សង្កាត់ ហើយការងារដែលត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតនោះ គឺគ្រោះអគ្គីភ័យដែលអាចកើតឡើងគ្រប់ពេល អំពីភ្លើងធូប ទាន។

លោកបន្តថា សម្រាប់ខែនេះ គឺជាខែដែលបងប្អូន ប្រជាពលរដ្ឋបាន និងកំពុងប្រារព្ធនូវពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដូច្នេះទេ កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរដែនដី កំលាំងពាក់ព័ន្ធទាំងអស់ត្រូវតែ ពង្រឹងបន្ថែម នូវកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដោយប្រជាពលរដ្ឋត្រូវធ្វើដំណើរទៅវត្តអារាម តំបន់កំសាន្តនានា ក៏ដូចជា ចាកចេញពីផ្ទះទៅកាន់បណ្ដាខេត្តនានា ដូច្នេះទេយើងត្រូវការពារ លំនៅឋានរបស់ពួកគាត់ ពិសេស លើបទល្មើសចោរកម្ម លួច ឆក់ ប្លន់ជាដើម។

ក្នុងនោះផងដែរលោកអភិបាលខណ្ឌ ក៏ពាវនាវដល់បងប្អូនទាំងអស់ ឲ្យមានការប្រុងប្រយ័​ត្នភ្លើងធូប ទាន មុនចេញដំណើរកំសាន្ត និងទៅ វត្តអារាមនានា។ ជាចុងក្រោ​យលោកសុខ សម្បត្តិ ក៍បានក្រើនរំលឹកដល់ចៅសង្កាត់ ប្រធានភូមិ ដែលជាប់ផ្ទៃបឹងតាមោគត្រូវយកច្បាប់មកអនុវត្តហើយយកចិត្តទុដាក់ឲ្យបានខ្ពស់បំផុត កុំឲ្យមានអ្នកមករំលោ​ភគោលបំណងកាន់កាប់ផ្ទៃបឹងទៀត។

លោកបញ្ជាក់ថា ភូមិនិងសង្កាត់ត្រូវដឹងមុនគេថា តើអ្នកមករំលោភផ្ទៃបឹងនោះ មកពីណាហើយយកអ្វីមកធ្វើបានជាអាជ្ញាធរមូលដ្ឋានមិនដឹង សូមកុំឲ្យអង្កក្លាយជាបាយហើយ ទើបយើងមានវិធានការនោះពិតជាពិបាកមិនខាន។ ក្នុងនោះផងដែរលោកអភិបាលខណ្ឌព្រែកព្នៅ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋដ៍ទៃទៀត កុំព្យាយាមបោះតំរ៉ុយក្នុងបឹងតាមោគយកធ្វើជាកម្មសិទ្ធទៀតអី ព្រោះបឹងតាមោគនេះ​កាល​ពីដើមខែកុម្ភៈឆ្នាំ២០១៦កន្លងទៅនេះ រា​ជ​រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ស្ដីពីការកំ​ណត់​ផ្ទៃបឹងតាមោគ ឬបឹងកប់ស្រូវ ដែ​លក្រឡា ផ្ទៃបឹងមានទំហំ ៣២៣៩,៧ហិកតា​ស្ថិតក្នុង​រាជធានីភ្នំពេញជាសាធារណៈរបស់រដ្ឋ មិនត្រូវឲ្យមានជនណាម្នាក់រំលោភយកធ្វើជាកម្មសិទ្ធ​ផ្ទាល់​ខ្លួនបានឡើយ៕

Facebook Comments
Loading...