លោកសុខ សម្បត្តិ បានណែនាំដល់កងកម្លាំងទាំងអស់ក្នុងខណ្ឌ ពង្រឹងការងារសន្ដិសុខសណ្ដាប់ធ្នាប់បន្ថែមទៀត ក្នុងឱកាស បុណ្យជាតិធំៗនាចុងឆ្នាំនេះ

0
1539

ភ្នំពេញ ៖ លោកសុខ សម្បត្តិ ប្រធានគណៈបញ្ជាការខណ្ឌព្រែកព្នៅ បានណែនាំដល់កងកម្លាំង ទាំងអស់ក្នុងខណ្ឌ រួមទាំងអាជ្ញាធរសង្កាត់ទាំង៥  ត្រូវបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត លើបញ្ហាសន្ដិសុខសណ្ដាប់​ធ្នាប់ក្នុងមូលដ្ឋាន ពិសេសគឺនៅក្នុងឱកាសបុណ្យជាតិធំៗ ដែលប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និង អន្ដរជាតិ ដើរលេងកំសាន្ដ ក្នុងកិច្ចប្រជុំនារសៀល ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក សុខ សម្បត្តិ  បានលើកឡើងថា យើងមានបុណ្យជាតិធំៗជាបន្ដបន្ទាប់ នាចុងឆ្នាំនេះហើយនៅក្នុងខែវិច្ឆិកានេះ មានបុណ្យ ឯករាជ្យ និង បុណ្យ អុំទូកដែលនឹងចូលមកដល់នាពេលឆាប់ៗនេះ ។ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋ នឹងធ្វើដំណើរ សំរុកមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមទស្សនាការកម្មវិធីកំសាន្ដផ្សេងៗ និងទស្សនាការ ប្រណាំងទូកនៅមុខព្រះបរមរាជវាំង វាំងផងដែរ។

ដូចនេះក្នុងនាមជាអាជ្ញាធរ ត្រូវបង្កើនការយកចិត្តទុកដាក់ ថែរក្សាសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយចាត់ចែងកម្លាំង ដាក់យាមកាម ប្រចាំការតាមគោលដៅ និងកម្លាំងចេញល្បាតតាមច្រកល្ហកក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពផង និង ជួយសម្រួលចរាចរណ៍តាមដងផ្លូវផង ក្នុងករណី ដែលមានការកកស្ទះចរាចរណ៍ កើតមានឡើង។សម្រាប់គណៈបញ្ជាការឯកភាពសង្កាត់ ត្រូវរៀបចំ ផែនការដាក់វេនប្រចាំបញ្ជាពិសេស  នៅស្នាក់ការរបស់ខ្លួន និង ត្រូវបញ្ជូនឈ្មោះវេនប្រចាំការពិសេសនេះមកគណៈបញ្ជាការឯកភាពខណ្ឌ ហើយគ្រប់មន្ដ្រីទាំងអស់ មិនមានការអនុញ្ញាតិច្បាប់ទេ គឺលើកលែងតែឈឺប៉ុណ្ណោះ។

ជាមួយនេះកម្លាំងសរុបរបស់ខណ្ឌ ត្រូវបន្ដយកចិត្ដ ទុកដាក់សហការជាមួយ អង្គភាព ពាក់ព័ន្ធដើម្បីរក្សាឲ្យបាននូវសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋាន ដោយចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រៀមកំលាំង ទប់ស្កាត់រថយន្ដធុនធ្ងន់ចូលក្រុង។ ឆែកឆេអាវុធជាតិផ្ទុះ តាមវេននិង កម្លាំងដែលបានបែងចែកស្រាប់ ទៅតាមគោលដៅពិសេសនៅតំបន់ដែលស្មុគស្មាញ ដែលជនល្មើសអាចធ្វើការឆ្លងកាត់ ការចុះល្បាត តាមមូលដ្ឋាន ព្រោះថាការងារ   សន្ដិសុខសុវត្ថិភាពនេះគឺជារឿងរបស់យើងទាំងអស់គ្នា  បើយើងពឹងផ្អែកលើកងកម្លាំងតែ១មុខនោះមិនទាន់គ្រប់គ្រាន់នៅឡើយ។កិច្ចការនេះទាល់តែ យើងរួមគ្នាធ្វើទើបសម្រេចបាន ជោគជ័យ ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ មានទំនុកចិត្តមកលើអាជ្ញាធរ ។

លោកអភិបាលខណ្ឌ មានប្រសាសន៍ថាទោះជា កន្លងមកកំលាំងសមត្ថកិច្ចយើងបានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អក្ដី ប៉ុន្ដែ យើងនៅតែ បន្ដ ប្រឹងប្រែងបន្ថែមទៀត ដោ​យ​ឈរលើស្មារតី ប្រុងប្រយ័ត្ន ខ្ពស់ ទើបធានាបាននូវភាព សុខសាន្ដជូនប្រជាពលរដ្ឋ៕

Facebook Comments
Loading...