ខេត្តព្រះវិហារ បើកសិក្ខាសាលាផ្សព្វផ្សាយស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន

0
88

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន ក្រោមអធិបតីភាពលោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក លី សារ៉ារិទ្ធិ អភិបាលរងនៃគណៈបាលខេត្តព្រះវិហារ ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សិស្ស-និស្សិត និងយុវជនយ៉ាងច្រើនកុះករ កាលពីថ្ងៃសុក្រថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

ប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖- ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការទទួលខុសត្រូវរួមគ្នារបស់ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការងារសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍- ផ្សព្វផ្សាយអំពីស្តង់ដាសហគមន៍ទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់អាស៊ាន ដើម្បីជម្រុញការរៀបចំសហគមន៍ទេសចរណ៍ឲ្យស្របតាមស្តង់ដាទាំងពីរនេះ- លើកកំពស់ការអភិវឌ្ឍនៅតាមសហគមន៍មូលដ្ឋាន រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋានតាមរយៈការបញ្ចូលសកម្មភាពទេសចរណ៍។

នាឱកាសនោះលោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ឲ្យមន្ទីរទេសចរណ៍ខេត្តព្រះវិហារ សហការជាមួយក្រុមការងារជំនាញក្រសួងទេសចរណ៍ ជាពិសេសនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ ក្នុងការរៀបចំផលិតផលទេសចរណ៍ក្នងខេត្តព្រះវិហារ ជាពិសេសគោលដៅសហគមន៍ទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង ព្រមជាមួយព្រឹត្តិការណ៍ទេសចរណ៍កីឡានានា សំដៅរួមចំណែកធ្វើឲ្យខេត្តព្រះវិហារក្លាយជាគោលដៅទេសចរណ៍សំខាន់មួយសម្រាប់ភាគខាងជើងប្រទេស។

គួរបញ្ជាក់ថា ស្ដង់ដាសហគមន៍ទេសចរណ៍អាស៊ានផ្ដោតលើ ០៨សូចនាករ ចែកជា ២៣ សូចនាករលំអិត និង១៧១ លក្ខណៈវិនិច្ឆ័យសរុប។ ដោយឡែក ស្តង់ដាសហគមន៍ទេស​ចរណ៍កម្ពុជា មានសូចនាករគោលចំនួន០៨ មានសូចនាករលំអិតចំនួន ២៣ និងមានលក្ខ​ណៈវិនិច្ឆ័យសរុបចំនួន១៦៩ ក្នុងនោះមាន ៨៦លក្ខណៈវិនិច្ឆ័យកម្រិត “មធ្យម”៥២ លក្ខណៈវិនិច្ឆ័យ “កម្រិតខ្ពស់” និង៣១ លក្ខណៈវិនិច្ឆ័យ “កម្រិតខ្ពស់បំផុត”៕

Facebook Comments
Loading...