សំណង់ធំៗខ្ពស់ៗធ្វើពីដែកនិងធ្វើពីបេតុងគឺមានគុណភាពដូចគ្នាអោយតែអនុវត្តការសាងសង់តាមស្តង់ដាលក្ខណៈបច្ចេកទេសត្រឹមត្រូវ

0
41

ភ្នំពេញ ៖ សំណង់អគារធំៗខ្ពស់ៗជាច្រើនជាន់ គឺគេអាចសាងសង់បានដូចគា្នទៅនឹងសំណង់អគារសាងសង់អំពីបេតុងដែរ ឱ្យតែវិស្វករមានជំនាញច្បាស់លាស់ អនុវត្តការសាងសង់តាមស្តង់ដាលក្ខណៈបច្ចេកទេសត្រឹមត្រូវ ពោលគឺមិនលួចមិនកេងចង់ចំណេញច្រើននោះ។

តាមការឱ្យដឹងពីអ្នកជំនាញផ្នែកសំណងស្ថាបត្យកម្ម ដែលមានបទពិសោធន៍ត្រឹមត្រូវបាននិយាយថា សំណង់អគារផ្សេងៗដែលសាងសង់ពីដែក គឺមានតំលៃថ្លៃជាងអគារសង់អំពីបេតុ លើសចង់ពាក់កណ្តាល ឧទាហរណ៍ អគារសង់ពីបេតុងអស់ប្រាក់១លានដូល្លារ ដូច្នេះអគារធ្វើពីដែកអស់ប្រាក់១លានដូល្លារកន្លះ ។ បើអឹងចឹងមែនហេតុអ្វីបានជាគេចូលចិត្តសាងសង់អគារអំពីដែក? មូលហេតុគឺ ការសាងសង់អគារអំពីដែក ប្រើពេលខ្លីជាងលឿនជាងសាងសង់អគារអំពីបេតុង ដល់ទៅជិតពាក់កណ្តាលដូចគ្នា។ ឧទាហរណ៍គេសាងសង់អគារបេតុងមួយអស់រយៈពេល១ឆ្នាំ ដូច្នេះបើគេសាងសង់ពីដែក ប្រើពេលតែកន្លះឆ្នាំតែប៉ុណ្ណោះ។ តែគេត្រូវជ្រើសរើយយកដែកល្អ ខ្សាច់ស្ទឹងឬទន្លេដែលល្អ មិនយកខ្សាច់សមុទ្រមកលាយទេព្រោះវាមានជាតិប្រៃ បង្កឱ្យមានច្រេះឆាប់ស៊ីរហ័សពុកផុយ។ ប៉ុន្តែតាមបច្ចេកទេស បើគេសង់អគារអំពីដែកគេត្រូវធ្វើតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយសង់រួចគេត្រូវមានការចុះត្រួតពិនិត្យមានឧបករណ៍វាស់ស្ទង់ដែក៣ទៅ៤ឆ្នាំម្តង ដើម្បីដឹងពីកន្លែងណាដែលដែកត្រូវច្រេះសុីគេនឹងមានការការពារ។

អ្នកជំនាញរូបនោះ បានលើកឡើងផងដែរថា ជាការកត់សម្គាល់ ប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីជនជាតិចិនបានសម្រុកទៅរកស៊ីនៅខេត្តព្រះសីហនុ ដែលជាខេត្តមួយជាប់មាត់សមុទ្រ មានសក្តានុពលផ្នែកសេដ្ឋកិច្ចនិងទេសចរណ៍ ច្រើនទៅៗនោះ គឺពួកគេបានប្រកបរបររកស៊ីជាច្រើន ដូចជាសណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ និងភោជនីយដ្ឋានផ្សេងៗ ជាដើម។

យើងដឹងហើយថាជនជាតិចិនមិនសូវចង់ទិញដីហើយយកទៅសាងសង់អគារទេ ភាគច្រើនគឺពួកគេជួលដីដើម្បីសាងសង់អគារផ្សេងៗឬជួលអគារដែលមានស្រាប់ សម្រាប់រកស៊ី ហើយការជួលដីសង់អគារនោះគេចុះកុងត្រាជាមួយម្ចាស់ដី រយៈពេល១៥ទៅ ២០ឆ្នាំ រួចប្រគល់អគារទាំងនោះទៅឱ្យម្ចាស់ដីវិញដោយមិនទាមទារអ្វីទាំងអស់។ ទាំងនេះហើយជាមូលហេតុដែលគេសុខចិត្តសាងសង់អគារពីដែកដែលមានតំលៃថ្លៃជាងអគារបេតុដោយប្រើរយៈពេលសាងសង់ខ្លីដើម្បីប្រញាប់ឆាប់ហើយឆាប់បានរកស៊ី។

អ្នកជំនាញដដែលបានបញ្ជាក់ទៀតថា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំថាអគារសង់ពីដែកគ្មានគុណចាញ់អគារសង់ពីបេតុងឱ្យសោះ វាសុីសងលើអ្នកសាងសង់នោះទេ។ ជាក់ស្តែង ដូចនៅប្រទេសគេផ្សេងៗភាគច្រើនគឺគេសង់អគារអំពីដែកដូចគ្នា គឺសូវជួបការបាក់រលំទេ ព្រោះបើគេសង់ពីដែកហើយមិនជ្រើសរើសយកដែកល្អខ្សាច់ល្អ ហើយលួចកេងចង់ចំណេញច្រើន មិនគិតពីហានីភ័យទៅថ្ងៃ នោះវានឹងជួបគ្រោះថ្នាក់បាក់រលំដូចអគារ៧ជាន់នៅខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះបណ្តាលឱ្យសង្កត់កិនមនុស្សស្លាប់និងរបួសជាច្រើននាក់មិនខាន។

ជាការព្រួយបារម្ភ អគារជាច្រើននៅខេត្តព្រះសីហនុគឺភាគច្រើនគេសាងសង់ពីដែក ដើម្បីឆាប់បានដំណើរការរកស៊ី បើអ្នកសាងសង់មានចិត្តលោភលន់កេងចង់ចំណេញច្រើន មិនគិតពីហានីភ័យទៅថ្ងៃក្រោយ ដល់ពេលបញ្ចប់កុងត្រាជាមួយម្ចាស់ដី ត្រូវប្រគល់អគារនោះទៅឱ្យម្ចាស់ដីវិញ។ ពេលនោះហើយគឺជាការព្រួយបារម្ភ ព្រោះអគារទាំងនោះសុទ្ធតែធ្វើប្រញាប់ សួថាតើគុណភាពរបស់វាអាចទប់ទល់បាន១៥ទៅ២០ឆ្នាំដែរឬទេ? តើម្ចាស់ដីអាចវាយអគារនោះចោលសង់ថ្មីឬទុកប្រើប្រាស់តទៅទៀត? នេះហើយជាបញ្ហាទៅថ្ងៃក្រោយនោះ។

សរុបសេចក្តីមក ការសាងសង់អគារពីដែក មិនមានបញ្ហាអ្វីទេគឺមានគុណភាពដូចអគារសង់ពីបេតុងដែរ នោះបើអ្នកសាងសង់មានការយល់ដឹងខ្ពស់ មានព្រហ្មវិហារធម៌ មានសតិសម្បញាក់ មិនកេងចង់ចំណេញច្រើន សង់តាមស្តង់ដាលក្ខណៈបច្ចេកទេសត្រឹមត្រូវមិនងាយខូចឡើយ៕

Facebook Comments
Loading...