ក្រសួងទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាជំរុញឱ្យមានកញ្ចប់ខ្សែទស្សនកិច្ចថ្មីៗរវាងគ្នាបន្ថែមទៀត

0
1051

ភ្នំពេញ ៖ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី បានប្រកាសប្តេជ្ញាជំរុញឱ្យមានកញ្ចប់ខ្សែទស្សនកិច្ចថ្មីៗរវាងកម្ពុជា និងឥណ្តូនេស៊ីបន្ថែមទៀតកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងពិធីផ្សព្វផ្សាយទេសចរណ៍ឥណ្ឌូនេស៊ី នៅសណ្ឋាគារសូហ្វីតែលអង្គរភូកេត្រា ខេត្តសៀមរាប។

ប្រភពពត៍មានពីក្រសួងទេសចរណ៍បានឲ្យដឹងថា ព្រឹត្តិការណ៍នេះសហការរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា និងក្រសួងទេសចរណ៍ឥណ្តូណេស៊ី ក្រោមអធិបតីភាពលោក Sudirman Has​eng ឯកអគ្គរដ្ឋទូតឥណ្តូណេស៊ីប្រចាំនៅកម្ពុជា និងលោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

គោលបំណងចម្បងនៃព្រឹត្តការណ៍នេះ គឺការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យទេសចរណ៍ ការផ្តល់ឱកាសធុរកិច្ច ការពង្រឹងបណ្តាញរវាងទីភ្នាក់ងារ និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរ។

លោក គុជ បញ្ញាសា បានជម្រាបជូនអង្គពិធីទាំងមូលអំពីសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ សម្រាប់វិនិយោគិន និងកិច្ចសហប្រតិបត្តិការណ៍ល្អរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង។ ទោះបីជាកម្ពុជាទទួលបានទេសចរឥណ្ឌូនេស៊ីតែ ៥៥,៧៥៣នាក់ និងទេសចរកម្ពុជាទៅទស្សនាឥណ្ឌូនេស៊ីមានត្រឹមតែ ៨,៨១៩នាក់ កើន ៣១% នៅឆ្នាំ២០១៨ ក៏ដោយ តែក្រសួងមានសុទិដ្ឋិនិយមថា ក្រោយពីការចាប់ផ្តើមហោះហើរត្រង់រវាងទីក្រុងហ្សាកាតា និងរាជធានីភ្នំពេញ នឹងជំរុញឱ្យមានកំណើនភ្ញៀនទេសចរបន្ថែមទៀត។

កត្តារួមផ្សំផ្សេងទៀតដែលចូលរួមជំរុញកំណើនទេសចររវាងប្រទេសទាំងពីរនេះ រួមមាន៖ ការរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈប្រព័ន្ធឌីជីថល និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ Mobile Application «Kingdom of Wonder» ជាពិសេសការរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយទេសចរណ៍ឥណ្តូណេស៊ីនៅកម្ពុជានាថ្ងៃនេះ លំហូរទេសចរនៃប្រទេសទាំងពីរនឹងមានការកើនឡើងខ្ពស់។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានប្តេជ្ញាជំរុញឱ្យមានកញ្ចប់ខ្សែទស្សនកិច្ចថ្មីៗរួមគ្នា រវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ៕

Facebook Comments
Loading...