ប្រជាពលរដ្ឋ២គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ បានទទួលអំណោយសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ

0
781

ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ២គ្រួសារ ដែល​ត្រូវភ្លើងឆេះផ្ទះ​​​ កាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិធំត្បូង ​សង្កា​ត់ពញ្ញាពន់ ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ ហើយនៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះ ដោយសារឧបទ្ទវហេតុធម្មជាតិ (អគ្គីភ័យភ្លើងឆេះផ្ទះ)។

នាឱកាសនោះ លោកប្រធាន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក រងគ្រោះដោយអគ្គិភ័យនេះ។

លោកបន្ត​ថា បើទោះ​បីជា​អំណោយនាពេល​នេះ​ មិនអាច​ដោះស្រាយ​បាន​តាម​តម្រូវការ​ពិត​មែន​​តែ​វាក៍​អាច​ជួយ ​សំរាល​នូវ​ការ​លំបាក​របស់បងប្អូនបាន​មួយ​គ្រា​ផង​ដែរ​។​លោកសុខ សម្ប​តិ​បញ្ជាក់ថា នា​ពេលបច្ចប្បន្ន​នេះ​​រាជ​រដ្ឋាភិបាល ​បាន​ខិត​ខំ​យកចិត្ត​ទុកដាក់ខ្លាំង​បំផុត​ចំពោះ​ប្រជាពល​រដ្ឋ​ ទូ​ទៅ​មិន​ប្រកាន់​ពូជសាសន៍​ និង​និន្នាការ​នយោបាយ​ឡើយ​ ហើយ​នេះគឺ​ជា​ក្តី​កង្វល់​មួយដែល​ត្រូវដោះស្រាយ​ជាបន្ទាន់ ដោយមិនទុកឲ្យ​មានប្រជាពលរដ្ឋណាម្នាក់​ស្លាប់​ដោ​យ​អត់បាយ នៅ​ក្នុង​ភូមិឫ សង្កាត់​និង​ខណ្ឌ​ដែលអា​ជ្ញា​ធរមិនបានដឹងនោះឡើយ។

នៅខណៈនោះផងដែរ ប្រជាពលរដ្ឋទាំងពីរគ្រួសារដែលរងគ្រោះដោយអគ្គីភ័យឆេះ​​ផ្ទះនេះ​ បានថ្លែងអំណរគុណយ៉ាង​ជ្រៀល​ជ្រៅ​ដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ដែលបាននាំយកនូវ អំណោយមកផ្ដល់ជូន​ពួកគាត់នា​ពេល​នេះ ដែលបង្ហាញ​ពីការយក​ចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខរបស់ប្រជាព​ល​រដ្ឋ ដែលជួបប្រទះនូវការលំបាក ពិសេសនៅពេលដែល ប្រជាពលរដ្ឋ ជួបនូវបញ្ហាគ្រោះអាសន្ន ដូចជាពេលនេះ។

ប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យឆេះ​​​​ផ្ទះទាំង២នេះ ទី១ឈ្មោះគង់ គួន និងប្រពន្ធឈ្មោះហើង សុទុំ និងទី២ឈ្មោះទូច សុភ័ក្រ និងប្រពន្ធឈ្មោះមុត ចាន់ធឿន ដែលផ្ទះទាំងពីរគ្រួសារនេះធ្វើពីឈើប្រក់ស័ង្កសី ត្រូវអគ្គីភ័យលេបត្របាក់គ្មានសល់ កាលពីម៉ោង៣ទៀបភ្លឺ នាថ្ងៃទី០១ ខែមករា កន្លងមក។ គួរបញ្ជាក់ថា អំណោយផ្តល់ជូនរួមមាន អង្ករ៣បាវ មី៣កេស ទឹកត្រី ទឹកស៊ីអ៊ីវ តង់២ ឃីតមួយ និងថវិកាចំនួន ៦០០,០០០រៀលផងដែរ ក្នុងមួយគ្រសារៗ៕

Facebook Comments
Loading...