សម្ភោធសាលាឆាន់(ជួសជុលថ្មី)ក្នុងវត្តសុវណ្ណរាសីរតនារាម ក្នុងសង្កាត់សំរោង

0
1699

ភ្នំពេញ ៖ ដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ឲ្យកាន់តែមានភាពរីកចម្រើនលូតលាស់បន្ថែមទៀត លោក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកស្រី គុណ ខេង បានអញ្ជើញកាត់ខ្សែបូរឆ្លងសាលាឆាន់ និងសំណេះសំនាលជាមួយចំណុះទូកឈ្មោះជ័យសំរោងតេជៈ ស្ថិតក្នុងវត្តសំរោងកណ្ដាល ភូមិសំរោងកណ្ដាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។

ក្នុងឱកាសនោះព្រះតេជគុណ អ៊ូ សុខអេង បានមានសង្សដីកាថា សម្រាប់បច្ច័យ ក៏ដូចជា សម្ភារផ្សេងៗយ៉ាងច្រើន សម្រាប់កសាងសមិទ្ធិផល ក្នុងវត្តសំរោងកណ្ដាលនេះ បានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ្ធជិតឆ្ងាយ ជាពិសេសមានការចូលរួមពីលោក ហែម ថេង ដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ឲ្យកាន់តែមានភាពរីកចម្រើនលូតលាស់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

ចំណែកលោក ហែម ថេង បានថ្លែងថា ក្រៅពីមានការចូលរួមបច្ច័យពីមន្ត្រីរាជការ សម្រា​ប់​ការកសាងសមិទ្ធិផលនានាក្នុងវត្ត តាំងពីឆ្នាំ១៩៩៨ មកលោកបានចំណាយធនធានយ៉ាងច្រើនជួយកសាងទាំងផ្លូវ និងសមិទ្ធិផល នៅក្នុងវត្តសំរោងកណ្ដាលនេះ ដោយសរុបជាទឹកប្រាក់ចំនួន១៥២,០០០ដុល្លារ ហើយរហូតមកទល់បច្ចុប្បន្នក្នុងឆ្នាំ២០១៨ថ្មីៗនេះ លោកបានជួយជួសជុលសាលាឆាន់ អស់ទឹកប្រាក់ចំនួន៦២,៦០០ដុល្លារបន្ថែមទៀត ដើម្បីវប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា ក្រៅពីប្រគេនបច្ច័យដល់វត្តលោក ហែម​ ថេង បានជួបសំណេះសំណា​​លជាមួយចំណុះទូកឈ្មោះជ័យសំរោងតេជៈ ដោយក្នុងម្នាក់ៗទទួលបានថវិការចំនួន២ម៉ឺនរៀល និងឧបត្ថម្ភបន្ថែមពីលើចំនួន១លានរៀលទៀត ត្រៀមទុកពេលហ្វឹកហាត់ ដើ​ម្បី​ឲ្យទទួលបានជ័យជំនះក្នុងពីធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខ។

លើសពីនេះលោក ហែម ថេង ជូនដល់សិស្សចំនួន៤៥០នាក់ ក្នុងម្នាក់ៗ៤ពាន់រៀល, លោកគ្រូ អ្នកគ្រូ១១នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល, និងយាយជី តាជី២៧០នាក់ ក្នុងម្នាក់ៗមានក្រម៉ា១ និងបច្ច័យ១០,០០០រៀល ប្រគេនអង្ករ១០បាវ, ទឹកសុទ្ធ៥កេស, ទឹកក្រូច៥កេស, មី២កេសធំ, ស្លាដក៣៦កញ្ចប់, និងគ្រឿងសម្ភារបូជាបន្ថែមទៀតផងដែរ៕

Facebook Comments
Loading...