លី ភា ដឹកដៃសុខ សាវិន ឡើងទៅទៅដណ្តើមពានជាមួយកីឡាករថៃ

0
626

ភ្នំពេញ ៖ កីឡាករជើងខ្លាំងលី ភា អ្នកប្រដាល់មកពីក្លិបសំរោងកោងកីឡា ខេត្តបាត់ដំបង ដឹកដៃកីឡាករសុខ សាវិន អ្នកប្រដាល់នៃក្លិបឆ្មាសរសែនសុខគុនខ្មែរ ជួបកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម និងកីឡាករថៃនួនប៉េ ស៊ីតសាមផាយ៉ាក់ ក្នុងវគ្គជម្រុះឆ្ពោះទៅដណ្តើមពាន នាថ្ងៃអាទិត្យទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី។

ការជួបគ្នារវាងកីឡាករលី ភា និងកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាក្នុងកម្មវិធីនេះ តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅសង្វៀនក្នុងស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះចាញ់ជាមួយកីឡាករកម្ពុជា។

ចំណែកកីឡាករលី ភា គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលលី ភា ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ បានធ្វើឲ្យគេផ្តួលគូប្រកួតជាបន្ទាប់ ហើយបានល្បីល្បាញមកដាល់សព្វថ្ងៃ។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះច្រៀនជាងកីឡាករថៃ បើទោះជាគេមិនធ្លាប់ជួបគ្នានៅសង្វៀននេះក៍ដោយ។ ចាំមើលរវាងកីឡាករលី ភា និងកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម នរណាជាអ្នកឈ្នះទទួលបាន៣ពិន្ទុ?។

ដោយឡែកកីឡាករសុខ សាវិន ជួបកីឡាករថៃនួនប៉េ ស៊ីតសាមផាយ៉ាក់ នេះក្នុងប្រភេទទម្ងន់៦០គីឡូក្រាមផងដែរ ហើយអ្នកទាំងពីរក៍មិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ តែយ៉ាងណាកីឡាករថៃរូបនេះធ្លាប់មកប្រកួតនៅតាមសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហ៊។

ចំណែកសុខ សាវិន បច្ចប្បន្នកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ ស្នៀតខ្លាំងរបស់គេគឺ​ជង្គង់ និង​កែង ដែលអាចប្រើប្រយោលក៍បានចូលកៀកក៍បាន ហើយមានភាពប៉ិនប្រសព្វក្នុងការប្រើបានល្អទៀតផង។ ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាប្រ​ដា​ល់លើកឡើងថា សុខ សាវិន មាន​ភាគរយ​ខ្ពស់​បំផុត ក្នុងការ​យក​ឈ្នះ​ថៃ​រូប​នេះ ព្រោះគេកំពុងឡើងកូដខ្លាំង។ ចាំមើលរវាងសុខ សាវិន និងកីឡាករថៃនួនប៉េ ស៊ីតសាមផាយ៉ាក់  នរណាជាអ្នកឈ្នះទទួលបាន៣ពិន្ទុបន្ថែម?៕

Facebook Comments
Loading...