អាជ្ញាធរខណ្ឌព្រែកព្នៅ ជម្រុញការរឹតបន្ដឹងការគោរពច្បាប់ចរាចរណ៍ ពិសេសការពាក់មួកសុវត្ថិភាព

0
884

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌព្រែកព្នៅ បានជម្រុញ ឲ្យកងកម្លាំងរបស់ខ្លួន ព្រងឹងការត្រួតពិនិត្យការ គោរពច្បាប់ចរាចរណ៍ ឲ្យបានតឹងរ៉ឹង និងជាប់ជាប្រចាំពិសេសការពាក់មួកសុវត្ថិភាព ដើម្បីឲ្យអ្នកធ្វើចរាចរណ៍តាមដងផ្លូវទាំងអស់ មានការទទួលខុសត្រូវខ្ពស់ក្នុងការគោរពច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ឲ្យបានច្រើន ព្រោះថាករណីគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន​នៅតែមានតួលេខខ្ពស់ដែលគួរឲ្យព្រួយបារម្មនៅឡើយ។

ក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាព ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០២ ខែកញ្ញា នេះ លោក វរៈសេនីយឯក​ ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ក្នុងរយៈពេល១ខែ គឺចាប់ពីថ្ងៃទី២២ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងយុទ្ធនាការ ត្រួតពិនិត្យមួកសុវត្ថិភាព កម្លាំងសម្ថកិច្ចយើង ត្រួតពិនិត្យ ម៉ូតូបានចំនួន១៦៨៣គ្រឿង មនុស្សចំនួន២៨២២នាក់ ក្នុងនោះអ្នកបើកបរ ចំនួន១៦៨៣នាក់ មិនពាក់មួកសុវត្ថិភាព ចំនួន៩៥៩នាក់ ឯអ្នករួមដំណើរចំនួន១១៣៩នាក់ មិនពាក់មួយកសុវត្ថិភាព ចំនួន៧៨០នាក់។

លោកបន្តថា តួលេខនេះបង្ហាញថា ចំនួនអ្នកមិនពាក់មួកសុវត្ថភាពនៅមានចំនួនច្រើននៅឡើយ គឺស្មើនឹងជាង៥០% ។អ្នកមិនពាក់មួកសុវត្ថិភាពទាំងនេះ ភាគច្រើនគឺជាអ្នកនៅក្នុងមូលដ្ឋានតែម្ដង ឯអ្នកធ្វើដំណើរឆ្លងកាត់ មកពីទីឆ្ងាយ ឬពីតាមបណ្ដាខេត្តនានាគឺមានការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ។

ដោយឡែកលោក សុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ គាត់មិនទាន់គោរពច្បាប់ចរាចរណ៍ឲ្យបានពេញលេញនៅឡើយ ពួកគាត់មិនសូវគោរពច្បាប់ចរាចរណ៍ ឬភ្លើងសញ្ញាចរាចរណ៍នោះទេ គឺគាត់ខ្លាចតែនគរបាលចរាចរណ៍ប៉ុណ្ណោះ។ ដូចច្នេះយើងជាសមត្ថកិច្ចត្រូវប្រើគ្រប់វិធានការ ដើម្បីឲ្យគាត់ អនុវត្តទៅតាមច្បាប់ឲ្យបានពេញលេញ។

លោកអភិបាលខណ្ឌបញ្ជាក់ថា ដើម្បីកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ ទាល់តែយើងទាំងអស់គ្នា យកចិត្តទុក ដាក់ខ្ពស់ក្នុងការគោរពច្បាប់ចរាចរណ៍ គោរពស្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ បើកបរមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន ការគោរពសិទ្ធអាទិភាព មិនបើកបរហួសល្បឿនកំណត់ មិនផ្ទុកលើសទម្ងន់ ជាពិសេសត្រូវ ពាក់មួកសុវត្ថិភាពនិងខ្សែក្រវ៉ាត់សុវត្ថិភាពនិងត្រូវមានសុជីវធ៌មក្នុងការបើកបរ និងមានការយោគយល់អធ្យាស្រ័យគ្នាផងដែរ។ ក្នុងនោះផងដែរលោកសុខ សម្បត្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវរៀបចំខ្លួនឲ្យបានល្អ និងចូលរួមគោរពច្បាប់ឲ្យបានពេញលេញ ខណៈដែល ការត្រួតពិនិត្យការអនុវត្តច្បាប់នឹងត្រូវរឹតបន្តឹងនោះ៕

Facebook Comments
Loading...