គណៈកម្មការចម្រុះ សម្រេចបិទអាជីវកម្មទាំងស្រុងក្រុមហ៊ុនចិន រឹបអូសកុំព្យួទ័រជិត៣០០គ្រឿង ក្រោយពីប្រមូលពលរដ្ឋ ឲ្យដាក់ប្រាក់ដើម្បីធ្វើការជួញដូរ និងវិនិយោគខុសច្បាប់

0
1349

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនចិនអត់ច្បាប់ដ៏ធំមួយឈ្មោះ ឌីជីថល អ៊ិនធឺណេសិនណល អ៊ែសេត ត្រេឌីង សេនអឺ (BTKTrade Digital International Assets Trading Center) មានអាសយដ្ឋានអគារលេខ៤៨ ផ្លូវលេខ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានគណៈកម្មការចម្រុះ សម្រេចបិទអាជីវកម្មទាំងស្រុង ដើម្បីបញ្ជៀសហានិភ័យប្រជាពលរដ្ឋ ចាញ់បោកអស់លុយកាក់ដោយមិនដឹងខ្លួន។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅចុងសប្តាហ៍កន្លងទៅ ដោយមានសមាសភាពចូលរួមពីក្រុមការងារធនាគារជាតិ នៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងកម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការធ្វើការត្រួតពិនិត្យកិច្ចការការងាររដ្ឋបាល ដោយយោងតាមសេចក្ដីថ្លែងការណ៍រួម ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ រវាងធនាគារជាតិ នៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការជួញដូរ លក់ដូរ និងគៀងគរប្រជាពលរដ្ឋដាក់ប្រាក់វិនិយោគដោយគ្មានច្បាប់អនុញ្ញាត។

ក្រុមការងារបានចុះពិនិត្យនៅទីតាំងល្មើសផ្ទាល់ ជួបតំណាងក្រុមហ៊ុន ឈ្មោះ Ding Nan (Anna) ភេទស្រី ជនជាតិចិន ជាប្រធានរដ្ឋបាល និងឈ្មោះ Liu Xu ភេទប្រុស ជនជាតិចិន ជាបុគ្គលិករដ្ឋបាល និងឈ្មោះ ហ៊ី សុងឆាយ ជនជាតិខ្មែរ ជាអ្នកបកប្រែខ្មែរចិន និងបានពិនិត្យឃើញ កុំព្យូទ័រចំនួន២៩៨គ្រឿង ដែលជាឧបករណ៍ដើម្បីប្រព្រឹត្តអាជីវកម្ម។

តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ មៀច ដេវីត បានបញ្ជាក់ថាការ ប្រមែប្រមូលប្រមូលប្រាក់ពីប្រជាពលរដ្ឋដើម្បីវិនិយោគតាមប្រព័ន្ធ blockchain នឹង កាសអេលិចត្រូនិក វាមានហានិភ័យខ្ពស់ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋ ទៅលើបច្ចេកវិជ្ជាថ្មីនេះ នៅមានកម្រិតហើយប្រជាពលរដ្ឋងាយទទួលការអូសទាញ ចាញ់បោកដោយសារក្រុមហ៊ុនប្រមូលលុយកាក់ មិនមានច្បាប់ទាល់តែសោះ ហើយក៏មិនមានប្រាក់តម្កល់ ជាទំនុកចិត្តសម្រាប់នាក់វិនិយោគទេ។ បើថៅកែវិចលុយរបស់អ្នកវិនិយោគរត់បាត់ តើនាក់ណាទទួលខុសត្រូវ? ក្រោយបញ្ចប់ការត្រួតពិនិត្យ ក្រុមការងារ បាននែនាំទៅក្រុមហ៊ុនចំនួន៤ចំណុច៖

ទី១៖ ផ្អាកអាជីវកម្មទាំងស្រុង រហូតដល់មានការអនុញ្ញាតអាជ្ញាប័ណ្ណស្របតាមច្បាប់
ទី២៖ ត្រូវបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ជួញដូរ គៀរគរអតិថិជន និងប្រមូលប្រាក់គ្រប់រូបភាព
ទី៣៖ត្រូវរុះរើផ្លាកអាជីវកម្មចេញ ជៀសវាងការយល់ច្រឡំ
ទី៤៖ ទៅសុំច្បាប់ អាជីវកម្ម និងអាជ្ញាប័ណ្ណឲ្យត្រឹមត្រូវ។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ ក្រុមការងារបានចុះទៅទីតាំងដដែល ដើម្បីត្រូតពិនិត្យលើការអនុវត្តតាមសេចក្តីណែនាំ និងឃើញថា ក្រុមហ៊ុនពិតជាទម្លាក់ស្លាកហើយបានធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្ម ទាន់មានច្បាប់មួយនេះទាំងស្រុង។

ក្រុមការងារសូមបញ្ជាក់ជូនសាធារណជនដើម្បីជ្រាប់ថា៖ បច្ចុប្បន្នការគៀងគរអតិថិជន ការផ្សព្វផ្សាយការជួញដូរ ក្នុងរូបភាពណាក៏ដោយ ដើម្បីប្រមូលប្រាក់ដើម្បីវិនិយោគ លើវិស័យកាសអេឡិចត្រូនិក (Cryptocurrency ឬ Digital Assets) គឺជាទង្វើមិនស្របនឹងច្បាប់ នៃព្រះរាជជាណាចក្យកម្ពុជាឡើយ៕

Facebook Comments
Loading...