ពុទ្ធ ឆាយរិទ្ធី និងសំ ភក្តី ឡើងតតាំងនិងកីឡាករថៃក្នុងលក្ខណៈមិត្តភាពអន្តរជាតិ

0
1101

ភ្នំពេញ ៖ កីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ ឡើង​​តតាំងនិងកីឡាករថៃឃុំភេត ស៊ីតថាន់វ៉ាឡេក ខណៈកីឡាករស្រករក្រោយសំ ភក្តី អ្នកប្រដាល់របស់ក្លិបរហ៉ាប់ស្វាយប៉ាក ជួបកីឡាករយុគខាវ ប៉.បូរ៉ាក់ផា ក្នុងលក្ខណៈមិត្តភាពអន្តរជាតិ នាថ្ងៃសុក្រទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករពុទ្ធ ឆាយរិទ្ធី ជួបជាមួយ​កីឡាករថៃឃុំភេត ស៊ីតថាន់វ៉ាឡេក នេះក្នុងប្រ​ភេទ​ទម្ងន់៦៧គីឡូក្រាម ដែលពួកគេទាំងពីរនាក់នេះមិនដែលជួបគ្នាទេនៅលើសង្វៀននេះ តែកីឡាករថៃរូបនេះធ្លាប់មកប្រកួតនៅតាមសង្វៀនស្រុកខ្មែរកន្លងមកដែរ ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯពុទ្ធ ឆាយរិទ្ធី គេអ្នក​ប្រដា​ល់​ម្នាក់​ដែលគូប្រកួតល្មមៗ​ពិបាក​ក្នុង​ការ​បង្ក្រាបគេ​ណាស់ព្រោះតែ ឆាយរិទ្ធី គេជាអ្នក​ប្រដាល់​ដែល មាន​ស្នៀតជើងទាត់ និងកណ្តាប់ដៃ​ខ្លាំង និង​ធ្ងន់ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែម​ទៀត។ ការវាយ​មិន​ដកថយ​ ដោយ​សម្រុកចូល​វាយ​គំរាមលើគូប្រកួតនោះជាទិចនិចដែលពុទ្ធ ឆាយ​រិទ្ធី​​ គេធ្លាប់ប្រើបាន​ផល​ជាញឹកញាប់។ តែយ៉ាងណាបើទោះជាពុទ្ធ ឆាយ​រិទ្ធី គេ​មានស្នៀត​ប្រ​កួ​ត​និង​ផ្លែ​ក្នុងការវាយ​ចេញល្អ​គឺខ្លាំងទាំង​ជើងនិង​កណ្តាប់ដៃយ៉ាងណាក៍ដោយប៉ុន្តែ​គេអន់ខាង​កម្លាំង​ស៊ុ​ហ្វ​ផងដែរ។​ ចាំមើលកីឡាករកម្ពុជាពុទ្ធ ឆាយរិទ្ធី ជាអ្នកឈ្នះឫកីឡាករថៃឃុំភេត ស៊ីតថាន់វ៉ាឡេក?។

ដោយឡែកកីឡាកេសំ ភក្តី ត្រូវជួបជាមួយកីឡាករថៃយុគខាវ ប៉.បូរ៉ាក់ផា ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនាពេលកន្លងមក ហើយមិនទាន់ដឹងថាកីឡាករថៃរូបនេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែយ៉ាងណាកីឡាករថៃភាគច្រើនខ្លាំងខាងស្នៀតជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ?។ ចំណែលកីឡាករសំ ភក្តី ជាកីឡាករជើងថ្មីស្រករក្រោយដែលទើបប្រកួតបានប្រមាណជា៣០លើកប៉ុណ្ណោះ តែយ៉ាងណាគេ​មានស្នៀត​ប្រ​កួ​ត​និង​ផ្លែ​ក្នុងការវាយ​ចេញល្អ​គឺខ្លាំងទាំង​ជើងនិង​កណ្តាប់ដៃតែម្តង ការវាយចេញចូលរហ័ស និងដកថយការពារខ្លួនបានល្អផងដែរគ្រាន់តែគេមានកម្ពស់រាងទាបបន្តិចប៉ុណ្ណោះ។ ការដែលបានឡើងមកប្រកួតជាមួយកីឡាករបរទេសនេះគឺ កីឡាករសំ ភក្តី គេបានផ្តួលទាំងជើងចាស់និងជើងថ្មីជាច្រើននាក់ ហើយបានធ្វើអោយអ្នកទស្សនាកំពុងតែចាប់អារម្មណ៍ នៃទម្រង់វាយរបស់គេ។ ចាំមើលរវាងកី​ឡា​ករសំ ភក្តី និងកីឡាករថៃយុគខាវ ប៉.បូរ៉ាក់ផា នរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ?៕

Facebook Comments
Loading...