វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតើឈុត សេរីវ៉ាន់ថង និងតាញ់ មករា ជួបកីឡាករថៃនរណាបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ

0
513

ភ្នំពេញ ៖ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមពានក្នុងប្រភេទទម្ងន់៥៧គីឡូ​ក្រាម កីឡាករកម្ពុជាជើងថ្មីពីរនាក់គឺ ឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង និងកីឡាករតាញ់ មករា អ្នកប្រដាល់មកពីសមាគមកីឡាប្រដា​ល់ក្រសួងការពារជាតិ ឡើងជួបកីឡាករថៃភូតាក់វ៉ាន់ ប៉េឡេបុរីរ៉ាំ និងកីឡាករភិតប៊ុនមី ប៉.យុទ្ធភូមិ ដណ្តើមគ្នាឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨នេះ។

ការជួបគ្នារវាងកីឡាករឈុត សេរីវ៉ាន់ថង និងកីឡាករថៃភូតាក់វ៉ាន់ ប៉េឡេបុរីរ៉ាំ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះពិតជាល្អមើលមិនខាន ​ព្រោះអ្នកទាំងពីរធ្លាប់ជួបគ្នាម្តងមកហើយក្នុងវគ្គជម្រុះ ដោយកីឡាករកម្ពុជាឈ្នះដោយពិន្ទុ ហើយការប្រកួតគ្នាពេញ៥ទឹកកីឡាករទាំង២នាក់វាយគ្នាទៅវិញទៅមកមិនបណ្តាក់ដៃនោះទេ។

ក្នុងការប្រកួតខ្សែក្រវាត់នេះកី​ឡាករកម្ពុជាឈុត សេរីវ៉ាន់ថង គេជាកីឡាករវ័យក្មេងស្រករក្រោយមែនតែគេពិតជាធ្វើបានល្អដោយ៤ប្រកួតក្នុងវគ្គជម្រុះឈ្នះទាំង៤ប្រកួតមានពិន្ទុលើសគេក្នុងការឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ ការជួបគ្នារវាងកីឡាករទាំង២នាក់​នេះត្រូវបានអ្នកវិភាគកីឡាប្រដាល់ក្នុងស្រុកអះអាងថា កីឡាករកម្ពុជា នៅតែមានព្រៀបឈ្នះលើកីឡាករថៃដដែល បើទោះជាឈុត សេរីវ៉ាន់ថង ទើបប្រកួតកីឡាប្រដាល់ថ្នាក់ជាតិមកថ្មីៗនេះក៍ដោយ។ ចាំមើលឈុត សេរីវ៉ាន់ថង ជាអ្នកឈ្នះឬកីឡាករថៃភូតាក់វ៉ាន់ ប៉េឡេបុរីរ៉ាំ ជាអ្នកឈ្នះបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ?។

ដោយឡែកកីឡាករស្រករក្រោយតាញ់ មករា គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រ​ដា​ល់​ថៃ​ឈ្មោះភិតប៊ុនមី ប៉.យុទ្ធភូមិ ក្នុង​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ហើយក៍និងល្អមើលនិងជក់ចិត្តផងដែរ ព្រោះក្នុងវគ្គជម្រុះកីឡាករកម្ពុជាតាញ់ មករា ធ្លាប់ចាញ់កីឡាករថៃដោយពិន្ទុ។

បច្ចប្បន្ននេះកីឡាករតាញ់ មករា គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំ​ពុង​តែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ។ តាញ់ មករា ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់​ដៃ និងកម្លាំងជើងទាត់​ខ្លាំង​ តែមិនសូវសំបូរច្ចេក​ទេសនិង​ល្បិ​ច​​កល​ប្រកួត​ប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេ​​វ៉ៃ​អាង​តែលើកម្លាំងបាយ​តែប៉ុណ្ណោះ ​តែមួយរយះមក​គេ​វាយ​ចេញ​ដោយកណ្តាប់ដៃ​ដាល់​ត្រូវ​ចំ​គោ​ល​ដៅ​បានច្រើន មួយៗ​តែ​ធ្ងន់​ចំណែក​ ឯ​ការពារ​របស់​គេ​ ក៏បាន​ល្អ​និង​រឹងមាំ​ផង​ដែរ។ ចាំមើលរ​វាង​តាញ់ មករា ជាអ្នកឈ្នះបានឡើងទៅវគ្គផ្តាច់ព្រ័ត្រឫកីឡាករថៃភិតប៊ុនមី ប៉.យុទ្ធភូមិ?៕

Facebook Comments
Loading...