លោកហង្ស ពេជ្រ ត្រូវបានតុលាការឃុំខ្លួនហើយ នៅឡើយអ្នកនៅពីក្រោយខ្នង

0
996

ភ្នំពេញ ៖ លោកហង្ស ពេជ្រ ត្រូវបានតុលាការឃុំខ្លួនហើយពាក់ព័ន្ធនឹងករណីបោះបង្គោលរំលោភយកដីស្រះព្រះទន្លេរ វត្តគោកបញ្ជាន់ ទំហំជិត៤ហិចតា កាលពីខែកក្កដា ឆ្នាំ២០១៩នេះ នៅឡើយអ្នកនៅពីក្រោយខ្នង ដែលអាជ្ញាធរបានស្គាល់អត្តសញ្ញាណហើយ តែមិនទាន់ចាត់ការ។

អំឡុងពេលសួរចម្លើយកន្លងមក លោក ហង្ស ពេជ្រ បានប្រាប់សមត្ថកិច្ចថា គាត់បានធ្វើតាមការពឹងពាក់ពី លោក ហេង ចេស្តា ដែលជាម្ចាស់ក្រុមហ៊ុន ហេង ចេស្តា ទើបបើកថ្មីរយៈពេលជាង៦ខែ ដោយយកលុយពីលោក ហេង ចេស្តា ផ្ញើតាមវីងចំនួន៤ម៉ឺន យកទៅឲ្យថ្លៃបាយកម្មករ បោះនិងដាំបង្គោល នៅទីតាំងស្រះព្រះទន្លេរនោះ តែប៉ុណ្ណោះ។

លោក ហង្ស ពេជ្រ ឲ្យដឹងទៀតថា លោកមិនដែលស្គាល់លោក ហេង ចេស្តា ពីមុនមកទេ ដោយបានស្គាល់ដោយចៃដន្យនៅហាងហូបចុកមួយកន្លែង ហើយក៏បានមានទំនាក់ទនងស្គាល់គ្នាបានរយៈពេលជាង១ខែតែប៉ុណោះ ត្រូវបានលោក ហេង ចេស្តា បានពឹងពាក់រូបលោកឲ្យយកលុយមកឲ្យថ្លៃបាយរបស់កម្មករ ដែលកំធ្វើការបោះបង្គោលនៅទីតាំងខាងលើតែម្តង។

លោក ហង្ស ពេជ្រ បានបន្តថាក្នុងនោះលោក ហេង ចេស្តា បានផ្ញើលុយតាមរយៈ វីង វេលុយ ចំនួន ៣លើក និងទទួលផ្ទាល់ចំនួន២ដងពីលោក សុខ សំអាត អាយុ៤២ឆ្នាំ មុខរបរជាវិរៈសេនីយ៍ត្រី នៅអង្គភាពអគ្គបញ្ជាការអង្គរក្ស យកលុយមកឲ្យរូបលោក ដើម្បីឲ្យថ្លៃបាយកម្មករចំនួន២លើកទៀតផងដែរ។

ប្រភពមួយទៀតបានលួចបង្ហើបថា ក្រោយពេលលោក ហង្ស ពេជ្យ ត្រូវចាប់ខ្លួនគឺមានបុគ្គលធ្វើការអន្តរាគមន៍យកលុយ៤០០០ដុល្លារ ដើម្បីរត់ការដោះលែងឲ្យលោក ហង្ស ពេជ្រ បានរួចខ្លួនមានសេរីភាព ប៉ុន្តែការអន្តរាគមន៍នេះ តាមប្រភពបានលួចបង្ហើបថា គឺត្រូវបានបរាជ័យហើយ។

សូមបញ្ជាក់ថា ករណីជនមិនស្គាល់មុខ ប្រើកូនចៅទៅបោះបង្គោលរបងព័ទ្ធយកដីវត្តគោកបញ្ជាន់ មានទំហំជិត ៤ហិកតា មានតម្លៃខ្ទង់ជិត២០លានដុល្លារកាលពីពេលថ្មីៗនេះ ឥឡូវមន្ត្រីអាជ្ញាធរបានស្គាល់អត្តសញ្ញាណ ជនខាងលើនេះហើយ បន្ទាប់ពីឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកទៅចូលរួម បោះបង្គោល និងឈរការពារបង្គោលដែលពួកគេបោះរំលោភយកដី វត្តតាមបញ្ជាមេកើយរបស់គេរួចមក។

កាលពីពេលថ្មីៗនេះ មានមនុស្សមួយក្រុមមានគ្នាជិត១០នាក់ បាននាំគ្នាយកបង្គោលទៅបោះរំលោភយកដីស្រះទឹកវត្តគោក បញ្ជាន់មានទំហំជាង៣ហិកតា មានទីតាំងស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ ហើយបោះទីតាំងឈរជើងនៅទី នោះដើម្បីការពារបង្គោល និងដីដែលពួកគេអះអាងថាធ្វើតាមបញ្ជាមេរបស់ពួកគេ។

ក្រោយមានករណីបែបនេះ បានធ្វើអោយអ្នកភូមិផ្ទុះប្រតិកម្មឡើង ហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានលើកគ្នាចុះទៅដកបង្គោលស៊ីម៉ង់ត៍នោះ ចេញវិញ រួមទាំងឃាត់ខ្លួនមនុស្សចំនួន២នាក់ យកទៅសាកសួរផងដែរ តែក្រោយមកបុរសម្នាក់ មិនមានពាក់ព័ន្ធក៏ដោះលែងវិញ ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធម្នាក់ឈ្មោះ ហង្ស ពេជ្រ តែប៉ុណ្ណោះ។

ដីស្រះព្រះទន្លេ របស់វត្តគោកបញ្ជាន់នេះ មានទំហំ៣៦,៦៥៦ម៉ែត្រការ៉េ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៥ ត្រូវបានលោក ឆាយ ឬទ្ធិសែន អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញកាលសម័យណោះ ចុះបញ្ជីចេញបណ្ណកម្មសិទ្ធិ ជា សម្បត្តិ របស់វត្តគោកបញ្ជាន់ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កាលពីអំឡុងឆ្នាំ២០១៦ ដីស្រះព្រះទន្លេនេះ ធ្លាប់មានក្រុមជនខិលខូចឃុបឃិតគ្នាលួចលក់ម្តងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋរារាំង និង ប្តឹងទប់ស្កាត់ទាន់ពេលវេលា។

ដោយនៅពេលនោះក្រុមជនខិចខូច បានលួចលក់ដីជាប់សាលារៀនបឋមសិក្សាគោកបញ្ជាន់ ដែលជាកម្មសិទ្ធិរបស់វត្ត ទំហំ ៧ម៉ែត្រ គុណនឹង១០០ម៉ែត្រអស់ម្ដងរួចមកហើយ។ ពលរដ្ឋសង្កាត់ចោមចៅ២ បានឲ្យដឹងថា ករណីដីស្រះព្រះទន្លេ របស់វត្តគោកបញ្ជាក់នេះ កំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការរាជធានីនៅឡើយ ដោយសារប្រជាពលរដ្ឋបានប្តឹងរក្សាការពារ និងសុំរំលាយគណៈកម្មការវត្តគោកបញ្ជាន់ចោល ព្រោះពួកគាត់សង្ស័យថា ដីវត្តអាចឈ្មួញទិញបានព្រោះមាន ការឃុបឃិតគ្នាពីមនុស្សដែលមានសិទ្ធិអំណាច សម្រេចកិច្ចការនៅក្នុងវត្តនេះ។

ពលរដ្ឋសង្កាត់ចោមចៅ២ រងចាំមើលថាលោកហង្ស ពេជ្រ ត្រូវបានតុលាការឃុំខ្លួនហើយ នៅឡើយអ្នកនៅពីក្រោយខ្នង ដែលគេស្គាល់ឈ្មោះលោក ហេង ចេស្តា ដែលជាម្ចាស់ក្រុមហ៊ុន ហេង ចេស្តា នោះតើអាជ្ញាធរចាប់បញ្ជូនទៅតុលាការដែរឬយ៉ាងណ?៕

Facebook Comments
Loading...