ពុទ្ធ ឆាយរិទ្ធី ដឹកដៃម៉ឺន មេឃា ឡើងតតាំងស្នៀតគុនជាមួយកីឡាករថៃ

0
1027

ភ្នំពេញ ៖ កីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់របស់ក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ដឹកដៃកីឡាករម៉ឺន មេឃា អ្នកប្រដាល់នៃក្លិបសមាគមន៍កីឡាប្រដាល់ក្រសួងការពាជាតិ ឡើងតតាំងស្នៀតគុនជាមួយ​កីឡាករថៃណាំខ:បួន តូងប្រាសាទហ៊ីន និងកីឡាករភេតណងប៊ី គាតបានធិតយីម នាថ្ងៃទីសៅរ៍ទី២៦ ខែមករា ឆ្នាំ២០១៩នេះ នៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករពុទ្ធ ឆាយរិទ្ធី ជួបជាមួយ​កីឡាករថៃណាំខ:បួន តូងប្រាសាទហ៊ីន នេះក្នុងប្រ​ភេទ​ទម្ងន់៦៧គីឡូក្រាម កីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាច្រើនលើកមានឈ្នះចាញ់ជាមួយកីឡាករជើងខ្លាំងរបស់កម្ពុជា ជាច្រើនរូប ស្នៀតខ្លាំងរបស់គេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

រីឯពុទ្ធ ឆាយរិទ្ធី គេអ្នក​ប្រដា​ល់​ម្នាក់​ដែលគូប្រកួតល្មមៗ​ពិបាក​ក្នុង​ការ​បង្ក្រាបគេ​ណាស់ព្រោះតែ ឆាយរិទ្ធី គេជាអ្នក​ប្រដាល់​ដែលមាន​ស្នៀតជើងទាត់ និងកណ្តាប់ដៃ​ខ្លាំង និង​ធ្ងន់ ហើយ​មានចិត្ត​ប្រដាល់​ធំ​ថែម​ទៀត។ ការវាយ​មិន​ដកថយ​ ដោយ​សម្រុកចូល​វាយ​គំរាមលើគូប្រកួតនោះជាទិចនិចដែលពុទ្ធ ឆាយ​រិទ្ធី​​ គេធ្លាប់ប្រើបាន​ផល​ជាញឹកញាប់។ តែយ៉ាងណាបើទោះជាពុទ្ធ ឆាយ​រិទ្ធី គេ​មានស្នៀត​ប្រ​កួ​ត​និង​ផ្លែ​ក្នុងការវាយ​ចេញល្អ​គឺខ្លាំងទាំង​ជើងនិង​កណ្តាប់ដៃ យ៉ាងណាក៍ដោយប៉ុន្តែ​គេអន់ខាង​កម្លាំង​ស៊ុ​ហ្វ​ផងដែរ ហើយក្នុងការប្រកួតនេះភាគរយនៃការឈ្នះមានហាសិបប៉ុណ្ណោះ។​ ចាំមើលកីឡាករកម្ពុជាពុទ្ធ ឆាយរិទ្ធី ជាអ្នកឈ្នះឫកីឡាករថៃណាំខ:បួន តូងប្រាសាទហ៊ីន ?។

ដោយឡែកកីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃភេតណងប៊ី គាតបានធិតយីម ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុន្មាននោះដែរ តែកីឡាករថៃមកប្រកួតនៅស្រុកខ្មែរកន្លងមកគឺខ្លាំងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។

ចំណែកកីឡាករម៉ឺន មេឃា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​ និង​ទទួល​បាន​ជ័យជម្នះ​រហូត​ផង​ដែរ។ កីឡាករវ័យក្មេងរូប​នេះ​មិន​ទាន់​ដឹង​ថា​ខ្លួន​ឯង​មាន​ស្នៀត​ខ្លាំង​ណា​មួយ​ ឬ​ឲ្យ​ច្បាស់​ដូច​ឪពុក​លោកអេភូថង នៅ​ឡើយ​ទេ​ប៉ុន្តែ​ធ្លាប់​ឮ​ម្ដាយ​សរសើរ​ថា​ស្នៀត​ទាត់​គឺ​ដូច​គ្នា​ទៅនិងឪពុកតែ​នៅ​ស្រាលជាង។​ អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ខាង​លើ​ ប្រាប់​ពី​ចំណុច​ខ្វះខាត​រប​ស់​ខ្លួន​ដែរ​ថា​ គួរ​ត្រូវ​ពង្រឹង​ស្នៀត​ចាប់​ឡាំ​ជង្គង់​ឲ្យ​បាន​ច្រើន​ជាង​នេះ​ ព្រោះ​នៅ​ខ្សោយមិនអាចប្រៀបជាមួយកីឡាករថៃនោះឡើយ។ ចាំមើលរវាងម៉ឺន មេឃា និងកីឡាករថៃភេតណងប៊ី គាតបានធិតយីម នរណាជាអ្នកឈ្នះ?​៕

Facebook Comments
Loading...