វ៉ាន់ វឿន និងអេលិត ចំរើន ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃនៅសង្វៀនស៊ីអិនស៊ី

0
55

ភ្នំពេញ ៖ កីឡាករ វ៉ាន់ វឿន អ្នក​ប្រដាល់មក​ពី​ក្លិប​​ឃ្លាំង​មឿង​កីឡា​ខេត្តពោធិសាត់ ឡើងសាកកណ្តាប់ដៃជាមួយកីឡាករថៃ ឃុំផាយ៉ាក់ ធីដេតកៅកៅ ខណៈកីឡាករអេលិត ចំរើន អ្នកប្រដាល់ឆ្មាសរសែនសុខគុនខ្មែរ ជួបកីឡាករ អ៊ុកសៃ ស.ច. វីឈិតប៉ែតទីវ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី០៧ ខែមេសា ឆ្នាំ២០១៨នេះ។

បន្ទាប់ពីទទួលបានខ្សែក្រវាត់កន្លងមកថ្មីៗនេះមក កីឡាករវ៉ាន់ វឿន ត្រូវគេ​ផ្តល់​ទំនុកចិត្ត​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះឃុំផាយ៉ាក់ ធីដេតកៅកៅ ដោយ​ប្រកួត​ក្នុង​ទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាអ្នក​ប្រដាល់​ថៃ រូបនេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែបើតាមការប្រកួតកន្លងមកកីឡាករថៃភាគច្រើនពួកគេពូកែ ជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករវ៉ាន់ វឿន គេ​មាន​កំណត់ត្រា​ប្រកួត​ជាង​៥០លើក​ប៉ុណ្ណោះ គឺ​ឈ្នះច្រើន​ជាង​ចាញ់ ហើយធ្លាប់ឈ្នះមេដាយសំរិទ្ធកីឡាស៊ីហ្គេមឆ្នាំ២០១៧ កន្លងមកផងដែរ។ វ៉ាន់ វឿន គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និងជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ វ៉ាន់ វឿន នោះគឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ថៃ​មួយ​មុខ​ប៉ុណ្ណោះ។​ ក្នុងការប្រកួតនេះគេ​មិន​ហ៊ាន​អះអាង​មុន​ថា វ៉ាន់ វឿន អាច​​យកឈ្នះលើឃុំផាយ៉ាក់ ធីដេតកៅកៅ បាន​ឬ​អត់​នោះទេ ព្រោះពួកគេទើបនិងជួបគ្នាជាលើកទីមួយនៅសង្វៀននេះ។ ចាំមើលតើ​ វ៉ាន់ វឿន ឈ្នះ​ឬមួយ​ក៏ឃុំផាយ៉ាក់ ធីដេតកៅកៅ ?។

ដោយឡែកកីឡាករអេលីត ចំរើន ត្រូវជួបប្រកួតជាមួយកីឡាករថៃអ៊ុកសៃ ស.ច. វីឈិតប៉ែតទីវ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅលើសង្វៀននេះនាពេលកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះចាញ់ ជាមួយកីឡាករលំដាប់របស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករ​ជើង​ខ្លាំង​វ័យក្មេងអេលីត ចំរើន បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ តែយ៉ាងណាក្នុងការប្រកួត​នេះត្រូវ​បាន​អ្នកវិភាគប្រដាល់អះ​អាង​អេលីត ចំរើន និងកីឡាករថៃអ៊ុកសៃ ស.ច. វីឈិតប៉ែតទីវ មានភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើល​រវាងកី​ឡាក​រ​អេលីត ចំរើន កីឡាករថៃអ៊ុកសៃ ស.ច. វីឈិតប៉ែតទីវ នរណាជាអ្នកឈ្នះ?​៕

Facebook Comments
Loading...