សម្ដេចហ៊ុន សែន និងតំណាងរាស្ត្រទាំងអស់ ស្បថថា មិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស និងប្តេជ្ញាលុបបំបាត់អំពើពុករលួយ

0
9683

ភ្នំពេញ៖ បន្ទាប់ពីបានអនុម័តបង្កើតក្បាលដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលហើយ ទាំងនាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាលទាំងអស់ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា នឹងអញ្ជើញចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ។

ខាងក្រោមគឺជាពាក្យពេចន៍សច្ចាប្រណិធានទាំងស្រុង ដែលអ្នកតំណាងរាស្ត្រទាំងអស់នឹងត្រូវសូត្រតាមសម្តេចព្រះសង្ឃរាជ៖

ទូលព្រះបង្គំ យើងខ្ញុំ ប្រធាន អនុប្រធាន និងសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមធ្វើសច្ចាប្រណិធាន នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រដូចតទៅ។

ក្នុងពេលប្រតិបត្តិការតាមមុខតំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្ត្រកម្ពុជា បានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញ បម្រើជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជា។ ទូលព្រះបង្គមយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិ សម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្ខពួក ឬសម្រាប់ភាគីរៀងៗខ្លួនឡើយ។

ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាប្តូរផ្តាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវឯករាជ្យភាពទាំងស្រុងនៃមាតុភូមិកម្ពុជា អធិបតេយ្យភាពជាតិពេញបរិបូរណ៍ បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩ ឯកភាពជាតិ ហើយមិនអនុញ្ញាតឲ្យមានការបែងចែក ឬការធ្វើអបគមន៍ណាមួយឡើយ។

ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវអព្យាក្រឹតភាព និងភាពមិនចូលបក្សសម្ព័ន្ធសម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឲ្យជនណាក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា ឬមកបង្គាប់បញ្ជា ចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជាបានឡើយ។

ទូលបង្គំយើងខ្ញុំ មិនបម្រើជាដាច់ខាតនូវផលប្រយោជន៍បរទេស ហើយធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្ត្រ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ។ ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្តរជាតិ ទូលព្រះបង្គំយើងខ្ញុំ នឹងបំបាត់ចោលទាំងស្រុងនូវអំពើហឹង្សាគ្រប់បែបយ៉ាង។ ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារជាតិមាតុភូមិខ្លួន។

ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាគោរពជានិច្ច ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្ស។

ទូលព្រះបង្គំយើងខ្ញុំ សូមប្តេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាង ប្រឆាំងអយុត្តិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯកភាពជាតិ ដើម្បីសន្តិភាពសង្គម និងសន្តិភាពជាតិ ដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្ត្រកម្ពុជា និងដើម្បីរក្សាភាពរុងរឿងថ្កើងថ្កាននៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលបង្គំយើងខ្ញុំគ្រប់រូប៕


Facebook Comments
Loading...