រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យខណ្ឌទាំង១៤ត្រូវទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាតិ និងសំណង់ខុសលិខិតអនុញ្ញាតិសាងសង់

0
784

ភ្នំពេញ ៖ ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិត ស្នើដល់អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់សំណង់ គ្មានលិខិត្តអនុញ្ញាតិសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតិសាងសង់ឲ្យខានតែបាន និងឲ្យមានប្រសិទ្ធភាព ក្នុងន័យរឹតបន្ដឹងការគោរពលិខិតបទដ្ឋានគតិយុត្តិ ក៏ដូចជាធានាបាននូវ សុវត្ថិភាព និងគុណភាព ជូនប្រជាពលរដ្ឋ។

ក្លឹមសារនៃលិខិតនេះបានបញ្ជាក់ថា៖កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំជាប្រចាំ ដល់រដ្ឋបាលខណ្ឌ ឲ្យយកចិត្តទុកដាក់ ទប់ស្កាត់នូវរាល់សំណង់ ដែលគ្មានលិខិតអនុញ្ញាតិសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតិសាងសង់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។តែទោះជាមានការណែនាំច្រើនលើកច្រើនសាររួចហើយក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែសង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតិសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតិសាងសង់ នៅតែកើតមានឡើងជាបន្ដបន្ទាប់នៅក្នុងភូមិ     សាស្ដ្ររាជធានីភ្នំពេញ។

ដូចនេះ ដើម្បីគ្រប់គ្រងការសាងសង់គ្រប់ប្រភេទ​ឲ្យស្របតាមប្លង់គោលរាជធានីភ្នំពេញ តាមបទដ្ឋាននគរូបនីយបញ្ញត្ដិ និងលក្ខណៈបច្ចេកទេសសំណង់នោះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើលោកអភិបាលខណ្ឌត្រូវខិតខំទប់ស្កាត់រាល់សំណង់ ដែលគ្មានលិខិតអនុញ្ញាតិសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតិសាងសង់ឲ្យខានតែបាន និងឲ្យមានប្រសិទ្ធភាព ក្នុងន័យរឹតបន្ដឹងការគោរពលិខិតបទដ្ឋានគតិយុត្តិ ក៏ដូចជាធានាបាននូវ សុវត្ថិភាព និងគុណភាព ជូនប្រជាពលរដ្ឋ។ ក្នុងករណីសំណង់គ្មានលិខិតអនុញ្ញាតិ សាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតិសាងសង់ នៅតែកើតមានហើយបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះ អភិបាលខណ្ឌត្រូវទទួលនូវវិន័យរដ្ឋបាល ទៅតាមច្បាប់ស្ដីពី លក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល និងត្រូវទទួលទោស ចំពោះមុខច្បាប់ជាធរមាន។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៧ខែមិថុនានេះ លោកសុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានលើកឡើងថា ការងារសំណង់គឺជាការងារដែលមិនអាចព្រងើយ កន្ដើយបានឡើយ បើសិនជាការសាងសង់ខ្វះលក្ខណៈបច្ចេកទេសនោះ ទោះជា១ជាន់ក្ដី គឺវាអាចមានបញ្ហា ដែលនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបាន។ ដូចនេះទាំងរដ្ឋបាល ខណ្ឌ រដ្ឋបាលសង្កាត់ អង្គភាពជំនាញ និង គ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំប្រឹងប្រែងរួមគ្នា ធ្វើយ៉ាងណាគ្រប់គ្រង និងទប់ស្កាត់ សំណង់ គ្មានលិខិត្តអនុញ្ញាតិសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតិសាងសង់ ឲ្យបានប្រកបដោយប្រសិទ្ធភាព។

លោកបញ្ជាក់ថា មន្ដ្រីជំនាញដែលទទួលខុសត្រូវផ្ទាល់លើកិច្ចការនេះ មិនត្រឹមតែពិនិត្យតែផ្នែកឯកសារច្បាប់ប៉ុណ្ណោះទេ គឺត្រូវ ចុះពិនិត្យដល់ទីតាំង និងត្រូវតាមដានពីដំណើការសាងសង់សំណង់ទាំងនោះផងដែរ។ គួរបញ្ជាក់ថា សំណើរបស់រដ្ឋបាលរាជធានីភ្នំពេញនេះបានធ្វើឡើងបន្ទាប់ពីមានការបាក់ស្រុតអាគារ៧ជាន់នៅខេត្តព្រះសីហនុកាលពីវេលាទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ដែល បណ្ដាលឲ្យមនុស្សស្លាប់និងរបសួសប្រមាណជាង៥០នាក់៕

Facebook Comments
Loading...