ឌុម កែវដា និងគង់ សំបូ ជួបកីឡាករថៃ រីឯម៉ឺន មេឃា ជួបកីឡាករអ៊ីរ៉ង់ នៅលើសង្វៀនស៊ីអ៊ិនស៊ី

0
710

ភ្នំពេញ ៖ កីឡាករឌុម កែវដា អ្នកប្រដាល់​រប​ស់ក្លិបម្កុដរាជ​សីហ៍ ជួបកីឡាករថៃភិតសង្ហា និទិថាត់ថាណាយហ្វាម រីឯកីឡាករគង់ សំបូ អ្នកប្រដាល់មកពីក្លិបអាណាចក្រអ្នកប្រយុទ្ធក្រុងអង្គរខត្តសៀមរាប ជួបកីឡាករវ៉ាត់ឆារ៉ាក់ដេត ស.ដានឆ័យ ខណៈកីឡាករម៉ឺន មេឃា អ្នកប្រដាល់សមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ជួបកីឡាករអ៊ីរ៉ង់Salarian youes នា​ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ នៅលើសង្វៀនស៊ីអ៊ិនស៊ី។

កីឡាករ ឌុម កែវដា ត្រូវជួបប្រកួតជាមួយកីឡាករថៃភិតសង្ហា និទិថាត់ថាណាយហ្វាម ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនដែលជួបគ្នាទេនៅសង្វៀននេះ។កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឌុម កែវដា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

ក្នុងការប្រកួត​នេះក៍ត្រូវ​បាន​អ្នកវិភាគប្រដាល់អះអាងថា ឌុម កែវដា ប្រាកដ​ជា​ឈ្នះ​ជាក់​ជាមិន​ខាន ព្រោះគេកំពុងតែ​ឡើងកូដខ្លាំង ហើយណាមួយក្នុងទឹក​ដីខ្លួនឯង​ទៀតផង។ ចាំមើល​កី​ឡាក​រ​ឌុម កែវដា អាច​យក​ឈ្នះលើកីឡាករថៃ បានដែរឫយ៉ាង​ណា?។

ចំណែកកីឡាករគង់ សំបូរ ត្រូវជួបជាមួយកីឡាករថៃឈ្មោះវ៉ាត់ឆារ៉ាក់ដេត ស.ដានឆ័យក្នុងប្រ​ភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរក៍មិនដែលជួបគ្នាដែរកន្លងមក កី​ឡាករថៃភាគច្រើនពួកគេពូកែស្នៀតជើងទាត់កាត់ និងជង្គង់។ រីឯកីឡាករគង់ សំបូរ ស្នៀត​ខ្លាំងរបស់គេ​គឺជើងទាត់ និង​កណ្តាប់ដៃដែលធ្លាប់ផ្តួលគូប្រកួតជា​ច្រើនឲ្យចុះចាញ់កន្លងមក។

ក្នុងការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាប្រដាល់លើកឡើងថា កីឡាករគង់ សំបូរ និង​ឈ្នះ​លើកីឡាករថៃវ៉ាត់ឆារ៉ាក់ដេត ស.ដានឆ័យ ព្រោះកីឡាករគង់ សំបូរ គេមាន​កាយ​សម្បទា​ល្អ រឹង​មាំ ពេលវាយ​ចេញ​លឿន រហ័ស ហើយ​កណ្ដា​ប់ដៃ និង សន្ទុះ​ជើង​ទាត់​របស់​គេក៍​ខ្លាំងថែម​ទៀត គង់ សំបូរ គេជាអ្នកប្រដាល់ដែលមានចិត្តធំ មានកលល្បិច​ក្នុង​ការ​ប្រកួត​ច្រើន ឯ​របៀប​វាយ​រប​ស់គេ​លឿន​ហើយក៏​អស្ចារ្យថែមទៀតផងដែរ។ ដោ​យ​​សារតែស្នៀតខ្លាំទាំង​នេះ​ហើយ​ទើប មាន​ការ​សុំ​សាក​ពីកីឡាករបរទេសថា​តើគង់ សំបូរ ជាកីឡាករជើងខ្លាំង​ដូច​គេល្បី​មែន​ឫក៍អត់នោះ។ ចាំមើលការប្រកួតនេះកីឡាករ គង់ សំបូរ ជាអ្នកឈ្នះឫកីឡាករវ៉ាត់ឆារ៉ាក់ដេត ស.ដានឆ័យ?។

ដោយឡែកកីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករអ៊ីរ៉ង់Salarian youes ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករអ៊ីរ៉ង់ម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុន្មាននោះដែរ។ ចំណែកកីឡាករម៉ឺន មេឃា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​ និង​ទទួល​បាន​ជ័យជម្នះ​រហូត​ផង​ដែរ។ កីឡាករវ័យក្មេងរូប​នេះ​មិន​ទាត់​ដឹង​ថា​ខ្លួន​ឯង​មាន​ស្នៀត​ខ្លាំង​ណា​មួយ​ ឬ​ឲ្យ​ច្បាស់​ដូច​ឪពុក​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ធ្លាប់​ឮ​ម្ដាយ​សរសើរ​ថា​ស្នៀត​ទាត់​គឺ​ដូច​គ្នា​ តែ​នៅ​ស្រាល។​ អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ខាង​លើ​ ប្រាប់​ពី​ចំណុច​ខ្វះខាត​រប​ស់​ខ្លួន​ដែរ​ថា​ គួរ​ត្រូវ​ពង្រឹង​ស្នៀត​ចាប់​ឡាំ​ជង្គង់​ឲ្យ​បាន​ច្រើន​ជាង​នេះ​ ព្រោះ​នៅ​ខ្សោយ។ ចាំមើលរវាងម៉ឺន មេឃា និងកីឡាករអ៊ីរ៉ង់Salarian youes នរណាជាអ្នកឈ្នះ?​៕

Facebook Comments
Loading...