ប៉ូលិសខេត្តកណ្តាល ធ្វើញ្ញត្តិគាំទ្រលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន

0
933

ភ្នំពេញ ៖ នាយនគរបាល និងនាយនគរបាលរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើញត្តិដាក់ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយបានប្រកាសបដិសេធនូវពាក្យបណ្ដឹងដែលមានភាពមិនច្បាស់លាស់មួយបានចោទនិងមួលបង្កាច់ធ្វើប៉ះពាល់កិត្តិយសរបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល។

ការបដិសេធនេះ គឺបន្ទាប់ពីនៅលើបណ្ដាញសង្គមហ្វេសប៊ុករួមទាំងបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយ អំពីរឿងមន្ត្រីប៉ូលីសនៅខេត្តកណ្ដាលប្តឹងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ដោយផ្អែកទៅលើលិខិតពាក្យបណ្ដឹងអនាមិកដែលបានប្តឹងលោកស្នងការទៅសម្ដេចក្រឡាហោម ស ខេង ។ ប៉ុន្តែមកដល់ពេលនេះគ្មានមន្ត្រីណាម្នាក់ចេញមុខមកអះអាងឬឆ្លើយបំភ្លឺប្រាប់អ្នកកាសែតអំពីការដាក់ពាក្យបណ្ដឹងនេះទេ។

នៅក្នុងលិខិតរបស់មន្ត្រីនគរបាលខេត្តកណ្ដាលជម្រាបជូនសម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា  កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ក្រោមការចង្អុលបង្ហាញដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិដោយមានការសម្របសម្រួលពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្នងការបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញខេត្តចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ជល់មាន់ នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិលស្រុកស្អាង ខេត្តកណ្ដាលដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ លុយ ធៀម ស្នងការរងនគរបាលខេត្តកណ្ដាលស្នងការរងនគរបាលខេត្តកណ្ដាល។ក្រោយពីការចុះបង្ក្រាបខាងលើនេះរួចមកស្រាប់តែបែកធ្លាយមានពាក្យបណ្ដឹងអនាមិកប្ដឹងទៅសម្ដេចក្រឡាហោមសខេងដែលមិនមានប្រភពច្បាស់លាស់នៅក្នុងប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារដូចខាងក្រោមៈ”យើងខ្ញុំទាំងអស់គ្នាជានាយនគរបាលនាយនគរបាលរងនិងមន្ត្រីនគរបាលនៃស្នងការនគរបាលលើខេត្តកណ្ដាលសុំប្ដឹងលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលអំពីការដឹកនាំដោយប្រើអំណាចផ្ដាច់ការធ្វើបាបកូនចៅនិងប្រព្រឹត្តអំពើពុករលួយ ដែលចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នឹងមាន ស្នាមមេដៃមិនច្បាស់លាស់ចំនួន ១២មេដៃ”។

នៅក្នុងញត្តិគាំទ្របានបញ្ជាក់ទៀតថា ” នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មានពាក្យបណ្ដឹងអនាមិកបានយកឈ្មោះនាយនគរបាលនាយនគរបាលរង មកវាយប្រហារលើលោកស្នងការនគរបាលខេត្តកណ្ដាលថា ប្រើអំណាចផ្ដាច់ការធ្វើបាបកូនចៅនិងប្រព្រឹត្តអំពើពុករលួយ។  នេះគឺជាចេតនាទុច្ចរិតបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង នៃបុគ្គលដែលនៅជុំវិញទង្វើខុសច្បាប់ (ញៀនល្បែងស៊ីសង) របស់ពួកគេ ក្រោយពីការបង្ក្រាបល្បែងស៊ីសងជល់មាន់អាប៉ោងកាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៩ របស់ពួកគេតែប៉ុណ្ណោះ។ ក្នុងនាមជនរងគ្រោះដែលត្រូវបានក្រុមជនអគតិ យកនាមយើងខ្ញុំទៅបង្កាច់បង្ខូចកិត្តិយសសេចក្តីថ្លៃថ្នូររបស់ស្នងការនគរបាលខេត្តកណ្ដាល យើងខ្ញុំស្នើសុំសម្ដេចក្រឡាហោមចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមជនអគតិដែលយកនាមរបស់មន្ត្រីនគរបាលខេត្តកណ្ដាលទាំងមូលទៅបំរើក្នុងគោលបំណងខ្មៅងងឹតរបស់ខ្លួន”។

គួរបញ្ជាក់ថា នៅក្នុងពាក្យបណ្ដឹងដែលប្តឹងស្នងការខេត្តកណ្តាល គឺជនអនាមិកបានធ្វើជាលិខិតប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង ដោយយកស្នាមមេដៃរបស់មនុស្សមួយចំនួន (ក្លែងក្លាយ) យកមកផ្តិតនៅក្រោមពាក្យបណ្ដឹងនោះនឹងមិនបង្ហាញអំពីអត្តសញ្ញាណអ្នកផ្តិតនោះទេ។ ពាក្យបណ្ដឹងនេះ ត្រូវបានគេដឹងថា បង្ហោះនៅក្នុង គណនីហ្វេសប៊ុកឈ្មោះតេជោស្អាងភ្នំ។ ប៉ុន្តែបន្ទាប់ពីបង្ហោះលិខិតពាក្យបណ្ដឹងនេះ បាន រយៈពេល មួុយគណនីហ្វេសប៊ុកមួយនេះ បានបិទគណនីខ្លួនឯងចោល។ ហើយពាក្យបណ្ដឹងនេះ ត្រូវបានព័ត៌មានមួយចំនួននិងបណ្ដាញសង្គមហ្វេសប៊ុកបានយកទៅបង្ហោះចែកចាយ និងបានធ្វើព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់។ពាក្យបណ្ដឹងអនាមិកប្ដឹងស្នងការនគរបាលខេត្តកណ្ដាល បានធ្វើឡើងបន្ទាប់ពីលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង , លោកវរសេនីយ៍ទោ ស៊ុប លាងសែ អធិការរងនគរបាលស្រុកស្អាង , លោកអនុសេនីយ៍ទោ ជៃ សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកអំបិល ត្រូវបានឲ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិក ដើម្បីមកត្រួតពិនិត្យការងាររដ្ឋបាល។ (យោងតាមលិខិតបង្គាប់ការស្ដីពីការប្រគល់ភារកិច្ចជាបណ្ដោះអាសន្នជូននាយនគរបាលជាតិ នៃស្នងការនគរ បាលខេត្តកណ្ដាលចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩)។នៅក្នុងលិខិតបង្គាប់ការបានបញ្ជាក់ថា អស់លោកដែលមានឈ្មោះខាងលើត្រូវបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អនូវរាល់វិន័យការងារតាមតួនាទីភារកិច្ចដែលបានកំណត់រហូតដល់មានការសម្រេចជាថ្មី។

ការចេញលិខិតបង្គាប់ការឲ្យមន្ត្រីនគរបាលខាង លើនេះ ត្រូវបានឲ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិក ដើម្បីមកត្រួតពិនិត្យការងាររដ្ឋបាល គឺបន្ទាប់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដឹកនាំកម្លាំងការ ចុះបង្ក្រាប ទីតាំង លេងល្បែង ស៊ីសង ខុសច្បាប់ មានដូចជា សង្វៀន ជល់មាន់ និង វង់អាប៉ោង នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។ នៅពេល ចុះបង្ក្រាប មនុស្ស ប្រមាណ៣០០នាក់ ដែលស្ថិតក្នុងទីតាំងលេងល្បែង បាននាំគ្នារត់ជាន់ជើងគ្នា ចោលម៉ូតូ ឡាន។ ប៉ុន្តែ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ។ទីតាំងលេងល្បែង ស៊ីសងខុសច្បាប់ខាងលើនេះ បានបើកឲ្យលេងរយៈពេល៥ថ្ងៃ មកហើយ ដោយអាជ្ញាធរមូលដ្ឋានធ្វើមិនដឹង មិនឮ រហូតមកដល់ ថ្ងៃទី១៤ ខែមេសា កន្លងមកនេះ លោកឧត្តម សេនីយ៍ទោ អ៊ា វ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បាន បញ្ជាផ្ទាល់ឲ្យកម្លាំង ព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងតម្រួតបទបញ្ជា និងអន្តរាគមន៍ សេនាធិការ និងកម្លាំងវរព្រំដែនជើងគោក៦០៥ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ចុះប្រតិបត្តិការបង្ក្រាបតែម្តង។

ការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីមួយចំនួននៅស្រុកស្អាង និងក្រុមអ្នកលេងល្បែងស៊ីសងផងដែរ។ ហេតុផលនេះ ហើយ បានធ្វើឲ្យមន្ត្រីខិលខូចមួយចំនួន មិនសប្បាយចិត្ត។ កត្តានេះហើយដែលជាហេតុធ្វើឲ្យមានបណ្ដឹងអនាមិកមួយ។ទាក់ទងករណីបណ្ដឹងនេះលោកឧត្តមសេនីយ៍ទោអ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលបានប្រាប់ឲ្យដឹងថា មាសសុទ្ធមិនខ្លាចភ្លើង និងត្រៀមខ្លួនជានិច្ចរាលើពាក្យប្តឹងរូបលោក។ “មួយជីវិតរបស់ អ៊ាវ ចំរើន ធ្វើការដើម្បីបម្រើប្រជាពលរដ្ឋ ដើរតាមបន្ទាត់គោលនយោបាយរបស់រាជរដ្ឋាភិបាល”។នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន កាលពីពេលថ្មីៗកន្លងមកនេះ បានបញ្ជាឲ្យស្នងការនគរបាលរាជធានី ខេត្តទាំង២៥ ត្រូវខិតខំពង្រឹងវិន័យ សីលធម៌ កងកម្លាំងឲ្យបានហ្មត់ចត់ រួមទាំងការលើកទឹកចិត្តបន្ថែម ដើម្បីឱ្យបងប្អូនធ្វើសកម្មភាពបម្រើប្រជាពលរដ្ឋតទៅទៀត។នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា ក្នុងករណីដែលឃើញថាឫរកឃើញថា មានកំហុសត្រូវដាក់វិន័យតាមវិន័យកងកម្លាំងនគរបាលជាតិ តែបើមានឯកសារភស្តុតាងពាក់ព័ន្ធផ្លូវច្បាប់ ត្រូវអនុវត្តទៅតាមច្បាប់របស់ជាតិ៕

Facebook Comments
Loading...