0
853

ពុយ វណ្ណៈ និងវេង សុភ័ក្រ ជួបកីឡាករថៃ រីឯឡុង សំណាង ជួបកីឡាករអ៊ីរ៉ង

ភ្នំពេញ ៖ កីឡាករពុយ វណ្ណៈ អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ឡើងជួបកីឡាករថៃTamruot Lek ខណៈកីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លិបសលវ័ន្តកីឡា ជួបកីឡាករអ៊ីរ៉ងAhmadi Faryad ចំណែកកីឡាករវេង សុភ័ក្រ អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេសឆ៧ត្រយោង៩១១ ជួបកីឡាករថៃChao Boy នា​ថ្ងៃ​សៅរ៍ទី២២ ខែ​កញ្ញា ឆ្នាំ២០១៨នេះ លើសង្វៀនស៊ីអិនស៊ី។

កីឡាករពុយ វណ្ណៈ ជួបជាមួយកីឡាករថៃTamruot Lek ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេពីមុនមក តែយ៉ាងណាកីឡាករថៃគេរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងស្នៀតជើងទាត់ ជង្គង់របស់គេវាយចេញរហ័សនិងខ្លាំងទៀតផង។ រីឯ​កី​ឡាករពុយ វណ្ណៈ គេជាកីឡាករជើងថ្មីតែស្នៀតប្រយុត្តរបស់គេល្អ ពិសេសគឺស្នៀតកណ្តាប់ដៃ និងជង្គង់តែម្តង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ដោយប្រើបានលឿន ហើយ​ធ្ងន់ថែមទៀត។ ចាំមើលក្នុងការប្រកួតនេះកីឡាករពុយ វណ្នៈ ជាអ្នកឈ្នះឬកីឡាករថៃTamruot Lek ?។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង ត្រូវជួបជាមួយកីឡាករអ៊ីរ៉ងAhmadi Faryad ក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេពីមុនមក ហើយមិនទាន់ដឹងថាកីឡាករអ៊ីរ៉ងម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។ ចំណែកកីឡាករឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាង​ច្រើ​ន​​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរ​បស់គេ​ផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។

ក្រុមអ្នក​តាមដានកីឡាប្រដាល់​និយាយ​ថា កីឡាករ​ ឡុង សំណាង មួយ​រយៈ​ចុងក្រោយនេះ​កំ​ពុង​ក្តោបក្តាប់​សំ​ណាង​ឈ្នះ​ម្តង​ហើយ​ម្តង​ទៀ​ត​ ស្ទើរ​តែ​គ្រប់ការប្រកួតតែ​​ម្តង ខណៈ​ដែល​សំ​ណា​ង​ដែល​កី​ឡា​ករ​រូប​នេះ​ទទួ​ល​​បាន​នោះ​ គឺ​មិន​មែនបាន​ដោយ​ភាព​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​មកពី​សម​ត្ថភាព​ពិត​ៗ​តែម្តង។​ គូ​ប្រកួត​ទាំង​ជើង​ចា​ស់​ និង​ជើង​ថ្មី​ សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ឡុង សំណាង ពិតជាពិ​បាក​ផ្តួល​ និង​កំពុង​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ចាញ់​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជាតិនិងអន្តរជាតិ​។ ក្នុងការជួបកីឡាករអ៊ីរ៉ងលើកនេះក៍ត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ឡុង សំ​ណាង ប្រាកដ​ជា​ឈ្នះ​ទៀត​ជាក់​ជាមិន​ខាន ព្រោះគេកំពុងតែ​ឡើងកូដខ្លាំង ហើយណាមួយក្នុងទឹក​ដីខ្លួនឯង​ទៀតផង។ ចាំមើល​កី​ឡាក​រ​ឡុង សំណាង អាចយកឈ្នះលើអ៊ីរ៉ងAhmadi Faryad បានដែរឫយ៉ាង​ណា?​។

ដោយឡែកកីឡាករពូកែខាង​ប្រើ​កណ្តាប់ដៃនិងជង្គង់ វេង សុភ័ក្រ ក៍ត្រូវបាន​អ្នកវិភាគ​ប្រ​ដាល់​​អះអាងថា មានភាគរយឈ្នះច្រើនជាងចាញ់ផងដែរ ពេលជួបជាមួយកីឡាករជនជាតិថៃ​ឈ្មោះ Chao Boy ក្នុងប្រភេទទម្ងន់៦៣.៥ គីឡូក្រាម ព្រោះបច្ចប្បន្ននេះវេង សុភ័ក្រ គេក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង​ម្នាក់​ដែរ ​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួត​ណាស់​ព្រោះ​រូបគេ ប្រកួត​មិន​ចេះ​លាក់ ​កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀតផង​។

អ្នក​ប្រដាល់​រូប​នេះ មាន​បទពិ​សោ​ធ​​ន៍​​និង​​តិចនិក​​ក្នុង​ការប្រកួត​ច្រើន ដូចជាកីឡាករជើងចាស់​ផងដែរ បើទោះជាគេទើបចូលប្រឡូកវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណ ព្រោះ​គេ​មាន​កណ្តា​ប់​ដៃ​ធ្ងន់ និងរហ័ស​ ឯ​កម្លាំង​ស៊ុ​ហ្វ​ក៏​រឹងមាំផង​ដែរ។ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ភាគ​ច្រើន​នៅតែគាំទ្រ​កីឡាក​រ​វេង សុភ័ក្រ ថា​គេ​ជា​កីឡា​ករ​ដែល​មាន​សក្តានុពល​ ហើ​យ​មាន​សមត្ថ​ភាព​គួរ​ឱ្យ​សរសើរ​ ដោយ​ម្នាក់​ៗ​ហាក់​សម្តែ​ង​នូវ​ទំនុក​ចិត្ត​ចង់​ទស្សនា​យ៉ាង​ខ្លាំង​នៅគ្រប់​ពេល​កីឡា​ករ​រូប​នេះ​ឡើង​រេញ​ប្រកួតម្តងៗនោះ។ ចាំមើលកីឡាករវេង សុភ័ក្រ និង​កីឡាករជន​ជាតិ​ថៃ Chao Boy ​នណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...