ក្រសួងទេសចរណ៍បើកវគ្គបណ្ដុះបណ្ដាលមន្រ្តីក្រោមឱវាទដើម្បីបញ្ជ្រាបពីការងាររដ្ឋបាល ដល់មន្ទីរទេសចររាជធានី-ខេត្ត

0
156

ភ្នំពេញ ៖ ដើម្បីបញ្ជ្រាបពីការងាររដ្ឋបាល ការគ្រប់គ្រងប្រសិទ្ធភាពការងារ ស្ថានការណ៍ថ្មីៗ និងគោលនយោបាយអនុវត្តការងារជាច្រើនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ក្រសងទេសចរណ៍បានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងប្រសិទ្ធភាពការងារ ដល់មន្ត្រីរាជការរបស់ខ្លួនទាំងនៅទីស្ដីការក្រសួង និងមន្ទីរទេសចររាជធានី-ខេត្តសរុបជិត ១០០នាក់ ក្នុងពិធីបិតវគ្គបណ្តុះបណ្តាល នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ប្រភពពីក្រសួងទេសចរបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ថ្ងៃ (ពីថ្ងៃទី១៨-២១ ខែកញ្ញា) ផ្តោតលើមុខវិជ្ជាសិក្សាអំពីការងាររដ្ឋបាល និងកិច្ចការទូទៅ, ការរៀបចំមុខងារសាធារណៈនៃកម្ពុជា, ប្រព័ន្ធគ្រប់គ្រងគុណផលមន្ត្រីរាជការ, គោលការណ៍គ្រប់គ្រង និងកំណែទម្រង់ការអនុវត្ត, ច្បាប់ស្តីពីទេសចរណ៍ និងកិច្ចជំរុញការអនុវត្តច្បាប់។

លោកអគ្គនាយកបានរៀបរាប់ប្រាប់សិក្ខាកាមថា នៅឆ្នាំ២០១៨នេះ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់។ ឆ្នាំ២០២០ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិ ៧លាននាក់ និងចំណូលទេសចរណ៍ប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារ និងមុខរបរដោយផ្ទាល់ជិត ១លាននាក់។ ឆ្នាំ២០២៥ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិ ១០លាននាក់ ហើយឆ្នាំ២០៣០ កម្ពុជាគ្រោងនឹងទទួលទេសចរអន្តរជាតិ ១៤លាននាក់។

ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងបានរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ ២០១២-២០២០ ដោយផ្តោតលើការងារសំខាន់ៗ រួមមាន៖១៖ ការអភិវឌ្ឍផលិតផលទេសចរណ៍។ ២៖ ការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍តាមទស្សនទាន «សេវាមួយ ស្តង់ដាមួយ»។ ៣៖ ការអភិវឌ្ឍធនធានមនុស្សតាមទស្សនទាន «បុគ្គលិកម្នាក់ ជំនាញមួយ»។ ៤៖ ការពង្រឹងការឃោសនាផ្សព្វផ្សាយទេសចរណ៍ (ទាំងក្នុង និងក្រៅប្រទេស)។ ៥៖ ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរ (រួមទាំងសន្តិសុខ និងសុវត្ថិភាពទេសចរ)។

ក្នុងនោះផងដែរលោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗមួយចំនួន រួមមាន៖ត្រូវគោរពសិទ្ធិ និងកាតព្វកិច្ចមន្រ្តីរាជការ ដែលមានចែងក្នុងខ្លឹមសារនៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃកម្ពុជា។ត្រូវពង្រឹងការគ្រប់គ្រងមន្រ្តីរាជការឱ្យបានហ្មត់ចត់ គោរពវិន័យឱ្យបានម៉ឺងម៉ាត់ និងច្បាស់លាស់ ស្របតាមបទប្បញ្ញត្តិជាធរមាន។ បន្តការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងការវិវត្តរបស់សង្គម។
ត្រូវប្រើប្រាស់ចំណេះដឹង បទពិសោធន៍ និងសមត្ថភាពការងារដែលមានស្រាប់ឱ្យចំគោលដៅ និងអភិវឌ្ឍន៍សមត្ថភាពការងារថ្មីៗបន្ថែមទៀត ដោយផ្អែកគោលការណ៍ «បុគ្គលិកម្នាក់ ជំនាញមួយ»។ ត្រូវមានស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អ ជាមួយថ្នាក់ដឹកនាំសហការី និងមន្ត្រីរាជការ។

ចំពោះមន្ត្រីរាជការនៅមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសផ្នែកឯកជន ដើម្បីចូលរួមសហការអនុវត្ត និងគាំទ្រសកម្មភាពទេសចរណ៍។ ក្នុងនាមជាមន្ត្រីរាជការត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍សាធារណៈ ផលប្រយោជន៍អង្គភាព និងផលប្រយោជន៍របស់មន្រ្តីរាជការ។ ត្រូវប្រកាន់នូវគោលជំហរជាមន្ត្រីល្អ មន្ត្រីគំរូល្អ ក្នុងការបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយមនសិកា វិជ្ជាជីវៈ ភក្តីភាព ឆន្ទៈម្ចាស់ការ និងវប្បធម៌សេវាសាធារណៈ ក្នុងការកែប្រែខ្លួនឱ្យទៅជាអ្នកបម្រើសេវា និងជាដៃគូដែលគួរជឿទុកចិត្តបានសំដៅបម្រើប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងដើម្បីបម្រើអង្គភាព ប្រទេសជាតិ និងមាតុភូមិកម្ពុជា។

លើសពីនេះ លោកក៍បានណែនាំឱ្យមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពនូវចលនា «ភោជនីយដ្ឋាន និងអាហារដ្ឋានស្អាត» យុទ្ធនាការគ្មានសំរាមក្រដាសក្រោមតុនៅតាមភោជនីយដ្ឋាន-អាហារដ្ឋាន ពិសេសត្រូវអនុវត្តចលនា «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ឱ្យបានផុសផុលនៅទូទាំងប្រទេស។

សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹង បទពិសោធន៍ និងទស្សនទានថ្មីៗបន្ថែមលើអ្វីដែលមានស្រាប់ ពាក់ព័ន្ធនឹងរបត់ការងារប្រចាំថ្ងៃនៅតាមអង្គភាពរបស់ខ្លួន ពិសេសវគ្គនេះក៏ជាឱកាសជួបជុំមួយដ៏ល្អរវាងមន្រ្តីថ្នាក់ក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្នុងការពិភាក្សា ចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ និងយោបល់ល្អៗអោយគ្នាទៅវិញទៅមក៕

Facebook Comments
Loading...