ការធានាបាននូវភាពស្អាត និងបៃតង គឺជួយបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

0
1286

ខេត្តកំពង់ស្ពឺ ៖ ការរួមគ្នាធ្វើឱ្យទីក្រុងស្អាត មិនត្រឹមតែដើម្បីសោភណភាពបរិស្ថានល្អ សុខមាលភាព ផាសុខភាពរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកស្ទួយកិត្តិយសប្រទេសជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនតាមរយៈកំណើននៃភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ស្រ្តីនិងទីក្រុងស្អាត ស្រ្តីនិងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍ នៅសាលប្រជុំបណ្ណាល័យខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ អាជ្ញាធរក្រុងច្បារមន មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ យុវជនស.ស.យ.ក និងប្រតិបត្តិករ សេវាករទេសចរណ៍ក្នុងខេត្តសរុបប្រមាណ១៥០នាក់ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពន្លេចឱ្យឃើញពីតួនាទីរបស់ស្រ្តីនៅក្នុងសកម្មភាពទីក្រុងស្អាត និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍។

សូមបញ្ជាក់ថា នៅក្នុងវិស័យមាសបៃតងមួយនេះ កម្លាំងពលកម្មស្រ្តីមានច្រើនជាងបុរសគឺប្រមាណជាង ៦០% ដែលបានបង្ហាញឱ្យឃើញថា ស្រ្តីមានសក្តានុពលធំនៅគ្រប់សសៃឈាមនៃទេសចរណ៍ ជាពិសេសនៅក្នុងសកម្មភាពទីក្រុងស្អាត ស្ត្រីហាក់មានការពាក់ព័ន្ធច្រើនជាងគេដោយសារស្ត្រីភាគច្រើនជាអ្នកបម្រើការផ្ទាល់នៅនឹងកន្លែងបន្ទប់ទឹក បង្គន់សាធារណ: ផ្ទះបាយ ឬកន្លែងចម្អិនម្ហូបអាហារ ទៅផ្សារ ជាមេផ្ទះ ជាអ្នកជូតសម្អាត និងជាអ្នកអប់រំកូនចៅនៅក្នុងគ្រួសារ។ល។ ដែលការងារទាំងនេះជះឥទ្ធិពលទៅនឹងបរិស្ថាន អនាម័យ តាមរយ:ការវេចខ្ចប់ទុកដាក់សំរាម ការប្រើប្រាស់ថង់ប្លាស្ទីក និងផលិតផលក្នុងស្រុក។ ជាទូទៅគេមិនសូវឃើញមានបុរសប្រកាន់យកការងារទាំងអស់នេះទេ តែយ៉ាងណាទីក្រុងអាចល្អស្អាតទៅបានលុះត្រាតែមានការចូលរួមពីយើងទាំងអស់គ្នា។

លោកស្រីរដ្ឋលេខាធិការរូបនេះបានបញ្ជាក់ទៀតថា ទីក្រុងស្អាតទៅបានអាស្រ័យដោយមានបរិស្ថាន អនាម័យ មានសណ្តាប់ធ្នាប់របៀបរៀបរយ ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈ​ដ្ឋានរស់នៅល្អប្រសើរដែលផ្តល់ភាពកក់ក្តៅដល់ប្រជាជន និងភ្ញៀវទេសចរ។ ដើម្បីកម្ពុជាស្អាត កម្ពុជាបៃតង ក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញនូវ “ ចលនាប្រឡងប្រណាំងទីក្រុងស្អាត ” ហើយដែលស្រ្តីក៏បានចូលរួមយ៉ាងសកម្មនៅក្នុងចលនានេះផងដែរ។

ការរួមគ្នាធ្វើឱ្យទីក្រុងស្អាត មិនត្រឹមតែដើម្បីសោភណភាពបរិស្ថានល្អ សុខមាលភាព ផាសុខភាពរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកស្ទួយកិត្តិយសប្រទេសជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនតាមរយៈកំណើននៃភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ។ ដូច្នេះគឺវាចាំបាច់ណាស់ត្រូវបង្កើនភាពទាក់ទាញ និងបៃតងដើម្បីនិរន្តរភាពទេសចរណ៍ ដោយហេតុថាគ្មានទេសចរណាម្នាក់ចង់ទៅលេងកម្សាន្តកន្លែងដែលអាប់អួរ ដែលរុំព័ទ្ធដោយបរិស្ថានមិនល្អនោះទេ យើងអាចនិយាយដោយខ្លីថា ” ការធានាឲ្យបាននូវភាពស្អាត និងបៃតង គឺជួយបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរ ” ។

ក្នុងនោះផងដែរលោកស្រីរដ្ឋលេខាធិការក៏បានស្នើឱ្យសិក្ខាកាម និងអ្នកពាក់ព័ន្ធក៏ដូចជាប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តនូវ “ទស្សនទានស្អាត និងបៃតង” ដើម្បីការរស់នៅស្អាត លំនៅស្ថានស្អាត ភូមិ ឃុំ សង្កាត់ស្អាត សហគមន៍ស្អាត ទីក្រុងស្អាត។ ព្រមជាមួយនេះ លោកស្រីក៏បានផ្តល់នូវអនុសាសន៍បន្ថែម ដើម្បីឱ្យគ្រប់គ្នាចូលរួមក្នុងសកម្មភាពទីក្រុងស្អាត និងជំរុញឱ្យមានការផ្សព្វផ្សាយបន្តគឺ៖ទី១: ត្រូវចេះទុកដាក់សំរាម ឬវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាល និងទម្លាប់ល្អប្រើប្រាស់ធុងសំរាមទី២: ចូលរួមសំអាតអនាម័យ បន្ទប់ទឹក បង្គន់សាធារណៈទី៣: ចូលរួមដាំដើមឈើទី៤: ចូលរួមប្រើប្រាស់ថាមពលទឹកភ្លើងដោយសន្សំសំចៃទី៥: ចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ដោយប្រើប្រាស់ស្លឹកចេក ស្លឹកឈូក កន្ត្រកឬស្សី ផ្តៅ លំពាក់ជាដើម ។ល។ ជំនួសឱ្យការប្រើប្រាស់ថង់ប្លាស្ទីកទី៦: ចូលរួមគោរពច្បាប់ដើម្បីសណ្តាប់ធ្នាប់ទីក្រុងស្អាត មានភាពស៊ីវិល័យ និងសេចក្តីថ្លៃថ្នូរ៕

Facebook Comments
Loading...