ប្រមុខប្រដាល់គុនខ្មែរព្រមានពេទ្យតាមសង្វៀន មិនកេងប្រវ័ញ្ចពីអ្នកប្រដាល់ឡើយ

0
1099

ភ្នំពេញ: ប្រមុខប្រដាល់គុនខ្មែរ គឺលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនបានព្រមានធ្ងន់ៗចំពោះគ្រូពេទ្យរបស់លោកដែលប្រចាំការនៅតាមសង្វៀនប្រកួតនានាឲ្យបង្កើនការទទួលខុសត្រូវ ។

លោកបានបន្ទោសថាពេលនេះគ្រូពេទ្យមួយចំនួនកាន់តែខ្វះការទទួលខុសត្រូវហើយខ្លះការប្រកួតបាន ចាប់ផ្ដើមហើយពេទ្យនៅមិនទាន់មកដល់ទៀតចុះប្រសិនបើមានគ្រោះថ្នាក់អ្វីកើតឡើងក្នុងអម្លុងពេលប្រកួតដែលអវត្តមានគ្រូពេទ្យតើនរណាមានសមត្ថភាពដោះស្រាយបាន ?

លោកបានទាមទារឲ្យចាប់ពីពេលនេះតទៅពេទ្យត្រូវតែមកដល់កន្លែងប្រកួតមុនពេលប្រកួតចាប់ផ្ដើម ។ លុះប្រកួតចប់ពេទ្យត្រូវតែពិនិត្យមើលឡើងវិញពិសេសគូប្រកួតចុងក្រោយតើមានគ្រោះថ្នាក់ឬត្រូវដេរឬទេហេតុនេះពេទ្យត្រូវតែចេញក្រោយគេហើយនឹងត្រូវមកមុនគេ ។

រាល់ការប្រកួតនីមួយៗត្រូវតែមានរបាយការរបស់ពេទ្យព្រោះពេលនេះអ្នកប្រដាល់ គ្រូប្រដាល់មួយចំនួនចាប់ផ្ដើមខិលហើយ ។ខ្លះដួលពីណាពីណីមក ឬ គ្រោះថ្នាក់ពីណាមកបែរជាមកកុហកសហព័ន្ធថាគ្រោះថ្នាក់ ឬ មានរបួសពេលប្រកួត ។ នេះគឺដោយសារតែការបំពេញការងារដោយធ្វេសប្រហែសរបស់គ្រូពេទ្យ ។ ដោយសារតែរឿងរ៉ាវប្លែកៗចេះតែកើតមានយ៉ាងនេះហេតុនេះគ្រប់ទាំងអស់ត្រូវតែមានរបាយការរបស់គ្រូពេទ្យថាកតើការប្រកួតថ្ងៃនេះសង្វៀននេះមានគ្រោះថ្នាក់ប៉ុន្មាននាក់ ដេរប៉ុន្មាននាក់ ។

លោកបន្តថាការត្រួតពិនិត្យសុខភាពមុនពេលប្រកួតត្រូវតែច្បាស់លាស់ ។ ប្រសិនបើអ្នកប្រដាល់រូបណាពេទ្យពិនិត្យទៅឃើញថា សុខភាពមិនប្រក្រតីមិនអាចប្រកួតបានហើយគ្រូពេទ្យមិនអនុញ្ញាតនោះម្ចាស់ក្លិប ឬ គ្រូបង្វឹកទាំងឡាយកុំមកអន្តរាគមន៍ឲ្យសោះ ។

លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនដែលជាអនុប្រធាសហព័ន្ធប្រដាល់គុនខ្មែរក៏បានបន្ទោសដែរថាដោយសារតែការធូររលុងរបស់ពេទ្យកន្លងមកនេះមានអ្នកខ្លះបាក់ដៃតាំងពី២ឆ្នាំមុនក៏យកហ្វ៊ីលថតចាស់របស់គេមកបោកសហព័ន្ធយកលុយ ខ្លះផឹកស្រវឹងដួលម៉ូតូក៏សុំលុយចំជាផ្ដេសផ្ដាសខ្លាំងណាស់ ។

ចាប់ពីពេលនេះគ្រូពេទ្យត្រូវតែពង្រឹងឡើងវិញ ហើយការដេរត្រូវតែមានភាពស្មោះត្រង់កុំបន្លំចំនួនថ្នេរហើយត្រូវតែដេរដោយការទទួលខុសត្រូវដាច់ខាត ។

Facebook Comments
Loading...