កាកសំណល់ប្លាស្ទីកនាំចូល៨៣កុងតឺន័រ ត្រូវនាំចេញពីកម្ពុជាវិញ ហើយពិន័យក្រុមហ៊ុនជាប្រាក់ចំនួន១,០៣៧,៥០០,០០០,០០រៀល

0
807

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នារសៀលថ្ងៃទី៣០ កក្កដា ស្ដីពីកាកសំណល់ប្លាស្ទិកចំនួន៨៣ កុងតឺន័រទំហំ៤០ ហ្វីតទម្ងន់១៥៩២តោន ត្រូវបានឃាត់ទុកដោយអាជ្ញាធរគយកម្ពុជានៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

ថ្លៃងនៅក្នុងសន្និសីទសារព័ត៌មាននោះលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា កាកសំណល់ប្លាស្លឹកចំនួន ៨៣ កុងតឺន័រ ទម្ងន់ ១,៥៩២ តោន ត្រូវបាននាំមកដល់កំពង់ផែ អន្តរជាតិក្រុងព្រះសីហនុ ដោយមានក្រុមហ៊ុនថុងញៀនប្លាស្ទីក មេដ្ឋហ្វេកញ័រ QHUNGUEN PLASTIC MANUFACTURE CO., LTD” ជាអ្នកទទួលទំនិញ។

ក្រុមហ៊ុននេះមានប្រធាន ជាជនជាតិខ្មែរ ហើយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខ MOC450671 ពណ.ចបព ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។ ទំនិញជាកាកសំណល់ប្លាស្ទីកបាននាំមកជាច្រើនជើងនាវាដឹកជញ្ជូន(២៧ លើក) មកដល់ និងសំចតនៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលើកទី១ នាខែកញ្ញា ឆ្នាំ ២០១៨ និងលើកចុងក្រោយ នាខែមករា ឆ្នាំ២០១៩ សរុបទាំងអស់ចំនួន ៨៣ កុងតឺន័រ មានទំហំ ៤០ ហ្វីតដូចគ្នា។

តាមឯកសារដឹកជញ្ជូនបានរកឃើញថា មានកុងតឺន័រចំនួន ៧០ (មានទម្ងន់១, ៣២២ តោន) បាននាំចេញមកពីសហរដ្ឋអាមេរិក និងកុងតឺន័រចំនួន ១៣ (មានទម្ងន់២៧០ តោន) បាននាំចេញមកពីប្រទេសកាណាដា ។ ឯកសារដីកផព្ខក៏បានបញ្ជាក់ផងដែរថា មុននឹងមកដល់កម្ពុជា កុងតឺន័រទាំង ៨៣ នោះបានឆ្លងកាត់កំពង់ផែប្រទេសសឹង្ហបុរី (២២ ជើង) ម៉ាឡេស៊ី (២ ជើង) និង វៀតណាម (៣ ជើង)។

តាមការត្រួតពិនិត្យដោយឧបករណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងដោយឧបករណ៍មន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ទំនិញជាកាកសំណល់ប្លាស្លឹកនោះមិនមានផ្ទុកសារធាតុគ្រោះថ្នាក់ផ្សេងឡើយ។ យោងតាមលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា (ច្បាប់ពីតយ_ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ អនុក្រឹត្យលេខ ៣៦ អន បក ស្តីពីការគ្រប់គ្រង

សំណល់រឹង និងអនុក្រឹត្យលេខ ២០៩ អនក្រ.បក ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កាកសំណល់ប្លាស្ទីក គឺជាទំនិញហាមឃាត់នាំចូលមកព្រះរា ជាណាចក្រកម្ពុជា ។ ករណីក្រុមហ៊ុន ជុងញៀន ប្លាស្ទីក បន្លំនាំចូលកាកសំណល់ផ្លាស្ទីកមកកម្ពុជា គឺជាបទល្មើសផ្ទុយនឹងលិខិតបទដ្ឋានគតិយុត្តទាងលើ ។

លោកគុណ ញឹម បញ្ជាក់ថា យោងតាមបញ្ញត្តិ ស្តីពីទោសទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាន និងស្របតាមអនុសញ្ញាបាសែលស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ចូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចាត់វិធានការ៣ចំណុច គឺទី១. ត្រូវនាំចេញទំនិញកាកសំណល់ប្លាស្ទិកទាំង ៨៣ កុងតឺន័រ ត្រឡប់ទៅប្រទេសដើមវិញ ទី២. ត្រូវរងពិន័យរដ្ឋបាលជាប្រាក់ ១,០៣៧,៥០០,០០០,០០ (មួយពាន់សាមសិបប្រាំពីរលាន ហាសិបម៉ឺន) រៀល ដែលត្រូវបង់ចូលជាប្រយោជន៍ថវិកាជាតិទី៣. ក្រុមហ៊ុន CHUNGYUEN PLASTICMANUFACTURE CO.,LTD ត្រូវអនុវត្តចំណុចទី១ និងចំណុចទី២ ទាងលើឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ជាកំហិត។

ក្នុងករណីក្រុមហ៊ុនខកខានមិនបានអនុវត្តនូវចំណុចទាំង ៣ ខាងលើ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបន្តចាត់វិធានការតាមផ្លូវតុលាការស្របតាមច្បាប់ជាធរមាន៕

Facebook Comments
Loading...