ការចូលរួមដាំដើមឈើក្នុងតំបន់អង្គរ ជាភារកិច្ចដែលអ្នកអាស្រ័យផលត្រូវចូលរួមទាំងអស់គ្នា!

0
1939

សៀមរាប៖ មនុស្សប្រមាណជាង៤០០នាក់ មកពីវិស័យឯកជនតាមរយៈសមាគមធនធានមនុស្សនិងសមាគមទេសចរណ៍ខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរានៃគម្រោងអប់រំបេតិកភណ្ឌបានជួបជុំគ្នាដាំដើមឈើជាង២០០០ដើមនៅខាងត្បូងបរិវេណប្រាសាទបន្ទាយក្តី កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។

ដើមឈើទាំងនោះមាន៣ប្រភេទគឺ ដើមគគីរ ដើមឈើទាល ដើមកកោះ ជាប្រភេទឈើធំ ស្រូបទឹកបានច្រើន មាំទាំអាចទប់ខ្យល់បានល្អ។ បើគិតមកដល់ពេលនេះ អាជ្ញាធរជាតិអប្សរាដាំកូនឈើបានជាង១ម៉ឺនដើមហើយក្នុងតំបន់អង្គរ ដោយមានការថែទាំយ៉ាងល្អ។

លោក អ៊ឹម សុខរឹទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ បានលើកឡើងថា នេះជាលើកទី២ហើយដែលវិស័យឯកជនបានចូលរួមដាំដើមឈើ ហើយគម្រោងនេះនៅតែមានបន្តទៀត ដើម្បីថែរក្សាទេសភាពតំបន់អង្គរដែលត្រូវការកម្លាំងដាំឡើងវិញ។

លោកបន្តទៀតថា នៅឆ្នាំ២០១៨នេះដែរ ក៏ជាឱកាសបង្កើតស្ពានមេត្រីរវាងវិស័យឯកជន អាជ្ញាធរដែនដី និងអាជ្ញាធរជាតិអប្សរា ដែលជាអ្នកប្រាស្រ័យ អ្នកទទួលកេរមរតក អ្នកទទួលផល និងធ្វើការដើម្បីបេតិកភណ្ឌ រួមគ្នាបម្រើអង្គរ។ ដូច្នេះការចូលរួមដាំដើមឈើ ជាការចូលរួមរួមកិច្ចការសង្គមនិងការអភិរក្សដែលជាកាតព្វកិច្ចមនុស្សទូទៅត្រូវចូលរួមឱ្យបានទាំងអស់គ្នាសម្រាប់លម្អក្រុងអង្គរ បង្កើនភាពបៃតងដល់បរិស្ថាន និងធ្វើជាគំរូសម្រាប់មនុស្សជំនាន់ក្រោយ។

លោកស្រី បួង សុភាព មកពី Artisans Angkor តំណាងឱ្យសមាគមនធនធានមនុស្សខេត្តសៀមរាបបានលើកឡើងថា មានវិស័យឯកជនជាង៨០ស្ថាប័នដែលបានចូលរួម សកម្មភាពដាំកូនឈើ ដើម្បីជាចំណែកថែរក្សានិងការអភិរក្ស ក៏ដូចជាបង្ហាញដល់សាធារណៈជន យុវជន ក្មេងៗជំនាន់ក្រោយឱ្យចេះស្រឡាញ់បរិស្ថាននិងចូលរួមថែរក្សាកេរមរតកដូនតាខ្មែរ ព្រោះនៅក្នុងខេត្តសៀមរាប ក្រៅពីប្រាសាទ សក្កានុពលធម្មជាតិបានទាញទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។

លោកស្រីក៏សូមឱ្យអ្នកចូលរួមបន្តគាំទ្រនិងចូលរួមឱ្យបានផុសផុល ទោះបីមិនបានចំណាយថវិកាចូលរួម ក៏ចូលរួមជាសកម្មភាព ជាកម្លាំង និងផ្សព្វផ្សាយ។ លោកស្រីក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានបើកទូលាយដល់សាធារណៈជនបានចូលរួមដើម្បីប្រយោជន៍សង្គមនិងបេតិកភណ្ឌ៕

Facebook Comments
Loading...