បិតាល្ខោនបាសាក់ លោក សាំង សារុន រត់ចេញពីផ្ទះ ជាប់ពន្ធ​នាគារ ទម្រាំក្លាយជាអ្នកសិល្បៈផ្នែកល្ខោនបាសាក់ដ៏ល្បីឈ្មោះម្នាក់

0
3306

ភ្នំពេញ ៖ កាលបើនិយាយពីល្ខោនបាសាក់ ចាស់ទុំតែងរម្លឹកដល់ អ្នកល្ខោនបាសាក់ ២រូបគឺ លោក សាំង សារុន និង លោកស្រី ចេក ម៉ាច។ សូមលើកយកប្រវត្តិត្រួសៗនៃការតស៊ូ ជំនះឧបសគ្គដោយរត់ចេញពីផ្ទះ ជាប់ពន្ធនាគារ ដើម្បីស្វែងការហ្វឹកហាត់ទម្រាំក្លាយជាអ្នកសិល្បៈផ្នែកល្ខោនបាសាក់ដ៏ល្បីឈ្មោះម្នាក់របស់បិតាល្ខោនបាសាក់ សាំង សារុន។

បិតាល្ខោនបាសាក់ លោក សាំង សារុន មានស្រុកកំណើតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ យោងតាមតាមសៀវភៅយីកេ និងល្ខោនបាសាក់បោះពុម្ពឆ្នាំ១៩៩៧ របស់លោកពេជ្យ ទុំក្រវិល បានឲ្យដឹងថា លោកកើតឆ្នាំ១៩២២ ជាកូនទី៥ក្នុងគ្រួសារដែលមានឪពុកឈ្មោះ ណែម សាំង ជាអភិបាលស្រុកស្ទឹងត្រង់ និង ម្តាយឈ្មោះ ជួប អ៉ឹម។

កាលពីនៅពីកុមារភាព លោក សាំង សារុន បានសាងព្រះភ្នួសដើម្បីសិក្សារៀនសូត្រលើអក្សរសាស្ត្រ កំណាព្យកាព្យឃ្លោង ក្នុងវត្តស្ទឹងត្រង់។ ដោយចេះធម៌អាថ៌បានស្ទាត់ជំនាញ និងមានសំឡេងល្អជាប់ពីកំណើតមកផង ដូច្នេះហើយរាល់ពេលនេន សារុន ទេសនា និងស្មូតម្តងៗ ធ្វើឲ្យញាតិញោមពុទ្ធបរិស័ទ ផ្អើលឈូឆរល្អមកស្ដាប់ និងនិយមនិមន្តនេនអង្គនេះឥតល្ហែ។

ក្រោយពីចាកសិក្ខាបទក្នុងឆ្នាំ១៩៣៧ លោក សាំង សារុន បានចូលរួមសម្ដែងក្នុងវង់ល្ខោនយីកេមួយមានឈ្មោះថា ខាន់ ដែលជាកម្មសិទ្ធិរបស់ភរិយាមេព្រៃម្នាក់ក្នុងស្រុកកំណើតខ្លួន។ ក្រោយមកក្រុមល្ខោននេះក៏ត្រូវបិទទ្វារ ខណៈឪពុកលោក សាំង សារុន រករឿងខ្លាំង ព្រោះមិនពេញចិត្តដែលកូនប្រុសខ្លួនមកចាប់អាជីពជាអ្នកសម្ដែងបែបនេះ។

មិនត្រឹមតែប៉ុណ្ណោះ លោកឪពុកក៏បានចាប់ លោក សាំង សារុន ឃុំនៅក្នុងផ្ទះមិនឲ្យចាកចេញទៅណាទាំងអស់។ កាលណោះ លោក សាំង សារុន នៅមិនស្ងប់ តប់ប្រមល់ កញ្ជ្រោលចង់ទៅច្រៀងរាំវិញ ហើយលោកបានព្យាយាមរកគ្រប់មធ្យោបាយដើម្បីបានរួចខ្លួនពីការចាប់ចងរបស់ឪពុក។ ទីបំផុតលោកបានសម្រេចដូចបំណង ហើយក៏បានត្រាច់ចរតាមវង់ល្ខោន និងអាយ៉ៃជាច្រើនរហូតមកដល់ក្រុងភ្នំពេញ និងចូលក្នុងវង់ល្ខោនដែលមានម្ចាស់ឈ្មោះ ជួប ក្នុង ឆ្នាំ១៩៤០។

ភាពប៉ិនប្រសប់ក្នុងការសម្ដែង ជាពិសេសសំឡេងដ៏ល្អឯករបស់លោក បានធ្វើឲ្យវង់ល្ខោននេះមានភាពល្បាញល្បីយ៉ាងឆាប់រហ័ស គួបផ្សំនឹងភាពសង្ហារបស់លោកផង បានអន្ទងខាបចិត្តអ្នកទស្សនាដែលបានមកមើលម្តងហើយ ចង់មកម្តងទៀត។ អ្នកទស្សនាសរសើរ និងស្ងប់ស្ញែងពីសមត្ថភាពលោកមិនដាច់ពីម៉ាត់ឡើយ ហើយសម័យក៏នោះមានភរិយាមន្ត្រីរដ្ឋការមួយចំនួនស្រលាញ់រាប់អានលោក ដោយឲ្យមាសប្រាក់ពេជ្រជាកាដូជូនលោកជាហូរហែ។

រឿងរ៉ាវនេះធ្វើឲ្យកើតមានការប្រច័ណ្ឌពីមន្រ្តីរាជការដែលជាស្វាមីស្ត្រីទាំងនោះ និងបានពួនធ្វើវាយធ្វើបាបរាងកាយលោក ថែមទាំងចាប់ឃុំខ្លួនទៀតផង។ ក្រោយចេញពីមន្ទីរឃុំឃាំងមិនយូរប៉ុន្មាន លោក សាំង សារុន បានក្លាយជាម្ចាស់រោងល្ខោន។ ៣ឆ្នាំក្រោយមក លោកបានទិញក្រុមល្ខោនបាសាក់បន្ថែមមួយវង់ទៀតដោយមានការសម្ដែងចល័ត និងបោះទីតាំងប្រចាំខេត្តពោធិ៍សាត់។ ពេលនោះ ពន្លកស្នេហាក៏បានចាប់ផ្តើម លោកបានជួបស្នេហាដំបូងជាមួយនារីស្រ្តីមេម៉ាយម្នាក់ ឈ្មោះថា ចែ ឆេង ដោយមិនបានរៀបការទេ។

ចំណងស្នេហ៍ដំបូងនេះមិនគង់វង្សឡើយ ផ្ទុយទៅវិញ ក្នុងឆ្នាំ ១៩៦២ លោកបានរៀបការពេញលក្ខណៈជាមួយនារីម្នាក់ឈ្មោះ យ៉ាន់ រឿន។ ទោះមានប្រពន្ធ ២នាក់ហើយ មន្តស្នេហ៍លោកមិនបញ្ឈប់ត្រឹមនេះទេ លោកបានសាងទំនាក់ទំនងស្នេហាជាមួយស្រីមេម៉ាយម្នាក់ទៀតដែលធ្លាប់មានប្តីជាជនជាតិបារាំង។

ក្រោយថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ក្រោយពីថ្ងៃរដ្ឋប្រហារព្រះបាទនរោត្តមសីហនុ (ព្រះបរមរតនកោដ្ឋ) ក្រុមល្ខោនកម្ពុជាត្រូវបានបំផ្លាញទាំងស្រុងដែរ។ ដោយសារសមាជិកក្រុម រត់ខ្ចាត់ខ្ចាយអស់ទៅ នៅពេលនោះលោក សារុន បានយកសម្លៀកបំពាក់ និង សម្ភារៈមួយចំនួននៃក្រុមល្ខោនលោកយកមកប្រគល់ឲ្យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្នុងឆ្នាំ១៩៧៣ លោកក៏បានបាត់បង់ ជីវិតក្រោយពីការវះកាត់បាន៣ថ្ងៃដោយជំងឺម៉្យាង៕

Facebook Comments
Loading...