នំបញ្ចុក ០៩មិថុនា បង្ហាញពីមិត្តភាព សាមគ្គីភាព ការស្រឡាញ់រាប់អាន និងឯកភាពជាតិ  

0
89

ភ្នំពេញ ៖ កាលពីថ្ងៃទី០៣ខែមិថុនា ក្នុងឱកាសប្រគល់សញ្ញាប័ត្រជូនដល់និស្សិត សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេសនាំគ្នាបរិភោគនំបញ្ចុកទាំងអស់គ្នា ដោយយកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីរៀបចំកម្មវិធី ហូបនាំបញ្ចុក រួមគ្នាដោយមិនប្រកាន់ក្រុម ប្រកាន់ជំនឿសាសនា ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ។ សម្តេចលើកឡើងថា ការហូប នំបញ្ចុកថ្ងៃនេះ គឺបង្ហាញពីមិត្តភាព សាមគ្គីភាព ការស្រឡាញ់រាប់អាន និងឯកភាពជាតិយើងកាន់តែរឹងមាំថែមទៀត។

ដោយឡែក ក្នុងខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី០៩ ខែមិថុនា ក៏មានរៀបចំកម្មវិធីបរិភោគនំបញ្ចុករួមគ្នាជាច្រើនកន្លែង គឺនៅក្នុងសាលាខណ្ឌព្រែកព្នៅ និង នៅតាមបណ្ដាសង្កាត់ទាំង៥ដែលជាការឆ្លើយតប តាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ សម្រាប់នៅសាលាខណ្ឌ មានការចូលរួមពីលោក សុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងភរិយា ព្រមទាំងកូន លោក ម៉ៅបូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងភរិយា រួមនឹង មន្ដ្រី រដ្ឋបាល សាលាខណ្ឌ ព្រមទាំងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។ ចំណែកនៅតាម បណ្ដាសង្កាត់វិញ ក៏មានការចូលរួម ពីសមាជិកសមាជិកាក្រុមការងារ សមាជិកាសមាជិកាគណបក្ស និង ប្រជាពលរដ្ឋផងដែរ។

លោក សុខ សម្បត្តិ បានលើកឡើងថា នំបញ្ចុក គឺជាអាហារប្រពៃណី និងជាទីពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមុខម្ហូបមួយប្រភេទ ដែលកើតឡើងដោយការរួមផ្សំអំពីភោគផល ដែលមានសម្បូរហូរហៀរនៅក្នុងប្រទេសកម្ពុជា ប្រកបដោយរសជាតិប្លែកមានជីវជាតិសំខាន់ៗច្រើនយ៉ាង តាមរយៈទឹកសម្ល និងរបោយបន្លែច្រើនមុខ ជាពិសេស នំបញ្ចុកនេះផលិតចេញពីម្សៅអង្ករ ដែលជាវត្ថុមានគុណបំណាច់ខ្ពស់ ក្នុង ការចិញ្ចឹមមនុស្សលោក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នំបញ្ចុកនៅសាលាខណ្ឌព្រែកព្នៅ ស្លទឹកសម្លរ និងរៀបចំរបោយ គឺធ្វើឡើងដោយមន្ដ្រី រដ្ឋបាលសាលាខណ្ឌ រួមគ្នាធ្វើដោយ ផ្ទាល់ដៃតែម្ដង ដែលនេះជាការបង្ហាញពីការជួបជុំ សប្បាយរីករាយ ការសាមគ្គីភាព មិត្តភាព និងការចែករំលែកនូវបទពិសោធន៍ នៃការស្លទឹកនំបញ្ចុកដល់គ្នាទៅវិញទៅមកទៀតផង។

លោកអភិបាលខណ្ឌបានចាត់ទុកថា ការចូលរួមហូបនំបញ្ចុករួមគ្នា និងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា រឹតតែមានសាមគ្គី និងឯកភាពជាតិជាធ្លុង១ ប្រៀបដូចម្ស៉ៅនំបញ្ចុកដូច្នោះដែរ ដែលផ្ទុយពីក្រុមប្រឆាំង ដែលបានយកនំបញ្ចុកមកបំបែកបំបាក់ជាតិខ្មែរ ដែលកំពុងរស់នៅក្នុងសុខ សន្ដិភាព និងការអភិវឌ្ឍនោះឡើយ៕

Facebook Comments
Loading...