សន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជាក្រោមប្រធានបទ«លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌដើម្បីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព»

0
810

ភ្នំពេញ ៖ សន្និសីទអន្តរជាតិស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា លើកទី១នេះបានប្រព្រឹត្តទៅក្រោមប្រធានបទ «លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌដើម្បីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព» ដែលមានគោលដៅផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ម្ហូបអាហារ និងផលិតផលខ្មែរ ឱ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញថែមទៀត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ម្ហូបអាហារ និងផលិតផលខ្មែរ ដែលបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិទៅកាន់ពិភពលោក។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ក្រសួងទេសចរណ៍កម្ពុជាបានសហការជាមួយអង្គការទេសច​រណ៍ពិភពលោក (UNWTO) រៀបចំសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា (The First International Conference on Cambo​dia Gastronomy and Food Tourism) ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ស៊ូ ជីង (Xu Jing) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) ព្រមទាំងមានការចូលរួមពីប្រតិភូនៃប្រទេសជាសមាជិកអាស៊ាន វាគ្មិនអន្តរជាតិ ថ្នាក់ដឹកនាំ មន្ត្រីក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី ខេត្ត តំណាងក្រសួងស្ថាប័នរដ្ឋ ផ្នែកឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អង្គការជាតិ អន្តរជាតិ សកលវិទ្យាល័យ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អ្នកជំនាញទេសចរណ៍ សិស្ស និស្សិត សរុបប្រមាណ ៦០០នាក់។

សន្និសីទអន្តរជាតិលើកទី១នេះបានប្រព្រឹត្តទៅក្រោមប្រធានបទ «លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌដើម្បីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព» ដែលមានគោលដៅផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ម្ហូបអាហារ និងផលិតផលខ្មែរ ឱ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញថែមទៀត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ម្ហូបអាហារ និងផលិតផលខ្មែរ ដែលបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិទៅកាន់ពិភពលោកឲ្យបានទូលំទូលាយ ស្របតាមបរិបទអាស៊ាន និងពិភពលោក ក៏ដូចជាស្របតាមការដាក់ចុះនូវយុទ្ធនាការ «នំបញ្ចុកសន្តិភាព» ដោយសម្តេចតេជោ ហ៊ុន សែន។

សន្និសីទអន្តរជាតិនេះនឹងមានការឡើងធ្វើបទបង្ហាញពីវាគ្មិនអន្តរជាតិ និងជាតិ លើប្រធានបទសំខាន់ៗដូចជា ផ្នែកទី១៖ និន្នាការទេសចរណ៍ម្ហូបអាហារក្នុងតំបន់ និងពិភពលោក
ផ្នែកទី២៖ ម្ហូបអាហារផ្សារភ្ជាប់វប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព ផ្នែកទី៣៖ ការពង្រឹង និងការអភិវឌ្ឍទេសចរណ៍ម្ហូបអាហារកម្ពុជា។ បន្ទាប់ពីចប់កិច្ចពិភាក្សាលើប្រធានបទទាំងនេះ នឹងមានការបូកសរុបលទ្ធផលនៃអង្គសន្និសីទនាពេលរសៀលនេះ ហើយបន្ទាប់មក លោក ថោង ខុន រដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១នេះ៕

Facebook Comments
Loading...