លោកនួន ជា អតីតមេដឹកនាំខ្មែរក្រហម បានទទួលមរណភាពហើយនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

0
850

ភ្នំពេញ អតីតមេដឹកនាំរបបខ្មែរក្រហម នួន ជា បានទទួលមរណភាពហើយកាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ក្នុងអាយុ៩៣ឆ្នាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយទីបំផុតនៃជីវិតមេបដិវត្តន៍ម្នាក់នេះ នៅសល់ត្រឹមតែបាតដៃទទេ និងការផ្តន្ទារពីប្រវត្តិសាស្ត្រថា “ជាសត្រូវរបស់ប្រជាជន” តែប៉ុណ្ណោះ។

បើតាមលោក នេត ភក្ដ្រា ជនជាប់ចោទ នួន ជា ត្រូវបានបញ្ជូនពីមន្ទីរឃុំឃាំងបណ្តោះអាសន្នរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យព្យាបាលជំងឺ តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។

ទាក់ទងបញ្ហានេះ លោក ហុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (សសសក) បានអះអាងដែរថា ទីបំផុតនៃជីវិតមេបដិវត្តន៍ម្នាក់ គឺលោក នួន ជា នៅសល់ត្រឹមតែបាតដៃទទេ និងការផ្តន្ទារពីប្រវត្តិសាស្ត្រថា “ជាសត្រូវរបស់ប្រជាជន” តែប៉ុណ្ណោះ។ លោកថាកាលពី១៤ឆ្នាំមុន គឺនៅឆ្នាំ២០០៥ លោកបានជួបសម្ភាសលោក នួន ជា នៅផ្ទះឈើមួយនៅផ្សារព្រំ ខេត្តប៉ៃលិន ជាប់ព្រំដែនកម្ពុជា-ថៃ។ ផ្ទះដែលគាត់រស់នៅរហូតមុនពេលត្រូវចាប់ខ្លួនយកមកកាត់ទោសនៅតុលាការខ្មែរក្រហម គឺជាផ្ទះដែលលោក អៀង សារី ឲ្យខ្ចីរស់នៅ។តាមលោក ហ៊ុយ វណ្ណៈ មេរៀនប្រវត្តិសាស្ត្រខ្មែរក្រហម សង្ខេបមកត្រឹមពាក្យ២ម៉ាត់ថា “មនោគមន៍វិជ្ជាបរទេស” និង “កំហុសខាងនយោបាយ” របស់ក្រុមបដិវត្តន៍ជ្រុលនិយម នាំមកនូវទុក្ខវេទនានិងវិនាសកម្ម ដល់ជាតិ និងប្រជាជនកម្ពុជាខ្លួនឯង។ មេរៀននេះ ដែលយើងតែងតែផ្តន្ទារទោស ពួកអ្នកនយោបាយជ្រុលនិយម ដោយគ្មានលើកលែង។

បើយោងតាមសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា នួន ជា មានឈ្មោះកំណើត ឡុង ប៊ុនរួត និងមានឈ្មោះក្លែងក្លាយថា “បងទី២” កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ នៅខេត្តបាត់ដំបង។លោកបានសិក្សាច្បាប់នៅសាកលវិទ្យាល័យធម្មសាត ដែលមានកេរ្តិ៍ឈ្មោះនៅទីក្រុងបាងកក ហើយនៅទីនោះ គាត់បានចូលរួមជាមួយបក្សកុម្មុយនីស្តថៃ។នៅឆ្នាំ១៩៦០ គាត់ត្រូវបានតែងតាំងជាអនុលេខាបក្សនៃបក្ស កុម្មុយ នីស្តកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនីស្តកម្ពុជា ហើយគាត់ស្ថិតនៅក្នុងតំណែងទាំងពីរនេះពេញមួយ របបកម្ពុជាប្រជាធិបតេយ្យ។

លោក នួន ជា រស់នៅជាមួយខ្មែរក្រហមរហូតដល់មានកិច្ចព្រមព្រៀងគ្នាមួយជាមួយរដ្ឋាភិបាលកម្ពុជានៅ ខែធ្នូ ឆ្នាំ១៩៩៨ ដែលអនុញ្ញាតឲ្យគាត់មករស់នៅក្បែរព្រំដែនថៃ។ លោកត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧៕

Facebook Comments
Loading...