ប្តីប្រពន្ធ២នាក់កាន់បណ្ណ័កម្មសិទ្ធដីធ្លី០០១(ប្លង់រឹង)ចង់កាត់ឈ្មោះលក់ តែត្រូវប្រធានភូមិបាលស្រុកថ្ពង ថាមិនអាចលក់បាន

0
1609

ខេត្តកំពង់ស្ពឺ ៖ មានរឿងគួរអោយហួសចិត្តមួយបានកើតឡើងដោយសារតែប្តីប្រពន្ធ២នាក់កាន់បណ្ណ័កម្មសិទ្ធដីធ្លី ០០១(ប្លង់រឹង) យកទៅអោយប្រធានភូមិបាលស្រុកថ្ពង ដើម្បីចុះហត្ថលេខា កាត់ឈ្មោះលក់ដូរ ស្រាប់តែលោកប្រធានភូមិបាលបានឆ្លើយថា មិនអាច ចុះហត្ថលេខាបានទេ ព្រោះដីខាងលើមានគេប្តឹងផ្ទាល់មាត់ ចំណែគតែខាងស្រុកគេនិយាយថា មិនអាចដោះស្រាយបានទេ រឿងនេះហួសសមត្ថកិច្ចរបស់ស្រុកហើយ ព្រោះម្ខាងមានប្លង់រឹង និងម្ខាងទៀតមានប្លង់ទន់ បើចង់ដោះស្រាយមានតែប្តឹងទៅតុលាការទេ។

ម្ចាស់ដីទាំងពីរនាក់ខាងលើមាន ឈ្មោះ កែ ប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ មុខរ បរជាងជុសជុលម៉ូតូ ត្រូវជាប្តី ចំណែកប្រពន្ធមានឈ្មោះ ស៊ាំង ម៉ុច អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ ទាំងពីរនាក់រស់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។

បើតាមសំដីស្ត្រីជាប្រពន្ធឈ្មោះ ស៊ាំង ម៉ុច បានអោយដឹងថា ដីពួកគាត់មានទំហំ ១៧២០ម២ ទទឹង ២៩ម បណ្តោយ៩០ម បានទិញតាំងពីឆ្នាំ ២០០៨ មកម៉្លេះ។ រហូតមកដល់ឆ្នាំ២០១២ សម្តេច តេជោហ៊ុនសែន បានចាត់ក្រុមយុវជន ដើម្បីចុះធ្វើការវាស់វែងដីធ្លី និងបានចេញប្លង់រឹង កម្មសិទ្ធ ដល់ម្ចាស់ដីគ្រប់គ្នា។ កាលនោះ បន្ទាប់ពីចេញប្លង់រឹង សម្តេច តេជោ ហ៊ុន សែន ទុកពេល៣ខែ ដើម្បីដាក់ពាក្យប្តឹងជំទាស់ ទៅលើក្បាលដីណា ដែលមានភាពមិនប្រក្រតី រឺ ដីមួយកន្លែងមានម្ចាស់ច្រើននាក់ តែមិនមានអ្នកណាម្នាក់ចេញមុខមកអះអាងថាដីខាងលើជារបស់ខ្លួនឡើយ។

អ្នកស្រីបន្តថា ស្រាប់តែប្រហែលជាជាងមួយខែមុន រូបគាត់បានលក់ដីខាងលើអោយទៅម្ចាស់ថ្មី ក៏មានមនុស្សប្រុសម្នាក់ឈ្មោះ ភ័ណ្ឌ ជាប្រជាពលរដ្ឋរស់នៅភូមិ-ឃុំ-ស្រុក ខាងលើ ចេញមុខមកអះអាងថា ដីនោះមានចំណែកគាត់ ១១ម៉ែត្រ អញ្ចឹងបើចង់លក់ត្រូវដោះស្រាយ សំណងអោយគាត់ ចំនួន ៧០០០ដុល្លារ នោះគេនឹងមិនប្តឹង រករឿងអ្វីទេ។

ក្រោមពីផ្ទុះរឿងដីមួយកន្លែងមានម្ចាស់ដល់ទៅ២នាក់ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានរត់ទៅអោយលោកចៅហ្វាយស្រុក ជួយដោះស្រាយ តែខាងស្រុកគេនិយាយថា មិនអាចដោះស្រាយបានទេ រឿងនេះហួសសមត្ថកិច្ចរបស់ស្រុកហើយ ព្រោះម្ខាងមានប្លង់រឹង និងម្ខាងទៀតមានប្លង់ទន់ បើចង់ដោះស្រាយមានតែប្តឹងទៅតុលាការទេ។

បន្ទាប់ពីលឺសំដីខាងស្រុកគេនិយាយបែបនេះ ធ្វើអោយពីរនាក់ប្តីប្រពន្ធស្រងាកចិត្តយ៉ាងខ្លាំង ព្រោះថា ពួកគាត់មានប្លង់រឹងស្របច្បាប់ ចំណែកភាគីម្ខាងទៀតមានត្រឹមប័ណ្ណកាន់កាប់ (ប្លង់ទន់) ប៉ុណ្ណោះ អាចធ្វើអោយរំខានដល់ពួកគាត់មិនអាចធ្វើអ្វីបានលើដីខាងលើបាន ហើយម្យ៉ាងទៀតគ្រាន់តែពាក្យសំដីប៉ុន្មានម៉ាត់ (មិនមានឯកសារ របស់មនុស្សម្នាក់អាចធ្វើអោយលោកប្រធានភូមិបាល មិនអាចចុះហត្ថលេខាបាន ដោយលោកប្រធានភូមិ​បាលនិយាយថា មិនអាចចុះហត្ថលេខាបានទេ ព្រោះមានគេប្តឹងផ្ទាល់មាត់មកលោក)។

បន្ទាប់ពីឮរឿងនេះប្រជាពលរដ្ឋមួយចំនួននៅតែមានចមង្ងល់ថា ប្លង់ដែលចេញដោយយុវជន សម្តេច តេជោហ៊ុន សែន ដែលចុះធ្វើការវាស់វែងដីធ្លី និងបានចេញប្លង់រឹង កម្មសិទ្ធដល់ម្ចាស់ដីគ្រប់គ្នា និងមានភាពត្រឹមត្រូវបំផុត ហេតុអ្វីបានជា លោកប្រធានភូមិបាល និងអភិបាលស្រុក មិនព្រមចុះ ហត្ថលេខា ឬ ក៏លោកទាំងពីរ ខ្លាំងជាង សម្តេចតេជោ នាយករដ្ឋមន្រ្តីទៅទៀត ទោះបីប្លង់ចេញដោយ ក្រុមការងារ សម្តេចទៅហើយ នៅតែគ្មានតំលៃ អោយអ្នកទាំង២ ចុះហត្ថលេខាបាន។ ចុះហេតុអ្វី តាំងពីឆ្នាំ២០១២ មក ដោយពេលនោះ បន្ទាប់ពីចេញប្លង់រឹង សម្តេច តេជោ ហ៊ុន សែន ទុកពេល៣ខែ ដើម្បីដាក់ពាក្យប្តឹងជំទាស់ ទៅលើក្បាលដីណា ដែលមានភាពមិនប្រក្រតី រឺ ដីមួយកន្លែងមានម្ចាស់ច្រើននាក់ តែមិនមានអ្នកណាម្នាក់ចេញមុខមកអះអាងថាដីខាងលើជារបស់ខ្លួនឡើយ ទើបតែពេលនេះ ម្ចាស់ដីពិតប្រាកដ ចង់លក់ដីរបស់ខ្លួន បែរជាមានអ្នកមកទាម​ទារចំណែកទៅវិញ។

ចំពោះបញ្ហានេះក្រុមការងារ គេហទំព័រ យើងខ្ញុំ បានព្យាយាមទាក់ទង ទៅលោកចៅ​ហ្វាយស្រុកថ្ពង និងលោក ប្រធានភូមិបាល ដើម្បីបញ្ជាក់បន្ថែមលើបញ្ហាខាងលើនេះ តែមិនទាន់បាននោះឡើយនោះទេ ហើយគេហទំព័រយើងខ្ញុំ រងចាំលោកចៅ​ហ្វាយស្រុកថ្ពង និងលោក ប្រធានភូមិបាលស្រុកថ្ពង បកស្រាយចំពោះបញ្ហានេះ៕

Facebook Comments
Loading...