ដំណាំអំពៅធ្វើឲ្យជីវភាពគ្រួសារលោក សុខ ងន់ស្រេង មានជីវភាពប្រសើរឡើង

0
1514

ត្បូងឃ្មុំ៖ ក្រៅពីមុខរបរធ្វើស្រែ គ្រួសារលោក សុខ ងន់ស្រេង បានជ្រើសរើសដាំដំណាំអំពៅសម្រាប់ជួយទ្រទ្រង់លើកកម្ពស់ជីវភាពគ្រួសារគាត់ឲ្យបានប្រសើរឡើងជាលំដាប់ ។

លោក សុខ ងន់ស្រេង មានតួនាទីជាប្រធានភូមិត្រពាំងក្រពើទៀតផង ហើយលោកបានបញ្ជាក់ថា បន្ទាប់ពីការងារធ្វើស្រែ គ្រួសារលោកបានជ្រើសរើសដាំដំណាំអំពៅរួមផ្សំដើម្បីជួយទប់ជីវភាពគ្រួសារឲ្យបានប្រសើរឡើង ។ រយៈពេល៨ឆ្នាំមកហើយដែលដំណាំនេះញាំងឲ្យជីវភាពគ្រួសារគាត់លែងខ្វះមុខខ្វះទៀតហើយ ពោលគឺ ទាំងការចាយវាយប្រចាំថ្ងៃ អាចជួយឲ្យកូនចៅរៀនសូត្រស្រួលជាងមុន និងមានលទ្ធភាពទិញមធ្យោបាយប្រើប្រាស់ដូចជាម៉ូតូ និងរថយន្តជាដើម ។ល។

លោកមេភូមិ បានបញ្ជាក់ពីរបៀបក្នុងការដាំអំពៅថា យើងដាំអំពៅប្រភេទ ខាន់ស្ករ ដែលមានដុះស្រាប់ចូលក្នុងរណ្តៅ ដែលក្នុងមួយរណ្តៅត្រូវដាក់ពីរកំណាត់ថ្នាំង ហើយយើងប្រើជីអាចម៍ក្របី អាចម៍គោលាយជាមួយគ្នា ពេលវាធំបាន៣ថ្នាំង យើងចាប់បាចជីស រួចពូនគល់ សកធាង ដកពន្លកកូនដែលទើបដុសក្រោយចេញទុកក្នុង១គុម្ពចំនួន៦ដើម ក្នុងមួយសប្តាហ៍ត្រូវស្រោចទឹកចំនួន២ដង នៅពេលវាធំមានកំពស់បានជាងមួយម៉ែត្រយើងចាប់ចងជ្រែងការពារខ្យល់បាក់ ។ របៀបចងគឺគេ ចាប់ដើមដែលនៅជិតគ្នាឆ្វេងស្តាំចងជ្រែងទប់គ្នាការពាខ្យល់ យើងដាំជារងជួរ បើយើងគិតគុម្ពក្នុង១ម៉ែត្រការ៉េមានចំនួន៣គុម្ព ក្នុង១គុម្ពមានចំនួន៦ដើម ។

លោកបានបញ្ជាក់ទៀតថា ផ្ទៃដីគាត់ដាំមានទំហំ១ហិចតាអាចដាំបាន១ម៉ឺនគុម្ពចំពោះទិន្នផលអំពៅឆ្នាំនេះ ផលចាញ់ឆ្នាំទៅបន្តិច ដោយសារអាកាសធាតុមិនសូវអំណោយផល មានភ្លៀងនិងខ្យល់ច្រើន ។

រីឯតម្លៃទីផ្សារ មានតម្លៃដូចឆ្នាំទៅដែរ ជាមធ្យមអំពៅ១បាច់មានតម្លៃចាប់ពី ៨០០០រៀល ទៅ១២០០០រៀល ទីផ្សារក្នុងខេត្តក៏មាន ក្រៅខេត្តក៏មាន។ គិតទៅសរុបថវិកាសល់ពីដំណាំនេះមិនក្រោម១ម៉ឺនដុល្លារនោះទេ ក្នុង១ឆ្នាំការដាំដំណាំអំពៅនេះ គឺគាត់មិនបានទៅរៀនសូត្រពីអ្នកណាទេ គឺបទពិសោធន៍ចេញពីការអនុវត្តន៍ទាំងអស់ កត្តាសំខាន់គឺការព្យាយាម ហើយលោកក៏បានអំពាវនាវដល់កសិករទាំងអស់បើមានចំណាប់អារម្ភចង់ដាំដំណាំអំពៅនេះ មករៀនបច្ចេកទេសពីគាត់ គាត់ជួយបង្ហាត់ដោយឥតគិតថ្លៃ ៕

Facebook Comments
Loading...