មន្ទីរពហុព្យាបាល និងសម្ភព វនីដា គ្មានពេទ្យជំនាញប្រចាំការណ៍ ធ្វើឲ្យអ្នកជំងឺរង់ចាំជាច្រើនម៉ោង ពេលទៅរកការព្យាបាលម្តងៗ

0
1164

ភ្នំពេញ ៖ ពិតជារឿងដែលគួរអោយហួសចិត្តនិងសង្វេកបំផុតដែលនៅប្រទេសកម្ពុជាយើងមានប្រភេទមន្ទីរពេទ្យឯកជនដែលស្គាល់តែលុយ មិនមានវិជ្ជាជីវៈជាគ្រូពេទ្យ ខណៈពេលដែលមន្ទីរពេទ្យទាំងមូលពេលអ្នកជំងឺមានអាសន្នបែរជាគ្មានពេទ្យជំនាញប្រចាំការណ៍ បណ្តោយអោយអ្នកជំងឺត្រូវរង់ចាំអស់រយៈពេលជាច្រើនម៉ោងទំរាំតែគ្រូពេទ្យជំនាញ ផុតម៉ោងបំរើការនៅមន្ទីរពេទ្យរដ្ឋទើបបានមកជួប។

ជាក់ស្តែងរឿងដែលគួរអោយហួសចិត្តនេះបានកើតទៅលើបរុសម្នាក់ដែលគាត់សុំមិនបញ្ជេញឈ្មោះ ខណៈពេលដែលគាត់នាំប្រពន្ធឈឺពោះឆ្លងទន្លេ នៅមន្ទីរពហុព្យាបាល និងសម្ភព វនីដា ដែលមានទីតាំងតាមបណ្តោយផ្លូវ១៥៦ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោ។ បន្ទាប់ពីសំរាលបានកូនស្រីគួរអោយស្រឡាញ់ម្នាក់ត្រឹមតែរយៈពេល១ថ្ងៃ ស្រាប់តែទារិកាខាងលើនោះ មានអាការៈមិនស្រួល ទើបឪពុកខំរត់ទៅរកពេទ្យជំនាញអោយមកជួយមើលកូនស្រីរបស់គាត់ តែបែរជាខាងពេទ្យប្រចាំការណ៍ឆ្លើយថា ពេទ្យជំនាញចេញទៅក្រៅបាត់ហើយចាំបន្តិច ព្រមទាំងឆ្លើយដោយគ្មានការទទួលខុសត្រូវ ឆ្លើយពង្វាងថា ចាំពេលនេះពេលនោះ ទុករហូតដល់ចង់ហួសពេល ទារិកាខាងលើដាច់ពោះវៀនធំ រហូតដល់៥កន្លែង ធ្ងន់ធ្ងរ ទើបដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា។

ជួបជាមួយឪពុកទារិកាកំសត់ខាងលើគាត់បានឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានទាំងទឹកមុខស្រងូតស្រងាត់ថា នេះជាកូនទី៤ហើយសំរាប់គ្រួសារគាត់ ដោយកូន៣នាក់មុនសុទ្ធតែជាកូនប្រុស ហើយកូនទី៤នេះគឺជាកូនស្រីធ្វើអោយគាត់ដែលជាឪពុកមានការសប្បាយរំភើបចិត្តយ៉ាងខ្លាំងដោយបានកូនស្រីហើយមានសុខភាពល្អមុខមាត់ស្រស់ថ្លា ។ តែបន្ទាប់ពីកើតបានមួយថ្ងៃ គឺនៅវេលាម៉ោង ប្រហែល៨ព្រឹក កូនស្រីពៅរបស់គាត់ហាក់មានអការៈចម្លែក មិនព្រមបៅដោះហើយចេះតែយំរហូត ពេលដែលគាត់យកដៃស្ទាបពោះកូនស្រីគាត់គឺមានសភាពតឹងប៉ោង(ទល់លាមក) ភ្លាមៗនោះរូបគាត់បានទាក់ទងទៅកាន់គ្រូពេទ្យប្រចាំការណ៍ តែត្រូវគ្រូពេទ្យឆ្លើយវិញថា ចាំបន្តិចទៅព្រោះគ្រូពេទ្យជំនាញមិននៅ ។ បន្ទាប់ពីចាំរហូតដល់ម៉ោងជាង១១ថ្ងៃត្រង់គាត់ក៏បានសួរទៀត ហើយត្រូវគ្រូពេទ្យប្រចាំការនិយាយថា គ្រូពេទ្យជំនាញមិនទាន់ចប់ម៉ោងនៅមន្ទីរពេទ្យរដ្ឋទេ។

គ្រាន់តែលឺពាក្យនេះគាត់ស្ទើរធ្លាក់ថ្លើមដល់ដីព្រោះថាមន្ទីរពេទ្យមួយទាំងមូលបែរជាត្រូវរង់ចាំពេទ្យជំនាញចប់ម៉ោងធ្វើការនៅមន្ទីរពេទ្យរដ្ឋទើបមកពិនិត្យទៅវិញ។ លុះគាត់ចាំរហូតដល់ម៉ោងជិត២រសៀល ទើបមានគ្រូពេទ្យជំនាញមក ហើយបានធ្វើឯកសារបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។ ពេលទៅដល់មន្ទីរពេទ្យគន្ធបុប្ផាក្រុមវេជ្ជបណ្ឌិតនិយាយថាទារិការខាងលើមានសង្ឃឹមតែ៥០%ប៉ុណ្ណោះក្នុងការសង្គ្រោះ។

ក្រោយពេលរៀបរាប់ទាំងទឹកភ្នែករលីងរលោងប្រាប់អ្នកសារព័ត៌មានហើយ ឪពុកទារិកាខាងលើបាននិយាយពាក្យប៉ុន្មានម៉ាត់ថា គាត់ឆ្ងល់ក្រសួងសុខាភិបាល ហេតុអ្វីបានជាបណ្តោយអោយមន្ទីរពេទ្យប្រភេទនេះបើកដំណើរការទៅវិញ គ្មានពេទ្យជំនាញ រឺមួយបើកពេទ្យយកតែលុយ ហើយមិនខ្វល់ពីជីវិតមនុស្ស គាត់ពិតជាចង់ជួបមុខម្ចាស់មន្ទីរពេទ្យហើយសួរសំនួរថា ហេតុអ្វីបានជាចូលចិត្តយកជីវិតគេមកលេងសើចយ៉ាងដូច្នេះ?៕

Facebook Comments
Loading...